មេធាវីការពារក្តី ឲ្យលោកគង់ សភា មិនទាន់ទទួល បានលិខិតបំភ្លឺ ពីស្នងការ រាជធានីភ្នំពេញ

ភ្នំពេញ៖ ស្នងការនគបាលរាជធានីភ្នំពេញ ចេញលិខិតកោះហៅ លោក គង់ សភា ឲ្យចូលផ្តល់ព័ត៏មានពីការ បាត់បង់ទ្រព្យសម្បត្តិ ដោយអំពើហិង្សា នៅខាងមុខរដ្ឋសភា។

លិខិតដដែលបញ្ជាក់ថា ការចូលទៅបំភ្លឺនេះ ធ្វើឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី១៦មិនា ខាងមុខនេះ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យោងតាមលិខិត ចេញពីស្នងការនគរ បាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ប៉ុន្តែមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី១២ មីនានេះ ឲ្យដឹងថា លិខិតបានកោះអញ្ជើញ លោក គង់ សភា តំណាងរាស្រ្តមកពី គណបក្សសង្រ្គោះជាតិ ចូលបំភ្លឺក្នុងនាមដើមបណ្តឹង អំពីការបាត់បង់ទ្រព្យសម្បត្តិ ដោយអំពើហិង្សាមួយ នៅខាងមុខរដ្ឋសភា កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥កន្លងទៅ។

លោកជូង ជូងី ជាមេធាវីការពារក្តីឲ្យ លោក គង់ សភា ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា លោកមិនទាន់ទទួលបាន លិខិតអញ្ជើញនោះនៅឡើយទេ។ លោកបានបដិសេធ មិនធ្វើអត្ថាធិប្បាយអ្វីក្រៅពីនេះ។

លោក គង់ សភា និង លោក ញយ ចំរើន តំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ ត្រូវជនមួយក្រុម វាយឲ្យរងរបួសជាទម្ងន់ នៅពេលដែលពួកគាត់ ចេញពីកិច្ចប្រជុំនៅ វិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ ប៉ុន្តែត្រូវបានគេចោទប្រកាន់ថា ក្រុមនេះ ជាក្រុមតែមួយដែលទាមទារ ទម្លាក់ឯកឧត្តមកឹម សុខាចេញពី មុខតំណែងអនុប្រធានទី១ នៃរដ្ឋសភា៕

មេធាវីការពារក្តី ឲ្យលោកគង់ សភា មិនទាន់ទទួល បានលិខិតបំភ្លឺ ពីស្នងការ រាជធានីភ្នំពេញ