រាជរដ្ឋាភិបាល សម្រេច​កែសម្រួល អត្រាពន្ធ​នាំចូល​សៀវភៅ​ ពី​ ៧ ភាគរយ មកសូន្យ​ភាគរយ​

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចកែសម្រួល អត្រាពន្ធនាំចូលសៀវភៅ ពី៧ភាគរយ មកសូន្យភាគរយវិញ បន្ទាប់ពីមានសំណូមពរ របស់យុវជនម្នាក់ នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី កាលពីពេលថ្មីៗនេះ ទាក់ទងនឹងការយកពន្ធលើសៀវភៅ។

យុវជនរូបនោះបានសំណូមពរ នៅលើទំព័រហ្វេសប៊ុក សម្ដេចតេជោថា"សូមជម្រាបសួរលោកកអ៊ុ! ក្នុងនាមជានិស្សិត ក្មួយសូមគោរពស្នើសុំឲ្យមាន ការលើកលែងពន្ធលើសៀវភៅ អានគ្រប់ប្រភេទ ពីព្រោះការកំណត់ពន្ធនេះ គឺជាបន្ទុករបស់សិស្សានុសិស្ស និងនិស្សិតតែប៉ុណ្ណោះ។ ការលើកលែងនេះ ពិតជាស្របតាមយុទ្ធសាស្រ្ដ របស់រាជរដ្ឋាភិបាល ដែលកំពុងតែជំរុញលើកទឹកចិត្ដដល់ការអានសៀវភៅស្រាប់។ សូមអរគុណលោកអ៊ុ ដែលតែងតែគិតគូរ ដល់សិស្សានុសិស្ស និងនិស្សិតយើងគ្រប់ពេល"។

ទាក់ទងនឹងសំណូមពរនេះទំព័រហ្វេសប៊ុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហោះនូវការបំភ្លឺរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករដូចតទៅ!"សៀវភៅអាន ឬសៀវភៅសិក្សា ដែលមានតំលៃខ្ពស់សព្វថ្ងៃពុំមែនមកពីអត្រាពន្ធនាំចូល តែមួយផ្នែកនោះទេ។ តំលៃសៀវភៅសិក្សាថ្លៃ ឬថោកអាស្រ័យតាមប្រភេទកម្រិត និងភាពល្បីល្បាញរបស់ អ្នកនិពន្ធនៃសៀវភៅសិក្សា ឬសៀវភៅអានទាំងនោះតែម្ដង"។

ក្នុងនោះដែរអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ ថា "ដោយមើលឃើញបញ្ហានេះ និងដើម្បីចូលរួមលើកកម្ពស់ ប្រសិទ្ធភាពវិស័យអប់រំ ដែលកំពុងតែត្រូវបានកែលម្អជាបន្ដបន្ទាប់ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលអត្រាពន្ធនាំចូលពី៧ភាគរយ មកសូន្យភាគរយ តាមអនុក្រឹត្យលេខ១៩២ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ តទៅ"៕

រាជរដ្ឋាភិបាល សម្រេច​កែសម្រួល អត្រាពន្ធ​នាំចូល​សៀវភៅ​ ពី​ ៧ ភាគរយ មកសូន្យ​ភាគរយ​