អង្គការ Altdis Foundation និង MAG ចុះ MOU រួមគ្នា​កាត់បន្ថយ ការ​គំរាម​កំហែង ពីគ្រាប់មីន នៅ​កម្ពុជា​

ភ្នំពេញ៖ ដើម្បីរួមចំណែកជួយក្នុងសកម្មភាពសង្គម និងមនុស្សធម៌របស់ខ្លួន កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី Ines Cassin អគ្គនាយិការអង្គការ Altadis Foundation បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ(MOU) ជាមួយអង្គការ MAG នៅខេត្តបាត់ដំបង ដើម្បីអនុវត្តគម្រោង លើកកំពស់ជីវិត និងជីវភាពរស់នៅប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការគំរាមកំហែងពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដ៏ទៃទៀតនៅកម្ពុជា ។

នេះគឺជាគម្រោងទី២ ហើយ ដែលអង្គការ Altadis Foundation និង អង្គការ MAG បានសាងភាពជាដៃគូជាមួយគ្នានៅប្រទេសកម្ពុជា ខណៈគម្រោងទី១ ត្រូវបានអនុវត្តកាលពីឆ្នាំ២០១៤ ដោយគាំទ្រលើការបោសសំអាតមីនដោយប្រើប្រាស់គ្រឿងចក្រ  ដែលទទួលបានលទ្ធផលយ៉ាងជោគជ័យ ព្រោះគម្រោងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ ៤០.៨៤០នាក់ និងបោសសំអាតផ្ទៃដីបានចំនួន ២៥១.០០០ ម៉ែត្រការរ៉េ ។

ដោយភាពជោគជ័យរបស់គម្រោងឆ្នាំ២០១៤ អង្គការ Altadis Foundation បានសម្រេចបន្តភាពជាដៃគូជាមួយអង្គការ MAG នៅក្នុងឆ្នាំ ២០១៦ បន្តទៀត ដើម្បីបន្ដលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ឲ្យកាន់តែប្រសើរឡើង និងមានភាពកក់ក្ដៅ នៅក្នុងការប្រកបមុខរបរកសិកម្មផ្សេងៗ ។

លោក John Bosco នាយករងប្រចាំប្រទេសរបស់អង្គការ MAG បានសម្តែងសេចក្តីត្រេកអរ ចំពោះអង្គការ Altadis Foundation សម្រាប់ការផ្តល់ជាថវិការ ដើម្បីគាំទ្រគម្រោងទាំងនេះ ។ លោកបន្ដថា រូបលោកក៏ដូចជា ក្រុមការងាររបស់លោក មានសេចក្តីរីករាយជាខ្លាំង ក្នុងការចូលរួមចំណែក ជួយសហគមន៏ដើម្បី លើកកំពស់ជីវភាពរស់នៅ តាមរយៈការកាត់បន្ថយការគំរាមកំហែងពីគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយនេះជាការចូលរួមចំណែក           ដ៏ប្រពៃមួយក្នុងសកម្មភាពមនុស្សធម៌ចំពោះសហគមន៍ ដ៏ដូចជាសង្គមជាតិកម្ពុជា ។

ជាមួយគ្នានោះលោកបានសម្តែងនូវការគោរព និងកោតសរសើរចំពោះអង្គការ Altadis Foundation បុគ្គលិកក្រុមហ៊ុនហួតត្រាកូ (Huotraco International Limited) និងក្រុមការងាររបស់អង្គការ MAG ក៏ដូចជាអាជ្ញាធរដែនដី ដែលតែងតែផ្តល់ការគាំទ្រ សហការ និងបានចូលរួមធ្វើជាសាក្សី នៅក្នុងកម្មវិធីសំខាន់នេះ ដែលជាការរួមចំណែកធ្ វើឲ្យការបំពេញការងារ បានបញ្ចប់ដោយទទួលបាន លទ្ធផលដ៏ល្អប្រសើរបំផុត ៕

អង្គការ Altdis Foundation និង MAG  ចុះ MOU រួមគ្នា​កាត់បន្ថយ ការ​គំរាម​កំហែង ពីគ្រាប់មីន នៅ​កម្ពុជា​