មានប្រជាពលរដ្ឋ ប្រមាណ ១០​ម៉ឺន​នាក់ មកកំសាន្ត​នា​ពិធី​បុណ្យទន្លេ​ ថ្ងៃដំបូង​នៅខេត្ត​កំពង់ចាម​

កំពង់ចាម៖  យ៉ាងហោចណាស់ មានប្រជាពលរដ្ឋប្រមាណ ១០ម៉ឺននាក់ បានមកពីតាមបណ្តាស្រុក ក្រុងក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានចូលរួមដើរកំសាន្តនាដងទន្លេ មេគង្គនៃក្រុងកំពង់ចាម ក្នុងថ្ងៃដំបូងនៃពិធីបុណ្យទន្លេ កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦នោះ។

តាមសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ដែលជាថ្ងៃដំបូងនៃការប្រារព្ធពិធីបុណ្យទន្លេ មានប្រជាពលរដ្ឋប្រមាណជា១០ម៉ឺននាក់បានមកទស្សនា កំសាន្ត ។ហើយក្នុងនោះ មានសមាកជិក៤គ្រួសារ បានដាក់ពាក្យបណ្តឹងនៅទីបញ្ជារការ កម្រិតស្រាលរបស់ កងកំលាំងនគរបាល ដែលការពារក្នុងពិធីបុណ្យទន្លេនោះថា ពួកគាត់បានបាត់កូន ចំនួន ០៤នាក់ ដែលមានក្មេងប្រុស ០២នាក់ និងក្មេងស្រី ០២នាក់ មានអាយុប្រហែល ឬក្រោម ១០ឆ្នាំ ដែលបានវង្វេងពីពួកគាត់ពេលមកកំសាន្តបុណ្យទន្លេ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានពត៌មាន កម្លាំងនគរបាលបានប្រកាសតាមវិទ្យុទាក់ទង និងឧឃោសនស័ព្ទ ផងក្នុងការស្វះស្វែងរកកុមារទាំង ០៤នាក់ក្នុងចំណោមមនុស្សដ៏ច្រើនកុះករ រហូតបានរកឃើញក្មេងទាំង ០៤នាក់ហើយប្រគល់ជូនឳពុកម្តាយរបស់គេវិញ រៀងៗខ្លួន។
សមត្ថកិច្ចនគរបាលឲ្យដឹងទៀតថា ក្រៅពីនេះមិនមានបាតុភាពអ្វីគួរអោយកត់សម្គាល់ឡើយ  ពោលគឺដំណើរការកំសាន្តក្នុងថ្ងៃដំបូងនោះ ប្រព្រឹត្តទៅប្រកបដោយសន្តិសុខល្អ ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម សំណូមពរបងប្អូនប្រជាពលរដ្ឋ មេត្តាសរសេរលេខទូស័ព្ទនៅនិងបាតដៃ ឬកំភួនដៃក្មេងៗ ដើម្បីឲ្យសមត្ថកិច្ច ងាយទំនាក់ទំនង នៅពេលដែលនគរបាលជួបក្មេងដែលបានវង្វេងសាច់ញាតិ ។ហើយបើសិន បងប្អូនមានអាសន្ន សូមជួបនិងមន្ត្រីនគរបាលដែលនៅជឹតលោកអ្នកបំផុត ដែលកំពុងប្រតិបត្តការការពារសន្តិសុខក្នុងពិធីបុណ្យទន្លេនេះ៕