ក្រុមសិល្បៈ Dana Tai Soon Burgess នឹងមកសម្តែង នៅកម្ពុជា

ភ្នំពេញ៖ ក្រុមសិល្បៈ ដ៏ល្បីល្បាញ Dana Tai Soon Burgess Dance Company (DTSBDC) នៅទីក្រុង Washington នឹងមកសំដែងនៅកម្ពុជា ក្នុងកម្មវិធីមួយដែលឧបត្ថម្ភ ដោយស្ថានទូតអាមេរិក និងគាំទ្រ ដោយក្រុមសិល្បៈ Sophiline Arts Ensenble ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី១២ ខែមីនានេះ បានឲ្យដឹងថា ក្រុមសិល្បៈ Dana Tai Soon Burgess Dance Company នឹងចាប់ផ្តើមសម្តែងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែមីនានេះ នៅក្នុងកម្មវិធីមួយ ដែលឧបត្ថម្ភដោយ ស្ថានទូតអាមេរិក និងគាំទ្រដោយក្រុមសិល្បៈ Sophiline Arts Ensenble ។

សេចក្តីប្រកាសឲ្យដឹងទៀតថា នៅថ្ងៃសុក្រ ទី ១៨ មិនា វេលាម៉ោង ៧ យប់ ក្រុមសិល្បៈ DTSBDC និងក្រុមសិល្បៈ Sophiline Arts Ensenble នឹងធ្វើការសម្តែងជូនសាធារណជន ដោយមិនគិតថ្លៃ នៅសាលសន្និសីទចតុមុខ។

លោក Jay Raman ប្រធានផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតអាមេរិក បានមានប្រសាសន៍ថា “ស្ថានទូតអាមេរិក មានសេចក្តីរីករាយក្នុងការធ្វើការឧបត្ថម្ភ ដល់ការដើរសម្តែងក្នុងន័យវប្បធម៌នេះ ដែលធ្វើឲ្យស្ថាប័នរបាំដ៏អស្ចារ្យទាំងពីរបានជួបគ្នា គឺក្រុមរបាំ DTSBDC មកពីសហរដ្ឋអាមេរិក និងក្រុមរបាំ Sophiline Arts Ensenble នៅកម្ពុជា” ។

លោកស្រី Sophiline Cheam Shapiro នាយិកានៃក្រុមសិល្បៈ Sophiline Arts Ensemble បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរគ្នាផ្នែក វប្បធម៌ធ្វើឲ្យយើង មានការយល់កាន់តែច្បាស់ពីពិភពលោក ដែលយើងរស់នៅ ហើយ បង្រៀនយើងពីលទ្ធភាពច្រើន សម្រាប់ឲ្យយើង អាចធ្វើការបកស្រាយបទពិសោធន៍ របស់មនុស្សជាតិ” ៕

ក្រុមសិល្បៈ Dana Tai Soon Burgess នឹងមកសម្តែង នៅកម្ពុជា