សាកល្បង​វិធី​ទាំង ៨ នេះ​ដើម្បី​បង្កើត​ជីវិត​មួយ​ដែល​អ្នក​ចង់​បាន តាម​ក្តី​សុបិន​របស់​ខ្លួន

១) ស្វែង​រក​ឲ្យ​ឃើញ​នូវ​ចំណូល​ចិត្ត​របស់​ខ្លួន​ឯង ៖ គ្មាន​បញ្ហា​ថា​អ្នក​ជា​នរណា​នោះ​ឡើយ ការងារ​ណា​ដែល​អ្នក​ស្រលាញ់​គឺ​ជា​របស់​អ្នក។ ប្រសិន​បើ​អ្នក​នៅ​តែ​ជា​មនុស្ស​ដែល​កំពុង​ស្វែង​រក​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​គួរ​ធ្វើ​ការងារ​អ្វី​ក្នុង​រយៈ​៦​ខែ​ដែល​ជា​ការងារ​មិន​ទទួល​បាន​ប្រាក់​ខែ​មក​វិញ? សម្រាប់​ចម្លើយ​វិញ​នឹង​អាច​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ភ្ញាក់​ផ្អើល ហើយ​ប្រសិន​បើ​អ្នក​រក​ឃើញ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ហើយ ត្រូវ​រក​វិធី​បង្កើត​វា​ឲ្យ​ទៅ​ជា​ការងារ​របស់​អ្នក។

 

២) អភិវឌ្ឍ​ទស្សន​វិស័យ​របស់​ខ្លួន ៖ របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ គឺ​ធ្វើ​ឡើង​តាម​ការ​យល់​ឃើញ​ និង ទម្លាប់​របស់​ខ្លួន ហើយ​វា​អាច​បន្ត​ទៅ​ថ្ងៃ​មុខ​យូរ​អង្វែង​ទៀត​ផង។ តើ​អ្នក​ធ្លាប់​សួរ​ខ្លួន​ឯង​ថា​ចង់​មាន​របៀប​រស់​នៅ​មួយ​ដែល​ល្អ​ប្រសើរ​ជាង​ពេល​នេះ​ដែរ​ឬ​ទេ? ដូច្នេះ​អ្នក​ត្រូវ​តែ​ចេះ​សួរ​ខ្លួន​ឯង​ជា​មុន​សិន​ប្រសិន​បើ​អ្នក​ចង់​មាន​ជីវិត​មួយ​ដែល​ល្អ។ តើ​អ្វី​ទៅ​ដែល​អ្នក​ចង់​បាន​នៅ​ថ្ងៃ​អនាគត? តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ល្អ​របស់​អ្នក?

 

៣) ត្រូវ​មាន​ភាព​អត់ធ្មត់ ៖ ជីវិត​គឺ​ជា​ការ​ពិសោធន៍​សាកល្បង​នៃ​ភាព​អត់​ធ្មត់។ រាល់​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ​គឺ​សុទ្ធ​តែ​ទាមទារ​ឲ្យ​មាន​ភាព​អត់ធ្មត់។ បន្ថែម​ពី​លើ​នេះ​មាន​គឺ​មិន​មាន​ភាព​ងាយ​ស្រួល​ឡើយ​ក្នុង​នៃ​អារម្មណ៍​រង​ចាំ​អ្វី​មួយ នៅ​ពេល​ដែល​អ្នក​មើល​ឃើញ​មនុស្ស​ដទៃ​ទទួល​បាន​លទ្ធផល​លឿន​ជាង​អ្នក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​មិន​ត្រូវ​ប្រៀបធៀប​លទ្ធផល​ខ្លួន​ឯង​ជាមួយ​លទ្ធផល​មនុស្ស​ដទៃ​ឡើយ។ អ្វី​ដែល​អ្នក​បង្កើត វា​នឹង​ក្លាយ​ជា​របស់​អ្នក ហើយ​មិន​ចាំ​បាច់​ខ្វល់​ពី​ថ្ងៃ​ស្អែក ឬ ខាន​ស្អែក​នោះ​ឡើយ ប៉ុន្តែ​ថ្ងៃ​នេះ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​អាច​សម្រេច​បាន។ ដូច្នេះ​អ្នក​ត្រូវ​ជឿ​លើ​ខ្លួន​ឯង ហើយ​មាន​ភាព​អត់ធ្មត់ ព្រោះ​អ្វីៗ​គឺ​សុទ្ធ​តែ​កើត​ឡើង​បាន​ទាំង​អស់។

 

៤) ត្រូវ​ចេះ​ស្រលាញ់​មនុស្ស​ដទៃ ៖ ក្តី​ស្រលាញ់​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​ខ្លាំង​របស់​មនុស្ស​លើ​ផែន​ដី គ្មាន​អ្វី​អាច​កើត​ឡើង​បាន​ឡើយ​ ប្រសិន​បើ​គ្មាន​អនុភាព​នៃ​ក្តី​ស្រលាញ់។ មនុស្ស​រាល់​គ្នា​ភ្ជាប់​ទំនាក់​ទំនង​ដោយ​ក្តី​ស្រលាញ់ ហើយ​គ្មាន​នរណា​ម្នាក់​រស់​នៅ​ដោយ​គ្មាន​ការ​ស្រលាញ់​ឡើយ។ ដូច្នេះ​អ្នក​ត្រូវ​គិត​ដល់​មនុស្ស​ដែល​អ្នក​ស្រលាញ់​ក្នុង​ជីវិត តើ​ពួក​គេ​ជះ​ឥទ្ធិពល​ប៉ុណ្ណា​ ដល់​ជីវិត​អ្នក? ហើយ​អ្នក​ជះ​ឥទ្ធិពល​ប៉ុណ្ណា​ដល់​ពួក​គេ?

 

៥) មិន​ត្រូវ​មាន​អំនួត ៖ ភាព​គ្មាន​អំនួត​គឺ​ជា​សីលធម៌​មួយ​ដ៏​ល្អ​ប្រពៃ​របស់​មនុស្ស​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ជីវិត​នៃ​មនុស្ស​ជាតិ មាន​ន័យ​ថា​គឺ​ការ​ភ្ជាប់​ចំណង​ទាក់ទង​ទៅ​កាន់​មនុស្ស​ដទៃ ទៅ​កាន់​អ្វី​ដែល​អ្នក​ចង់​ធ្វើ ទៅ​ទី​កន្លែង​ដែល​អ្នក​ចង់​ទៅ។ ការ​ធ្វើ​ដូច​នេះ​វា​ជា​ការ​បង្ហាញ​មួយ ប្រាប់​ទៅ​កាន់​មនុស្ស​ដទៃ​ថា​អ្នក​ខ្វល់​ពី​ពួក​គេ​ប៉ុណ្ណា។

 

៦) ត្រូវ​និយាយ​នូវ​អ្វី​ដែល​គួរ​និយាយ ៖ មនុស្ស​មាន​ពេល​ច្រើន​ណាស់​ក្នុង​ការ​និយាយ ប៉ុន្តែ​ពេល​ខ្លះ​មនុស្ស​បាន​ប្រើ​ពេល​ខុស​ក្នុង​ការ​និយាយ។ នៅ​ពេល​ដែល​អ្នក​មាន​ភាព​ឈឺ​ចាប់ ក្នុង​ចិត្ត​អ្នក​មិន​និយាយ​ចេញ វា​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ឈឺ​លើស​ដើម ប៉ុន្តែ​ប្រសិន​បើ​អ្នក​អាច​និយាយ​ចេញ​មក​ខាង​ក្រៅ​វា​អាច​ជួយ​ធ្វើ​ឲ្យ​កំហឹង​របស់​អ្នក​បាន​ធូរ​ស្រាល ដូច​យ៉ាង ពេល​នៅ​ជា​កុមារភាព​អ្នក​អាច​និយាយ​ចេញ​ថា​អ្នក​ឈឺ​ត្រង់​ណា ពិបាក​កន្លែង​ណា​ប្រាប់​ម្តាយ​ឪពុក ឬ មិត្តភ័ត្ត ប៉ុន្តែ​ពេល​មនុស្ស​ពេញ​វ័យ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​អាច​និយាយ​ដូច​កាល​នៅ​ពី​ក្មេង​ ថា​ពួក​គេ​ឈឺ​ប៉ុណ្ណា​ទៅ​វិញ?

 

៧) ត្រូវ​បង្ហាញ​ភាព​ជឿជាក់​លើ​អ្នក​ដទៃ ៖ គ្មាន​អ្វី​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​ប្រកប​ដោយ​ភាព​ជឿជាក់​នៅ​ជុំវិញ​ខ្លួន​នោះ​ឡើយ។ វប្បធម៌​គឺ​ជា​អ្វីៗ​ទាំង​អស់ ហើយ​អ្វីៗ​ទាំង​អស់​គឺ​ជា​វប្បធម៌។ ប្រសិន​បើ​អ្នក​រស់​នៅ​កន្លែង​មួយ​ ដែល​តែ​មាន​មនុស្ស​ក្បត់​គ្នា និយាយ​ដើម​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​រូប​ភាព​បែប​ណា​ក៏​ដោយ​ គ្មាន​ផ្លូវ​ណា​មួយ​ដែល​អ្នក​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​លើ​អ្នក ឬ ធ្វើ​ឲ្យ​អ្នក​ជឿ​លើ​ពួក​គេ​បាន​ឡើយ។

 

ផ្ទុយ​មក​វិញ​នៅ​ពេល​អ្នក​រស់​នៅ​ជុំវិញ​អ្នក គេ​គាំ​ទ្រ​អ្នក​គ្រប់​ទង្វើ​របស់​អ្នក ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក និង​ជា​មនុស្ស​ចាំ​ជួយ​អ្នក នោះ​គឺ​អាច​ធ្វើ​ឲ្យ​អ្នក​ជឿ​លើ​ខ្លួន​ឯង​នូវ​អ្វី​ដែល​អ្នក​ធ្វើ ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​ជឿ​លើ​ពួក​គេ​ ថា​ជា​មនុស្ស​ដែល​នៅ​ខាង​អ្នក។

 

៨) ការ​បរិច្ចាគ ៖ តើ​ចំនួន​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​អាច​ផ្តល់​ជូន​សហគមន៍​របស់​អ្នក? ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ជីវិត​រស់​នៅ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង អ្នក​ត្រូវ​ស្វែង​រក​វិធី​ ដែល​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​អ្នក​កាន់​តែ​កើត​មាន​ឡើង។ ដូច្នេះ​អ្នក​ត្រូវ​ផ្តល់​ជូន​អ្នក​ដទៃ​ច្រើន​ជាង​ការ​ទទួល នៅ​ពេល​ដែល​អ្នក​ចេះ​ខ្វល់​ខ្វាយ​ពី​ពួក​គេ នោះ​ពួគ​គេ​ក៏​ខ្វល់ខ្វាយ​ចំពោះ​អ្នក​វិញ​ដែរ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com