មិនធម្មតាមែន! ពីអ្នកទោសដែល ទើបដើរចេញពីគុក ក្លាយទៅជា តារាម៉ូដែលដ៏ពេញនិយម ទាក់ទាញចិត្តនារីៗ

អាមេរិក៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងមួយ បន្ទាប់ពីបុរសម្នាក់ ដែលជាអ្នកទោស ចេញពីគុក អាចវិវត្តន៍ខ្លួនក្លាយជា តារាម៉ូដែលដ៏ពេញនិយម និងពោរពេញទៅដោយ ភាពទាក់ទាញ សម្រាប់នារីៗជាច្រើន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដែលជាអតីត អ្នកទោសម្នាក់នេះ មានឈ្មោះថា Jeremy Meeks វ័យ៣០ឆ្នាំ បានក្លាយទៅជា តារាម៉ូដែលសាក់រូប ដែលចុះកុងត្រាជាមួយ នឹងក្រុមហ៊ុន White Cross Management បន្ទាប់ពីលោក Jim Jordan ដែលជាភ្នាក់ងារ ប្រចាំក្រុមហ៊ុននេះ សម្រេចផ្តល់ឱកាស ថ្មីមួយទៀតសម្រាប់ ផ្លាស់ប្តូរជីវិតរបស់គេ។

របាយការណ៍មួយបាន បញ្ជាក់ថា Meeks គឺជាអតីតសមាជិក នៃក្រុមជើងកាងដ៏គួរឲ្យខ្លាចមួយ ហៅថា Northside Gangster Crips ដែលនេះជាមូលហេតុ ធ្វើឲ្យគេចេញចូលពន្ធនាគារ យ៉ាងញឹកញាប់ ក្នុងរយៈពេល១០ឆ្នាំ កន្លងមកនេះ។

មិនធម្មតាមែន! ពីអ្នកទោសដែល ទើបដើរចេញពីគុក ក្លាយទៅជា តារាម៉ូដែលដ៏ពេញនិយម ទាក់ទាញចិត្តនារីៗ
រូបភាពរបស់ Meeks មួយសន្លឹកនេះ ដែលបានទទួលការគាំទ្រ យ៉ាងច្រើននៅក្នុងបណ្តាញសង្គម

តែយ៉ាងណាមិញ ជីវិតរបស់គេហាក់ មានពន្លឺសារជាថ្មី ក្រោយពីរូបថតមួយសន្លឹក របស់គេត្រូវបានបង្ហោះ ចូលក្នុងបណ្តាញសង្គម ហ្វេសប៊ុក និងទទួលបានការ សរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីសំណាក់នារីៗ ផ្ទាល់តែម្តង ដែលនេះជាមូលហេតុ អាចធ្វើឲ្យ Meeks វិវត្តន៍ខ្លួនក្លាយទៅជា តារាម៉ូដែល។

លោក Jim Jordan អ្នកដែលសម្រេច ផ្តល់កុងត្រាជា តារាម៉ូដែលដល់ Meeks បាននិយាយថា “ពេលដែលខ្ញុំឃើញ រូបភាពរបស់គេ ពេលដំបូងក្នុងគំនិត របស់ខ្ញុំនឹកឃើញថា ខ្ញុំត្រូវតែជួយ ក្មេងប្រុសម្នាក់នេះ។ ក្រោយពីធ្វើការពិភាក្សា ជាមួយនឹងគ្រួសាររបស់ Meeks ហើយនោះ ពួកយើងក៏យល់ព្រម ទៅលើកិច្ចសន្យា ដែលផ្តល់ការងារជា តារាម៉ូដែលសាក់រូប ដល់រូបគេ”។

Jim បន្តទៀតថា “យើងសម្លឹងមើលឃើញ តែអនាគតរបស់គេ ប៉ុណ្ណោះ ហើយចំពោះអតីតកាល របស់គេ ខ្ញុំមិនបានគិតថា វាអាចប៉ះពាល់ ដល់ការងារ និងការរស់នៅរបស់គេ នាពេលបច្ចុប្បន្ន នេះឡើយ”។

ជាមួយគ្នានេះដែរ Jeremy Meeks ដែលមានឈ្មោះហៅក្រៅថា Dreamy McMugshot ក៏បាននិយាយដែរថា “ខ្ញុំពិតជាដឹងគុណ សម្រាប់អ្នករាល់គ្នា និងរាល់អ្វីៗដែល កើតមានឡើងចំពោះ ការងារថ្មី និងជីវិតថ្មី របស់ខ្ញុំពេលនេះណាស់”។

មិនធម្មតាមែន! ពីអ្នកទោសដែល ទើបដើរចេញពីគុក ក្លាយទៅជា តារាម៉ូដែលដ៏ពេញនិយម ទាក់ទាញចិត្តនារីៗ
Jeremy Meeks ថតរូបពេលរូបគេ ក្លាយខ្លួនជាតារាម៉ូដែល

គូសបញ្ជាក់ផងដែរថា នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងមួយ ដែលអតីតជនជាប់ទោស និងធ្លាប់ចេញ ចូលក្នុងគុក ជាញឹកញាប់ អាចវិវត្តន៍ខ្លួនក្លាយជា តារាម៉ូដែល និងជាមនុស្សម្នាក់ ដ៏ពេញនិយមយ៉ាងខ្លាំង ជាពិសេសនៅលើ បណ្តាញសង្គមបានយ៉ាងដូច្នេះសោះ៕

មិនធម្មតាមែន! ពីអ្នកទោសដែល ទើបដើរចេញពីគុក ក្លាយទៅជា តារាម៉ូដែលដ៏ពេញនិយម ទាក់ទាញចិត្តនារីៗ
រូបរាងរបស់ តារាម៉ូដែលសាក់រូប Jeremy Meeks

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត