តំបន់​ទេសចរ​ណ៌​ចម្រុះ​ជ័យ​អា​រ៉ែ​ង

6 Videos


​ជ័យ​អា​រ៉ែ​ង​ជា​តំបន់​ទេសចរណ៍​ប្រពៃណី ប្រវត្តិសាស្ត្រ និង ធម្មជាតិ​ពិត ១០០ ភាគរយ​ដែល​ស្ថិតនៅ​ជួរ​ភ្នំក្រវាញ ​ក្នុងស្រុក​ថ្មបាំង​មាន​ចម្ងាយ​ប្រមាណ​ជា ៨០ គីឡូម៉ែត្រ​ពី​ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​ជាយដែន​មួយ​នេះ​មាន​ពពួកសត្វ​ដ៏​កម្រ​ជាង ៣១ ប្រភេទ ។ ក្រៅពី​ធនធានធម្មជាតិ​ទាំងអស់នេះ​នៅមាន​ល្អាង​ភ្នំ ផ្ទាំង​អក្សរ​បុរាណ​និងឆ្អឹង​ខ្មោច​បុរាណ​ដ៏​អាថ៌កំបាំង​នៅលើ​កំពូលភ្នំ​​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​ព្រៃស្រោង ។

តំបន់​ទេសចរ​ណ៌​ចម្រុះ​ជ័យ​អា​រ៉ែ​ង

M88


ពី​ក្រុង​ខេមរភូមិន្ទ​ទៅ​ទីប្រជុំជន​ស្រុក​ថ្មបាំង អ្នកទេសចរអាច​ជិះ​រថយន្ត ឬ ម៉ូតូ​ទៅបានប៉ុន្តែ​ចេញពី​ទីរួមស្រុក​ចូលទៅកាន់​ជ្រលង​ភ្នំ​អា​រ៉ែ​ង កង់​គឺជា​មធ្យោបាយ​ដ៏​សមស្រប​បំផុត​សម្រាប់ផ្លូវ​ឡើង​ចុះ​ភ្នំ និង អមដោយ​ព្រៃព្រឹក្សា​ជាមួយ​សំឡេង​សត្វយំ​រង់ចាំ​ទទួល​ស្វាគមន៍​អ្នកដំណើរឬភ្ញៀវទេសចរ​នៅតាម​ដងផ្លូវ​ដែលមាន​ចម្ងាយប្រមាណ​ជា ១៧ គីឡូម៉ែត្រ ។

​លោក ស៊ីម សំណាង វ័យ ២៨ ឆ្នាំ ជា​មគ្គុទ្ទេសក៍​ទេសចរណ៍របស់​អង្គការ​មាតា​ធម្មជាតិ (Mother Nature) នៅ​អា​រ៉ែ​ង​បានឱ្យដឹងថា អា​រ៉ែ​ង​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ពិតៗ​ដែល​ទើបតែ​ចាប់ផ្តើម​បើក​បម្រើ​សេវាកម្ម​ទេសច​រណ៍​កាលពី​ខែតុលា ឆ្នាំ ២០១៣ កន្លងមកនេះ​ទេ ។ ចំនួន​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​កាន់តែ​ច្រើនឡើងៗ កំពុង​មក​ទស្សនា​លម្ហែកាយ​នៅ​តំបន់​ទេសចរណ៍មួយ​នេះ​នៅ​ចន្លោះ​ពី​ខែតុលា និង ខែកុម្ភៈ ។ តំបន់​ទេសចរណ៍​នៅ​អា​រ៉ែ​ងត្រូវបាន​ចែកចេញជា​បី​ផ្នែក​សំខាន់ៗ​ដែល​រួមមានតំបន់​ទេសចរណ៍ធម្មជាតិ តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និងតំបន់​ទេសចរណ៍វប្បធម៌​ប្រពៃណី​ជនជាតិដើម​ភាគតិច​ផង ។​

តំបន់​ទេសចរ​ណ៌​ចម្រុះ​ជ័យ​អា​រ៉ែ​ង

​នៅក្នុង​តំបន់​ធម្មជាតិអ្នកទេសចរ​មានឱកាស​ទស្សនា​ប្រភេទ​សត្វ​កម្រ​ចំនួន ៣១ ប្រភេទដែល​នៅ​សេសសល់​ចុងក្រោយ​នៅ​ប្រទេស​កម្ពុជានិងសត្វ​ផ្សេងៗ​ទៀត​ដែលគេ​កម្រ​នឹង​បាន​ជួបប្រទះ​នៅ​កន្លែង​ផ្សេងៗ ។ សត្វ​ទាំងនោះ​កំពុង​រស់នៅ​លាក់ខ្លួន​ក្នុង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ដែលមាន​ដូចជា សត្វ​កេងកង ក្រពើ​ភ្នំ ដំរី ខ្លាឃ្មុំ ត្រី​រាជ ខ្លា ទន្សោង ខ្ទីង រមាំង ប្រើស ឈ្លូស ពង្រូល កាំប្រមា ក្ងោក ក្អែក ទុង ពស់ថ្លាន់ និង ពស់​ហនុមាន ជាដើម ។ ជាង​នោះ​ទៅទៀតគេ​ក៏​អាច​ស្តាប់​សំឡេង​សត្វ​យំ​យ៉ាងកងរំពង​ពេញ​ព្រៃដែល​ធ្វើឱ្យ​អ្នកដើរ​កម្សាន្ត​មាន​អារម្មណ៍​រំភើប ឬ ព្រឺក្បាល​ម្តងម្កាល​ផងដែរ ។ ជួនកាល​នៅ​ទីនោះ​គេ​ក៏​អាច​ឃើញ​សត្វ​ពស់​លូន​កាត់​ថ្នល់​ធ្វើឱ្យ​ភ័យ​បុក​ពោះ​ក៏មានដែរ ។

តំបន់​ទេសចរ​ណ៌​ចម្រុះ​ជ័យ​អា​រ៉ែ​ង

​លើសពីនោះ​ក៏មាន​ជ្រលង​ភ្នំ ទឹកអូរ ទន្លេ​ថ្លា​ត្រជាក់ស្រេងឆ្លុះ​ឃើញ​ខ្សាច់ ដី ថ្ម និង មច្ឆជាតិ​ច្បាស់​ត្រជាក់​ភ្នែក​ប្លែក​អារម្មណ៍​ទៀតផង ។ ជាងនេះទៅទៀត​ក៏មាន​ធនធាន​ព្រៃឈើអភិរក្ស​ជីវចម្រុះព្រៃស្រោង​ដ៏​ស្រស់ស្អាត​ដែល​កំពុង​អភិរក្ស​និង​បំបួស​ដោយបណ្តាញ​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​សហគមន៍ និង អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនទៀត ។ នៅពេល​ព្រឹក​ត្រជាក់​អ្នកទេសចរប្រុស​ស្រី​នឹង​ពើបប្រទះ​អ័ព្ទ​សស្គុស​ចុះ​ប្រឡែង​លេង​នឹង​ព្រៃឈើ ។ តំបន់​អា​រ៉ែ​ង​ក៏​ជា​កន្លែង​ដែល​គេ​ជឿជាក់ថា មាន​ធនធាន​រ៉ែ​ក្រោម​ដីដ៏​មានតម្លៃ​យ៉ាងច្រើន​អនេក ។ រីឯ​តំបន់​ប្រវត្តិសាស្ត្រ​ក៏​មិន​ចាញ់​តំបន់​ធម្មជាតិ​ នោះដែរពោលគឺ​អ្នកទេសចរ​មានឱកាស​ទស្សនា​ពាងបុរាណ និង ឆ្អឹង​សព​មនុស្ស​បុរាណ​ពីរ​នាក់​ដែលមាន​អាយុកាលរាប់រយឆ្នាំ​នៅលើ​កំពូលភ្នំ​ស្រល់ ។

លោក ស៊ីម សំណាង បានបញ្ជាក់ថា​«​យើង​មិនដឹងថា​ឆ្អឹង​ទាំងនោះ​ជា​ឆ្អឹង​របស់​អ្នកណា​នោះទេមិនដឹងថា​ជា​វីរបុរស​ខ្មែរ​ជា​មេកន្ទ្រាញ​ជនជាតិដើម​ភាគតិចឬជា​ឆ្អឹង​របស់​ស្តេច​នោះទេ តែ​គួរឱ្យ​ស្តាយ​ឆ្អឹង​មួយចំនួន​ត្រូវបាន​គេ​លួចបាត់​មួយផ្នែក​កាលពី​កំលុង​ឆ្នាំ ២០០៦ ឬ ២០០៧» ។ លោក​បន្ថែម ថា​«​ក្រៅពីនោះ​ក៏មាន​ល្អាង​ភ្នំ​មួយទៀត​ដែរដោយ​នៅក្នុង​ល្អាង​ភ្នំ នោះ​មាន​ផ្ទាំង​អក្សរ​ខ្មែរ​បុរាណនិង របស់របរ​ជាច្រើន​ទៀត​» ។​

តំបន់​ទេសចរ​ណ៌​ចម្រុះ​ជ័យ​អា​រ៉ែ​ង

​ចំណែកឯ​តំបន់​វប្បធម៌​ប្រពៃណី​វិញ​អ្នកទេសចរ​ជាតិនិងអន្តរជាតិ​តែងតែ​មើល​ផ្ទះសម្បែងពិធីសែនព្រេនភ្លក្ស​រសជាតិ​ស្រាម្ហូបអាហារ​របស់​បង​ប្អូន​ជនជាតិដើម​ផលិត​ផ្ទាល់ និង កម្សាន្ត​សប្បាយ​ជាមួយនឹង​ការ​ឈ្វេងយល់​ពី​ការរស់នៅ​ផ្សេងៗ​ទៀត​របស់​ជនជាតិ ដើម​ភាគតិច​ជង​នៅ​ជ័យ​អា​រ៉ែ​ង​ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់​ជាង ៤០០ គ្រួសារតាំងពី​យូរលង់​ណាស់​មកហើយ ។ ជាមួយគ្នានេះ ក៏មាន​ការដាំដុះ​ដំណាំ​បន្លែបង្ការ​តាមបែប​ធម្មជាតិ និងការនេសាទ​ត្រី​តាមបែប​បុរាណ​ជាដើម មើល​ព្រៃ​សហគមន៍​ព្រៃ​អារក្សព្រៃ​ការពារ​នៅ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្តាលនិងព្រៃ​សក្ការបូជា​របស់​ជនជាតិ​ដើម ។

លោក ស៊ីម សំណាង បាន​កត់សម្គាល់ថា​«​ខ្ញុំ​គិតថា​តំបន់​ទេសចរណ៍ផ្សេងៗ​នៅ​កម្ពុជា​ប្រហែលជា​គ្មាន​កន្លែង​ណា​មាន​លក្ខណៈ​ធម្មជាតិ​ពិតៗ​ដូច​នៅអា​រ៉ែ​ង​នេះ​ទេ ។ មិនទាន់មាន​ការអភិវឌ្ឍ​ធ្វើឱ្យ​បាត់​ទ្រង់ទ្រាយ​ធម្មជាតិ​នោះទេ ជាក់ ស្តែង​នៅទីនេះ​មាន​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ​តែម្តងវា​ស្របទៅតាម​អ្វីដែល​អ្នកទេសចរ​ចង់បាន គឺ​បែប​ហ្នឹង​បើ​នៅ​ស្រុក​គេ​វិញ​ភាគច្រើន​ជា​ធម្មជាតិ​កែច្នៃ​» ។​
​មគ្គុទ្ទេសក៍​វ័យក្មេង​រូបនេះ​បានឱ្យដឹងថា​អ្នកទេសចរ​អាចម​កល​ម្ហែ​កាយ​នៅតំបន់​អា​រ៉ែ​ង គឺ​ចាប់ពី ៤ ថ្ងៃ ដល់​មួយ​សបា្តហ៍ ប៉ុន្តែ​តាម​ធម្មតា​ភ្ញៀវ​ទៅ​កម្សាន្ត​ភាគច្រើន​តែ ៤ យប់ ៥ ថ្ងៃ ហើយ​តម្លៃ​សេវាកម្ម​វិញ​គឺ​មួយថ្ងៃ ២០ ម៉ឺន​រៀល​សម្រាប់​ភ្ញៀវទេសចរ​ម្នាក់ដែល​តម្លៃ​នេះ​មាន​រួមទាំង​ការនាំ​ផ្លូវការ​ហូបចុក ៣ ពេល​ការ​ស្នាក់នៅ ការ​ជិះ​កង់​ឡើង​ភ្នំ និង ការ​ជិះទូក​កា​យ៉ាក់ ជាដើម ។

លោក សំណាង បាន​បន្តទៀតថា ភ្ញៀវទេសចរ​ភាគច្រើន​ចូលចិត្ត​សម្រាកកាយ​ស្រូបយក​ខ្យល់​បរិសុទ្ធ​ពី​ធម្មជាតិ មើល​ទឹកធ្លាក់ ជិះទូក​តាម​មាត់​ស្ទឹង មើល​ព្រៃ និង សត្វ ព្រៃ​ចុះ​ផឹក និង លេង​ទឹក ។ អ្នកទេសចរ​ក៏​អាច​ចុះ​ងូត និង ហែល​ទឹក​នៅ​ស្ទឹងដែលមាន​ជម្រៅ​សមល្មម​អាច​លេង​បាន ។ នៅ​ពេលយប់​ជាធម្មតា​ភ្ញៀវទេសចរចូលចិត្ត​បោះតង់​ដេក​នៅក្បែរ​មាត់​ស្ទឹងមើល​សត្វ​អំពិលអំពែក​ភ្លឺ​ផ្លេកៗ​បញ្ចេញ​ពន្លឺ ហោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​កំដរ​រាត្រី​ដ៏​ស្ងាត់ជ្រងំ ។

​កាលពី​ឆ្នាំ​បើក​បម្រើ​សេវាកម្ម​ទេសច​រណ៍​ដំបូង មាន​ភ្ញៀវ​ប្រហែលជា ៦០ នាក់មក​ទស្សនា​តំបន់​ទេសចរណ៍​អា​រ៉ែ​ង​នេះ ។ លោក សំណាង សង្ឃឹមថានៅ​ខែតុលា ឆ្នាំ ២០១៤ រហូតដល់​ខែកុម្ភៈ ឆ្នាំ ២០១៥ ខាងមុខនេះ​នឹងមាន​ភ្ញៀវ ទេសចរ​កាន់តែច្រើន​មកលេង​តំបន់​ធម្មជាតិ​អា​រ៉ែ​ងដែល​ការ​មក​កម្សាន្ត​នេះ​ក៏ជួយ​បង្កើត​មុខរបរនិងលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទីនោះ ឬ ជួយ​ចូលរួម​អភិរក្ស​ព្រៃឈើ និង បរិស្ថាន​ទាំងមូល​នៅ​តំបន់ជ័យ​អា​រ៉ែ​ងនោះ​ផងដែរ ៕ ហេង ហាក់​