យុវវ័យ​ត្រូវ​សម្លឹង​រក​ឱ​កាស​ការងារ​ឱ្យ​​ហួស​ពី​ព្រំដែន​​ប្រទេស

នៅ​ពេល​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ត្រូវ​បាន​ប្រកាស​កាលពី​ចុងឆ្នាំ​២០១៥ វា​បាន​បើក​លំហ​ថ្មី ដើម្បី​ឱកាស​ពាណិជ្ជកម្ម វិនិ​យោគ និង​ការងារ សម្រាប់​មនុស្ស​ទាំងអស់ នៅ​ក្នុង​សមាគម​អាស៊ាន ដែល​មាន​១០​ប្រទេស ។

ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បាន​នាំ​ទៅ​ដល់​ការ​បង្កើត​ទីផ្សារ​រួម​មួយ ដែល​មាន​ប្រជាជន​ជាង​៦២២​លាន​នាក់ ដែល​នឹង​មាន​លំហូរ​​សេរី​ទំនិញ សេវា និង​ការ​វិនិយោគ ព្រមទាំង​កម្លាំង​ពលកម្ម​ជំនាញ និង​ការ​ចរន្ត​សេរី​នៃ​មូលធន​នៅ​ក្នុង​តំបន់ ។

បច្ចុប្បន្ន ប្រជាជន​កម្ពុជា​ភាគច្រើន បាន​សម្លឹង​មើល​ឱកាស​ការងារ ឬ​ជំនួញ​ត្រឹម​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​មិន​បាន​គិតដល់
ឱកាស​​ជា​ច្រើន នៅ​ប្រទេស​ជិតខាង ពិសេស​ប្រទេស​៩​ផ្សេង​ទៀត នៅ​ក្នុង​សមាគម​អាស៊ាន​ដូច​គ្នា ។ ខណ​:​ដែល​សហគមន៍​សេដ្ឋ​កិច្ច​​អាស៊ាន ត្រូវ​បាន​ប្រកាស​ហើយ​នោះ ប្រជាជន​កម្ពុជា ត្រូវ​ប្រកាន់​យក​ផ្នត់គំនិត​ថ្មី​មួយ ដែល​ទូលាយ​ជាង​មុន ដោយ​មិន​ត្រូវ​គិត​ត្រឹម​​ព្រំដែន​ប្រទេស ដែល​មាន​ប្រជាជន​ប្រមាណ​១៥​លាន​នាក់​ឡើយ ។

ខណ​:​ដែល​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​កំណត់ និង​ចំណូល​ទាប​ជាង​ប្រទេស​ភាគច្រើន នៅ​ក្នុង​តំបន់​អាស៊ាន​នោះ បញ្ញជ​ន​កម្ពុជា​អាច​នឹង​ចាប់ផ្តើម​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ផ្សេង​ដូចដែល​ប្រជាជន​នៃ​ប្រទេស​ផ្សេង​សម្លឹង​មើល​ឱកាស​ធុរកិច្ច និង​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ។

ការ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស មិន​ត្រឹមតែ​អាច​ឱ្យ​ពួក​គេ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ឡើយ ប៉ុន្តែ​វា​ក៏​ជា​ឱកាស​សម្រាប់​ពួក​គេ​ទទួល​យក​បទ​ពិសោធន៍​ថ្មី និង​ចំណេះ​ថ្មី​សម្រាប់​យក​មក​អនុវត្ត ដើម្បី​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ផង​ដែរ ។

ដើម្បី​ចាប់​យក​ឱកាស​ថ្មី​នេះ ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស និង​ចំណេះដឹង​ពិតប្រាកដ គឺជា​ដើមទុន​ដ៏​សំខាន់​សម្រាប់​យុវវ័យ​កម្ពុជា​ទាំងអស់ ដែល​មាន​បំណង​ទៅ​ធ្វើការ​ក្រៅប្រទេស ។

វា​ដល់​ពេលវេលា​ហើយ ដែល​ប្រជាជន​កម្ពុជា ត្រូវ​ប្រកាន់​យក​ផ្នត់គំនិត​ដ៏​ទូលាយ​មួយ​សម្រាប់​ការងារ និង​ធុរកិច្ច​នានា ។

                                                                                                                                  ដោយ ៖ រ័ត្ន ធីយ៉ា