«​សារ​» ធ្វើ​ឲ្យ​ជន​ពិការ​ម្នាក់​រំភើប​រក​អ្វី​ស្មើ​ពុំ​បាន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើក​ឡើង​ពីសារ​ហ្វេ​ស​ប៊ុ​ក​បុរស​ពិការ​ម្នាក់ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) របស់​សម្តេច​បង្ហោះ​នៅ​១​ម៉ោង​មុន​នេះ នា​ព្រឹក​ថ្ងៃ​ទី​១២ មីនា ២០១៦ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖

«​កាលពី​យប់​កន្លង​ទៅ ខ្ញុំ​បាន​អាន​សារ​ដែល​ក្មួយ​ពិការ​ម្នាក់​តែងតែ​សរសេរ​មក​ខ្ញុំ​រៀង​រាល់ពេល​តាម Facebook ។ សារ​ដែល​ក្មួយ​ពិការ​សរសេរ​មក គឺជា​ការ​ចូលរួម​ក្នុង​ន័យ​លើកតម្កើង និង​ចែករំលែក​ក្តី​ស្រឡាញ់​។ ខ្ញុំ​បានអោយ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​រស់នៅ​ជាក់ស្តែង គឺ​ឃើញ​ថា​ក្មួយ​ពិការ​តាំងពី​កំណើត រស់នៅ​ជាមួយ​ប្រ​ព​ន្ឋ និង​កូន​២​នាក់ កូនស្រី​អាយុ ១៤ ឆ្នាំ និង​កូនប្រុស​អាយុ​៤​ឆ្នាំ​។

ក្មួយ​ប្រុស​នៅផ្ទះ​មើល​កូន​តូច​១ និង​ពេល​ខ្លះ​ឆ្លៀត​ទៅ​សុំទាន និង​គូស​គំនូរ​លក់​អោយ​ភ្ញៀវ​ទេសចរ​ណ៌​មុខ​វាំង រីឯ​ប្រ​ព​ន្ឋ​គឺ​ដើរ​រើស​អេ​ត​ចាយ​រក​លុយ​មក​បង់​បន្ទប់​ជួល​១​ខែ ២៥​ដុល្លារ និង​ផ្គត់ផ្គង់​អាហារ​និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។ ក្មួយ​ប្រុស ទោះបី​ពិការ​តែ​រាង​កាយ​ពិតមែន តែ​ក្មួយ​ខិតខំ​គ្រប់​អស់​ល​ទ្ឋ​ភាព​ដើម្បី​ចិញ្ចឹម​ថែទាំ​អាយុជីវិត​ខ្លួនឯង​ផង និង​ដើម្បី​កូន​ជាទី​ស្រឡាញ់​បាន​ចូល​រៀន​ផង ។

ដោយសារ​ការ​ព្យាយាម​និង​តាំងចិត្ត​របស់​ក្មួយ ខ្ញុំ​បាន​សម្រេច​ផ្តល់​ផ្ទះ​ធ្វើ​អំពី​ថ្ម​១​ខ្នង និង​មាន​ដី​សម្រាប់​ដាំ​បន្លែបង្ការ នៅ​ភូមិ​អភិវឌ្ឍន៍​តាកែ​ន​កោះ​ស្លា ខេត្តកំពត ដើម្បី​ក្មួយ​មានឱកាស​បាន​កសាង​ជីវភាព​រស់នៅ​និង​ដើម្បី​អនាគត​ល្អជា​មួយ​កូន​ប្រ​ព​ន្ឋ​នៅ​ទីនោះ​។

ខ្ញុំ​សូម​ជូនពរ​ក្មួយ និង​គ្រួសារ ព្រមទាំង​ជន​ពិការ​ទូ​ទាំង​ប្រទេស សូម​តស៊ូ​អំណត់​ព្យាយាម​។ ទោះបី​យើង​ពិការ​រាង​កាយ​ពិតមែន តែ​អ្វី​ផ្សេង​ទៀត គឺ​មិន​ពិការ​ឡើយ​។ ហើយ​សូម​បងប្អូន​ជនរួមជាតិ ជា​ពិសេស​អ្នក​ដែល​មាន​ធនធាន​ធូរធារ សូម​ចូលរួម​ចែករំលែក​ជួយ​ដល់​អ្នក​ទន់ខ្សោយ ដូច​ជា​ជន​ពិការ​ជាដើម​» ៕