របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធលើប្រាក់ចំណេញ​នឹង​ត្រូវ​បិទ​នៅ​ដំណាច់​ខែមីនា​នេះ

ខេត្តសៀមរាប ៖ សិក្ខាសាលា​ស្តី​ពី «​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធលើប្រាក់ចំណេញ និង​វិធាន​ប្រើ​ប្រាស់​វិក្កយបត្រ​សម្រាប់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស​»​នេះ គឺជា​សិក្ខា​សាលាដំបូង​បង្អស់​សម្រាប់​ខេត្តសៀមរាប ដែល​បាន​រៀប​ចំ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ស្រប​ពេល​ដែល​រដូវ​កាល​នៃ​ការ​ដាក់​លិខិត​ប្រកាស និង​បង់​ពន្ធលើប្រាក់ចំណេញ​សម្រាប់​ឆ្នាំ​២០១៥ នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ដំណាច់​ខែមីនា​ឆាប់​ៗ​ខាង​មុខ ។

លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​ចូលរួម​បើក​សិក្ខាសាលា​ស្តី​ពី «​ពន្ធ​ល​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ របៀប​បំពេញ​លិខិត​ប្រកាស​ពន្ធលើប្រាក់ចំណេញ និង​វិធាន​ប្រើប្រាស់​វិក្កយ​បត្រ​សម្រាប់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស​» កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល នា​ខេត្តសៀមរាប ។

លោក គង់ វិបុល បាន​ថ្លែង​ទៀត​ថា ក្នុង​បរិបទ​មួយ​ជាក់លាក់​បែប​នេះ គឺ​ទាមទារ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ប្រមូល​ចំណូល​ពន្ធ​ឲ្យ​បាន​គ្រប់​តាម​ផែនការ​ច្បាប់ ។ ប្រការ​នេះ​តម្រូវ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវ​តែ​អនុវត្ត​យ៉ាងម៉ឺង​ម៉ាត់ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​គោលនយោបាយ​កែទម្រង់​ស៊ី​​ជម្រៅ និង​ត្រូវ​ចាប់​យក​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈ​ពេល​មធ្យម​២០១៤-២០១៨ ធ្វើ​ជា​ត្រីវិស័យ​សម្រាប់​ចង្អុល​បង្ហាញផ្លូវ​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃក្នុង ។

តាម​រយៈ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​ខិតខំ​ពង្រីក​និង​កែ​លំអ​រដ្ឋបាល ក្នុង​បំណង​បង្កើន​ប្រសិទ្ធភាព​និង​ភាព​ស័ក្តិសិទ្ធិ​នៃ​ការ​ផ្តល់​សេវា​ជូន​អ្នក​ជាប់ពន្ធ​គ្រប់​មជ្ឈដ្ឋាន ។ ព្រម​ជាមួយ​គ្នា​នេះ ការ​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​សារពើពន្ធ ការ​ធ្វើ​ទំនើប​កម្ម​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​​សម្រាប់​ដាក់​ឲ្យ​ដំណើរការ​នូវ​ការ​គ្រប់គ្រង​បង់ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​(E-Tax) ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោលដៅ​ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​ជូន​អ្នក​ជាប់ពន្ធ​។​កាលពីដើម​ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ការ​ចុះបញ្ជី​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក (E-Registration) ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ឆាប់រហ័ស និង​មាន​ភាព​ច្បាស់លាស់​សម្រាប់​ទាំង​អ្នក​ជាប់ពន្ធ និង​រដ្ឋបាល​សារពើពន្ធ ព្រមទាំង​បាន​រៀបចំ​ប្រព័ន្ធ​រង់ចាំ (Queuing System) និង​បង្កើត​កម្មវិធី​សម្រាប់​អ្នក​ជាប់ពន្ធ​វាយតម្លៃ​អំពី​ការ​ផ្តល់​សេវា​ជូន​អ្នក​ជាប់ពន្ធ​របស់​មន្ត្រី​ពន្ធដារ និង​កែសម្រួល​ម៉ោង​បម្រើ​ការងារ​របស់​អង្គភាព​មួយ​ចំនួន​ក្រោម​ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ជា​អង្គភាព​ជួប​ប្រា​ស័​យ​ទាក់ទង​ផ្ទាល់ ព្រមទាំង​ផ្តល់​សេវា​ជូន​អ្នក​ជាប់ពន្ធ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ផ្នែក​សេវា​ពន្ធដារ​របស់​អ្នក​ជាប់ពន្ធ​ថែម​ទៀត​ផង ។

ក្នុង​ក្រប​ខណ្ឌ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ មិន​មាន​គោលការណ៍​បង្កើត​ប្រភេទ​ពន្ធ​ថ្មី ឬ​ដំឡើង​អត្រាពន្ធ​បន្ថែម ដែល​ជា​បន្ទុក​ដល់​ប្រជាពលរដ្ឋ​និង​ធុរជន ក្នុង​គោលដៅ​បង្កើន​ចំណូល​ថវិកាជាតិ​នោះ​ទេ ។ ប៉ុ​ន្តែ​អគ្គនា​យក​ដ្ឋាន​ពន្ធដារ នឹង​ខិតខំ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន តាម​រយៈ​ការ​អនុវត្ត​វិធាន​ការ​យ៉ា​ង​ម៉ឺងម៉ាត់​​ទាំង​វិធានការ​ច្បាប់ និង​វិធានការ​រដ្ឋបាល ចំពោះ​ការ​គេចវេះ​ពន្ធ ការ​លួច​បន្លំ​ពន្ធ​តាម​គ្រប់​រូបភាព ដើម្បី​ធានា​បាន​នូវ​បរិយាកាស​ធុរកិច្ច និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ចំពោះ​គ្រប់​ធុរជន ក្នុង​គោលដៅ​ប្រមូល​ចំណូល​ប្រកបដោយ​តម្លាភាព ប្រសិទ្ធ​ភាព ស័ក្តិ​សិទ្ធ​ភាព និង​សមធម៌ ព្រមទាំង​បង្ក​ឲ្យ​មាន​សង្គតិភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្រប​តាម​គោលនយោបាយ​កែទម្រង់​ស៊ី​ជម្រៅ​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ថា ជាង​នេះ​ទៅ​ទៀត អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​និង​កំពុង​កែសម្រួល​និង​បំពេញបន្ថែម​នូវ​បទ​ប្បញ្ញត្តិ​នានា​ស្តី​ពី​ពន្ធដារ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​កាន់តែ​មាន​ភាព​សាមញ្ញ​ទាក់​ទាញ និង​ជួយ​សម្រួល​ជូន​អ្នក​ជាប់ពន្ធ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​សំដៅ​ធ្វើ​យ៉ាង​ណា​ធានា​បាន​នូវ​ប្រសិទ្ធភាពប្រមូល​ចំណូល​ពន្ធ​សម្រាប់​ជា​គុណប្រយោជន៍​ជូន​ជាតិ ៕