Chelsea បើក​ភ្លើង​ខៀវ​ឲ្យលោក Conte នាំ​យក​​បុគ្គលិកគ្រូ​បង្វឹក​របស់​លោក

លោក Antonio Conte កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ក្លិប Chelsea ក្រោយ​ពី​​ការ​ពិភាក្សា​​ផ្សេង​ៗ​បាននាំ​ឲ្យ​ក្លិប និង​គ្រូ​បង្វឹក​វ័យ​៤៦​ឆ្នាំ​រូប​នេះ​យល់ព្រម​លើការ​នាំ​មុខ​បុគ្គលិក​គ្រូ​បង្វឹក​មួយ​ចំនួន​របស់​លោក​។

conte-coachគ្រូ​បង្វឹក​នៃក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី​នា​ពេល​បច្ចុប្បន្ន​រូបនេះ គឺ​ជា​​បេក្ខ​ភាព​នាំមុខ​គេ​ក្នុង​ការ​ចូល​កាន់​តំណែង​ជំនួសលោក Guus Hiddink នៅ​រដូវក្តៅ​​ខាងមុខ និង​បាន​ជួប​ប្រជុំជាមួយនឹង Chelsea ជាច្រើនលើក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ​។ លោក Conte អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់ Juventus បាន​ធ្វើ​ឲ្យ​​ថ្នាក់​​ដឹក​នាំ​របស់​ក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League ចាប់​អារម្មណ៍ ហើយលោក​ត្រូវ​​បាន​គេ​រំពឹង​ទុក​ថា នឹង​ចុះ​ហត្ថ​លេខា​រយៈ​ពេល​៣​​ឆ្នាំ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ ពោល​គឺ​ប្រហែលនៅ​​សប្តាហ៍ក្រោយ​ ប្រសិន​​បើ​សេចក្តី​លម្អិត​ក្នុងកិច្ច​សន្យា​របស់​លោក​អាច​ឈាន​ដល់​ការ​យល់​ព្រម​។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូបនេះ មិន​ទាន់​បាន​ជួប​ជាមួយ​នឹងលោក Roman Abramovich ដែល​ជា​ម្ចាស់​ក្លិប Chelsea ជា​ឯក​ជន​នៅ​ឡើយ​ទេ ប៉ុន្តែ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ជួប​នៅទីក្រុង​ឡុងដ៍​​នា​សប្តាហ៍ក្រោយ​​។

លោក Conte ចង់​​នាំ​យក​គ្រូ​បង្វឹក​ជំនួយ​របស់​ខ្លួន​គឺលោក Angelo Alessio និង Massimo Carrera ក៏​ដូច​ជា​សហ​ការី​ពីរ​នាក់​ផ្សេង​​ទៀត​ជា​មួយនឹង​រូប​លោក​ទៅកាន់​ទីក្រុង​ឡុងដ៍​ភាគ​ខាងលិច ខណៈ​ដែល​គ្រូ​បង្វឹក​ផ្នែក​អង្កេត Mauro Sandreani និងលោក Gianluca Conte ដែល​ជា​បង​ប្រុស​​របស់​លោក ក៏​នឹង​ចូល​រួមក្នុង​តំណែង​ផ្សេង​ៗ​ផង​ដែរ​។ ក្លិប Chelsea បាន​ឲ្យ​ដឹងក្នុង​កិច្ច​ពិភាក្សា​ថា​ លោក Conte អាច​នាំ​យក​មសមា​ជិក​គ្រូ​បង្វឹក​របស់​លោក​ចំនួន​បួន​នាក់​។ លោក Steve Holland ដែល​ជា​គ្រូ​​បង្វឹក​ជំនួយនា​ពេល​បច្ចុប្បន្ន​នៅ Chelsea ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​បន្ត​នៅ​ក្នុង​ក្លិប​នេះ បើ​ទោះ​បី​នរ​ណា​កាន់​តំណែង​នៅ​រដូវក្តៅ​ខាង​មុខ​ក៏​ដោយ​៕

ប្រភព​ព័ត៌​មាន៖ The Guardian