​បាល់​ទាត់​ពាន​អេស៊ីលីដា រដូវ​កាល​ថ្មី បើក​ការ​ប្រកួត​នៅ​ថ្ងៃសៅរ៍នេះ

ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ធនាគារ​អេស៊ីលីដា ប្រចាំ​ឆ្នាំ​២០១៦ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​បើក​ឆាក​នៅព្រឹក​​ថ្ងៃ​សៅរ៍​នេះ ខណៈ​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ មាន​ក្រុម​កីឡាករ​ជា​បុគ្គលិក​ផ្ទាល់​របស់​ធនាគារអេស៊ីលីដា នៅ​ទូ​ទាំង​ខេត្ត​ក្រុងនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ចូល​រួម​រហូត​ដល់​៧២​ក្រុម គឺ​មាន​ការ​កើន​ឡើង​ជាង​ការ​ប្រកួត​រដូវ​កាល​កន្លង​មក​។

acleda-cup-2បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត បាន​ផ្តល់​ឲ្យ​គឺ​ក្រុម​ទាំង​៧២​​តំណាង​ឲ្យ​ការិយាល័យកណ្តាល និង​សាខា​របស់​ធនាគារ​នេះ ត្រូវ​បាន​​បែង​ចែកការ​ប្រកួត​​ជា១២​ពូល ដោយ​ពូល​A, B, C និង​ពូល​D មាន​៨​ក្រុម​ដូច​គ្នា ខណៈ ពូល E1, E2, F1, F2, G1, G2, H1 និង​H2 គឺ​ក្នុង​១​ពូល​មាន​៥​ក្រុម​ដូច​គ្នា។

ពូល​ទាំង​១២​នេះ បាន​ចាប់​ឆ្នោត​កំណត់​ពេល​វេលា និង​ទី​តាំង​ប្រកួត​រួច​រាល់​អស់​ហើយ ដោយ​ត្រូវ​ធ្វើ​នៅ​តាម​ទី​លាន​ផ្សេងៗ​គ្នា ខណៈ​ក្រុម​នៅ​តាម​ខេត្ត​ឆ្ងាយៗ ត្រូវ​រៀបចំ​ការ​ប្រកួត​នៅ​តាម​តំបន់រៀងៗ​ខ្លួន ប៉ុន្តែ​ត្រូវ​គោរព​គោលការណ៍​របស់​​គណៈកម្មការ​ធំ ដែល​មាន​មូល​ដ្ឋាន​នៅភ្នំពេញ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ ដំណើរ​ការ​​ទៅ​បាន​រលូន ព្រោះ​គោល​ការណ៍​សំខាន់​នៃ​ការ​ប្រកួត​នេះ​គឺ​លេង​កីឡា​ដើម្បី​សុខ​ភាព មិត្ត​ភាព និង​សាមគ្គី​ភាព ដោយ​យក​ការ​លេង Fair Play ជា​ធំ។​

acleda-cup-1

យ៉ាង​ណា​មិញ សម្រាប់បើក​ឆាក​តាម​ពូល​នៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​លើ​កីឡដ្ឋាន​វេស្ទើន ថ្ងៃ​សៅរ៍​នេះ ដោយ​ក្នុង​នោះ​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​២០១៥ការិយាល័យ​កណ្តាល(ឃ) ដែល​ឈរ​នៅ​ពូល​B ត្រូវ​​ប្រកួត​ជាមួយ​ក្រុម​សាខា​ម៉ៅសេទុង នាព្រឹក​ម៉ោង ៧:៣០​ទៅ រីឯ​ក្រុម​សាខា​ស្រុក​បាទី ដែល​ឈរ​នៅ​ពូល​D ត្រូវ​ប្រកួត​ជាមួយ​ក្រុម​សាខា​វិមាន​ចតុ​មុខ ចាប់​ពី​ព្រឹក​ម៉ោង ៩:៣០ ត​ទៅ៕

group-of-acleda-cup-1

group-of-acleda-cup-2