ដូនចាស់​ទុគ៌ត ២ នាក់​បងប្អូនរ​ស់រង់​ចាំតែ​ថ្ងៃ​ស្លាប់​

6 Videos


​មនុស្ស​យើង​កើតមក​រមែង​តែងតែមាន​ព្រេងវាសនា​មិន​ដូចគ្នា​ទេ អ្នកខ្លះ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ហូប​ឆ្ងាញ់​ដេក​ស្រណុក​សុខ​ស្រួលដែល​ចាស់ៗ​ច្រើនតែ​និយាយថា​មកពី​សម្ពាយ​បុណ្យ ។ ដោយ ឡែក​អ្នកខ្លះ​ក្រលំបាក​វេទនា​មិនដែល​ស្គាល់​ភាពសុខដុមរមនា​ក្នុង​ជីវិត​ម្តងណា​ឡើយ រកតែ​បាយ​ហូប​មិន​ចង់បាន​ផង​ដែល​គេ​ច្រើនតែ​និយាយថា​សម្ពាយ​កម្មជា​ព្រេងវាសនា​ទេវតា​ចារ​មក​យ៉ាងនេះ ។ ជាក់ស្តែង​ដូចជា​ដូនចាស់​ពីរ​នាក់​បងប្អូន​នេះសូម្បីតែ​សម្លៀកបំពាក់​មិនដែល​ស្គាល់​ថ្មី​នោះទេ​ស្លៀក​តែ​សម្លៀកបំពាក់​កញ្ចាស់ៗ​ដែលអ្នកភូមិ​ក្បែរ​នោះ​ដាក់​ទាន​ឱ្យដូច្នេះហើយ​បានជា​អ្នកមាន​ព្រ​ទ្យ​គេ​ប្រឹងធ្វើបុណ្យ​ដាក់​ទាន​កុំឱ្យ​អនាគតជាតិ​ប្រសព្វ​ជួប​ភាពលំបាក​វេទនា ។​

ដូនចាស់​ទុគ៌ត ២ នាក់​បងប្អូនរ​ស់រង់​ចាំតែ​ថ្ងៃ​ស្លាប់​

M88


​នៅក្នុង​កូនខ្ទម​ធ្លុះធ្លាយ​មួយ​ដែល​មើល​ពី​ម្ខាង​ឃើញ​ដល់​ម្ខាងមាន​ទំហំ ២ ម៉ែត្រ គុណ​នឹង ៣ ម៉ែត្រ ដំបូល​ប្រក់​ស្លឹក​យ៉ាង​កញ្ចាស់​ដែល​កើតចេញពី​ការអាណិតអាសូរ​ពី​អ្នក​ក្នុងភូមិដោយ​គេ​បាននាំគ្នា​សង់​ដើម្បីឱ្យ​ពួកគាត់​ស្នាក់នៅ ។ បច្ចុប្បន្ន​ដូនចាស់ទាំងពីរ​នាក់រស់នៅ​ជាយ​ភូមិ​តា​នូ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នៅ ពេលដែល​លោកអ្នក​បាន​ចូលទៅ​ដល់​ពិតជា​មានការ​សង្វេគ​ជា​ខ្លាំង​នៅពេលដែលបានឃើញ​ទិដ្ឋភាព​រស់នៅ​ដ៏​សែន​លំបាក​វេទនា​របស់​ដូនចាស់​ពីរ​នាក់​បងប្អូន​ដល់​ម៉ោង ជិត ១ រសៀល​ទៅហើយ​ទើបតែ​ឃើញ​ដូនចាស់​ចាប់ផ្តើម​លាងចាន​ឆ្នាំង​ចាស់ៗ ២ ទៅ ៣ ដាក់​ដាំបាយហូប ។

​ពេល​ឃើញ​អ្នកយកព័ត៌មាន​របស់​យើង​ចុះទៅ​ដល់​តាម​ការចង្អុល​បង្ហាញ​ពី​អាជ្ញាធរ​ភូមិទុគ្គត​ជន​ទាំងពីរ​នាក់​បងប្អូន​បានស្រ​វេ​ស្រវា​យក​កន្សែង​បង់​កមក​បោស​រនាបឫស្សីអញ្ជើញ​ភ្ញៀវ​ឱ្យចូល​អង្គុយលេង​ក្នុងនាម​ពួកគាត់​ជា​ម្ចាស់ផ្ទះ ។ ជាមួយនឹង​សកម្មភាព​កំពុងតែ​លាងចាន​ដែលមាន​ធុង​ទឹក​ពណ៌​ខ្មៅ​នៅក្បែរ​ខ្លួន​​ហើយ​បាយ​នៅលើ​ចង្ក្រាន​ក៏​ឆ្អិន​ទៅហើយនោះតែមិនដឹងថា​ម្ហូប​នៅទីណា​ទេ ។

ដូនចាស់​ទុគ៌ត ២ នាក់​បងប្អូនរ​ស់រង់​ចាំតែ​ថ្ងៃ​ស្លាប់​

​ក្រឡេកមើល​ទៅក្នុង​កូនខ្ទម​ដ៏​កម្សត់​នេះ​មានតែ​កន្ទេល​ខ្នើយ​ចាស់ៗនិងក្រឡ​អំបិល សូម្បីតែ​ទឹកត្រី ទឹកស៊ីអ៊ីវ ក៏​មិនមាន​ផង​នោះ​ដូនចាស់​ឈ្មោះ គឹម ជុំ អាយុ ៧៨ ឆ្នាំ ដែលជា​ប្អូន​បាន​ប្រាប់​អ្នកយកព័ត៌មាន​របស់​យើង​ទាំង​សំឡេង​ញ័រ​មួយៗ​ថា​«​ក្មួយ​អើយ ! មូលហេតុ​ដែល​ពួក​ខ្ញុំ​ទើបតែ​ដាំបាយហូប​នេះ​ដោយសារតែ​ទើបតែ​ខ្ចីបុល​អង្ករ​ពី​អ្នកស្រុក​បានហើយ​ពេល​ស៊ីឈ្នួល​ធ្វើ​កញ្ច្រែង​ឱ្យគេ​បាន​ប្រាក់​ទើប​យកប្រាក់​សង​គេ​វិញ ។ ពេលនេះ​បាន​អង្ករ​ដាំបាយ​ហើយតែ​អត់​មាន​ម្ហូប​ទេ​រាល់ថ្ងៃនេះ​លំបាក​វេទនាណាស់ មិន ដែល​បាន​ហូប​ឆ្អែត​នោះទេ​ទាំងនេះ​ដោយសារតែពួក​ខ្ញុំ​ចាស់ៗ​ហើយ​មិនដឹង​ជា​ទៅ​ស៊ីឈ្នួល​ធ្វើ​អី​កើត នោះទេ មានតែ​ប្រឹង​រស់​ពីរ​នាក់​បងប្អូន​ទៅតាមយថាកម្ម​ចុះធ្វើ​យ៉ាងម៉េច​បើ​ព្រហ្ម​លិខិត​កំណត់ជីវិត​ពីរ​នាក់​បងប្អូន​ឱ្យ​ជួប​បែបនេះរង់ចាំ​ថ្ងៃ​ណា​ថ្ងៃហ្នឹង​ចុះរាល់ថ្ងៃ​សង្ឃឹមលើ​អ្នកស្រុក​នៅក្បែរៗ​នេះជួយ​ធ្វើបុណ្យ​ឱ្យទៅ​ចុះ​»​។

​សម្បុរ​ស​ដូច​សំឡី​ដោយសារតែ​គាត់​មាន​ជំងឺ​ម្យ៉ាង​ដែល​ខ្លួនឯង​មិនដឹងថា​ជា​ជំងឺ​អ្វី​នោះទេគឺស្បែក​របស់គាត់​របក​រហូត ហើយ​មាន​ការឈឺ​ចុកចាប់​ពេញ​ទាំង​ខ្លួន ។ សព្វថ្ងៃ​គាត់​រស់​នៅតែ​ពីរ​នាក់បងស្រី​ម្នាក់​ឈ្មោះ គឹម ជន អាយុ ៧៩ ឆ្នាំ ពិការ ភ្នែក​មើល​មិនសូវ​ច្បាស់​ទេធ្វើ​អ្វី​ក៏​មិនកើត​ដែរ ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បើ​គាត់​មិន​អាចធ្វើ​កញ្ច្រែង​ឱ្យអ្នកភូមិ​បានទេ គឺ​ពួកគាត់​ដេក​អត់បាយសម្លឹងមើលមុខ​គ្នា​នៅក្នុង​កូនខ្ទម​ដ៏​កម្សត់​មួយ​នេះរង់ចាំ​ការដាក់​ទាន​ពី​អ្នកភូមិ ។

​មានពេលខ្លះ​ទៀតដោយ​ពួកគាត់​ដាច់​ពេល​ខ្លាំងពេក​មិនមាន​វិធី​ណាដោះស្រាយ​ចម្អែត​ក្រពះ​មួយគ្រាៗ​នោះ ពួកគាត់ បាន​កាន់​ចាន​ដើរ​សំដៅ​ទៅសុំ​បាយ​ម្ហូប​ពី​អ្នក​ជិតខាងដោយសារតែ​គេ​អាណិត​គឺ​គេ​ចេះតែ​ឱ្យ​ហូបរហូតមក ។ ​កំពុងតែ​កាប់​អុសនៅពេលដែល​បង​មិនអាចជួយ​ធ្វើ​អ្វី​បានហើយ​គាត់​កំពុងតែ​អង្គុយ​លើ កាំជណ្តើរ​ឡើងទៅ​លើ​ខ្ទមលោកយាយ គឹម ជុំ ដែល​ត្រូវជា​ប្អូន​បាន​ប្រាប់ថាគាត់​គ្មាន​ប្តីសី​នឹង​គេទេ​តាំងពី​តូច​មកដូច្នេះ​ទើប​គ្មាន​កូនចៅ​នឹង​គេ ។ ចំណែក​បងស្រី គឹម ជន វិញ​ធ្លាប់មាន​ប្តី​ដែរ តែបាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប ប៉ុល ពត ដោយបន្សល់​នូវ​កូនប្រុស​ម្នាក់តែ​ពេលនេះ​កូន​មាន ប្រពន្ធ​បែក​ផ្ទះ​ហើយ ហើយក៏​ក្រ​ទៀត​ដែល​មិនអាចជួយ​ពួកគាត់​បានរក​មួយថ្ងៃ​ហូប​មួយថ្ងៃ​យោង តែ​អាត្មា​ខ្លួនឯង​មិន​រួច​ផង​។

​លោកពូ មឹង សុ​ភ័​ណ្ឌ ជា​មេភូមិ និង អ្នក​មីង ណេ​ន ស៊ីម អាយុ ៤២ ឆ្នាំ និង លោកពូ ស សា​រុំ អាយុ ៤៥ ឆ្នាំ ដែលជា​អ្នកជិតខាង និង ធ្លាប់​ហុច​បាយ​ទឹកជា​ញឹកញាប់​ជាការ​ដាក់​ទាន​បាន​ប្រាប់​ឱ្យដឹងថា ដូនចាស់​ពីរ​នាក់​បងប្អូននេះ​ពិត​ជាមាន​ជីវភាព​ក្រលំបាក​វេទនា​ខ្លាំងណាស់មិនដែល​បាន​ហូប​ឆ្ងាញ់​ម្តងណា​ទេសូម្បីតែ​ហូប​ឆ្អែត​ក៏​មិនដែល​ផង ។

​កូនខ្ទមរបស់គាត់​នេះ​កុំ​តែមាន​ការជួយ​ចាត់ចែង​ពី​មេភូមិនិងអ្នកជិតខាង​ជួយ​បាំងបិទ​ប្រក់​ឱ្យ​កុំ​អីរដូវ​កាល​នេះ​រកតែ​កន្លែងដេក​គ្មាន​ផង ។ សព្វថ្ងៃ​សម្លៀក​បំ​ពាក់​របស់គាត់​មិនដែល​ស្គាល់​ថ្មីទេ​គឺ​បាន​ពី​អ្នកស្រុក​ដាក់​ទាន​ឱ្យ រួមទាំង​ចានឆ្នាំង​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ផង ។ ដូច្នេះ​ពួកគាត់​ក្នុងនាម​ជា​មេភូមិ និងអ្នកជិតខាង​ក៏ដូចជា​ពីរ​នាក់​បងប្អូន​ទុគ៌ត​អត់ ឃ្លាន​នេះ​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ទាំង ក្នុង និង ក្រៅប្រទេស មេត្តាជួយ​សន្តោស​ប្រណី​ដល់​ដូនចាស់​ពីរ​នាក់​នេះ​ផងឱ្យ​ពួកគាត់​បាន​ស្គាល់​ពាក្យ​ថា​«​ហូប​ឆ្ងាញ់​ឆ្អែតនិងសម្លៀក​បំ​ពាក់​ថ្មី​»​នៅ​ជីវិតចុងក្រោយ​នេះដើម្បី​បាន​បិទ​ភ្នែក​ជិត ៕​ ​លី​លី​