ភ្លៀង​លាយ​រន្ទះ​ដើមឆ្នាំ បាញ់ប្រហារ​មនុស្ស​ស្លាប់​១ និង​របួសធ្ងន់​១

ខេត្ត​ប៉ៃលិន ៖ បុរស​​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​​ធ្លាក់​​ពីលើ​ម៉ូតូ​រង​របួស​​ដួល​​សន្លប់ ហើយ​ត្រូវ​​បងប្អូននិង​កម្ម​​​ករ​​​​ដំឡូង​​មី​ ហៅ​​​រថយន្ត​​ដឹក​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត ខណៈ​ជន​រង​គ្រោះ​​​កំពុងអង្គុយ​លើ​ម៉ូតូ​​ជ្រោក​​​ភ្លៀងរលឹម​ ពេល​នោះ​ ក៏មាន​​មក​រន្ទះបាញ់​មួយ​​គ្រាប់​​​​​តែ​ម្តង ។

ហេតុការណ៍​នេះ​​កើតឡើង កាលពី​វេលា​ម៉ោង​០៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១១ ​មីនា ​​២០១៦ ស្ថិត​​នៅ​ចំណុច​កន្លែង​ចិញ្ច្រាំ​​ដំឡូង​មី ក្នុង​ភូមិ​អូរ​ទឹក​ភ្លាវ ឃុំ​អូ​រង​ណ្តូ​ង​ ស្រុក​សាលា​ក្រៅ ។

​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះយ៉ា​ន់ យ៉ា​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កម្មករ​ចិញ្ច្រាំ​ដំឡូង​មី មាន​ទីលំនៅ​ក្នុងភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ឈ្មោះ រឿ​ន ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (ត្រូវជា​បងប្អូន) ជា​កម្មករ​ដូច​គ្នា រស់​នៅ​​ភូមិ​ខាងលើ ។

ប្រភពបន្តថា មុន​ពេល​កើតហេតុ ​​​ផ្ទៃមេឃ​ខ្មៅ​​អួរ​អាប់​ចង់​​ភ្លៀង ដោយ​មាន​ខ្យ​ល់បក់​បោក​​មក​ពី​ទិស​ខាងលិច ហើយ​ក្រុម​កម្មករ​ ក៏​នាំ​គ្នា​​រក​កន្លែង​សម្រាក​​រៀង​ៗ​ខ្លួន ដោ​យ​អ្នកខ្លះ​ប្រមូល​ចំណិត​ដំឡូង​មី​គ្រប​តង់​កៅស៊ូ ។ រីឯ​ជន​រង​គ្រោះ​ទាំង​២​នាក់ជិះ​ម៉ូតូ​មក​ដល់​ ក៏​អង្គុយ​នៅ​លើ​ម៉ូតូ​មើល​​ប្រពន្ធ និង​បងប្អូន​ដទៃ​ទៀត​ចិញ្ច្រាំ​ដំឡូង​មី​ មួយ​​សន្ទុះ​ក្រោយមកស្រាប់តែ​ផ្លេកបន្ទោរ​ផ្លេក​ៗជះ​ចំ​​ជន​រង​គ្រោះ ទើប​​លេច​ចេញ​ជា​រន្ទះបាញ់​ទៅ​លើ​ម៉ូតូ​ជន​រង​គ្រោះ​តែ​ម្តង ។