ចាប់​អតីត​អ្នកកាសែត​ម្នាក់និង​ប្រពន្ធ ពី​បទ​ជួញដូរ​គ្រឿងញៀន​ជាង​២​ពាន់​គ្រាប់

ខេត្ត​បន្ទាយ​​មាន​ជ័យ ​៖ បុរស​ជា​អតីត​​ភ្នាក់ងារ​​សារ​ព័ត៌មាន «​​រស្មី​ចេ​ន​ឡា»​ និង​ស្ត្រីជា​​ប្រពន្ធ ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថធ្វើការ​​ឃាត់​ខ្លួន​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ មីនា ២០១៦ ពាក់ព័ន្ធ​​ករណី​ជួញដូរ​គ្រឿងញៀន​​ចំនួន​២.៤៥១​គ្រាប់​ ​។

ជន​សង្ស័យទាំង​​២​នាក់​ប្តី​-ប្រពន្ធ ​ដោយ​ប្តី​​ឈ្មោះ​អួន ឈៀង​ហៃ ហៅ​វែង ​​អាយុ​៥១​ឆ្នាំ​ ជា​​ភ្នាក់ងារ​​ព័ត៌មាន​រស្មី​ចេ​ន​ឡា​ និងជា​​អ្នក​រត់​តាក់ស៊ី​​​​ ស្នាក់​​នៅ​ភូមិ​កណ្តាល​ ឃុំ​​ម៉ាឡៃ ​ស្រុក​ម៉ា​ឡៃ​ ​ចំណែកប្រពន្ធ​​ឈ្មោះ​ឃុ​ត ហួច ​​អាយុ​៣៩​ឆ្នាំ ។

​កម្លាំង​បាន​ដកហូត​​វត្ថុ​តាង​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ​​ខេ​ទឹកកក​ចំនួន​៤​​ថង់​តូច​ ទំងន់​១៥.៥​ក្រាម, យ៉ា​ម៉ា​ចំនួន​២.៤៥១​គ្រាប់​ និង​រថយន្ត​​កាមរីមួយគ្រឿង​ និង​ប័ណ្ណ​សារព័ត៌មាន​រស្មី​ចេ​ន​ឡា​ ដែល​ផុត​សុពល​ភាព​​១​សន្លឹក ​​កាលពី​​វេលា​ម៉ោង​២​​រសៀល​ថ្ងៃ​ទី​១១ មីនា ស្ថិត​នៅ​ភូមិ​កណ្តាល​ ឃុំ​​ម៉ាឡៃ ​ស្រុក​ម៉ា​ឡៃ​ ។