មេ​បញ្ជាការ​រង​គ​៣​នៅ​ស្រុក​កោះ​ញែក​បី​រូប​អះអាង​ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​សត្វ​ខ្ទីង

មេ​បញ្ជាការ​រង​គ​៣​នៅ​ស្រុក​កោះ​ញែក​បី​រូប​អះអាង​ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​សត្វ​ខ្ទីង



មណ្ឌលគិរី​ ៖​ មន្ត្រី​យោធា​៣​រូប​ជា​មេបញ្ជាការ​រង​គ​៣ ​នៅ​ស្រុក​កោះ​ញែក​ ដែល​រង​ការ​ចោទ​ថា​ ​​ជាប់​ពាក់ព័ន្ធ​​នឹង​ការ​បាញ់​សម្លាប់​សត្វ​ខ្ទីង​ នៅ​ក្នុង​ព្រៃ​ ស្រុក​កោះ​ញែក​នោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​មីនា ​ឆ្នាំ​២០១៦​នេះ​ បាន​ចេញ​មុខ​មក​បកស្រាយ​ និង​ធ្វើការ​បដិសេធ​​ មិន​ទទួល​ស្គាល់​ជុំវិញ​ការ​ចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​នេះ​ឡើយ។

មេបញ្ជាការ​រង​កងអនុសេនាធំ​ទី​៣ ​ស្រុក​កោះ​ញែក​ទាំង​៣​រូប​ ដែល​រង​ការ​ចោទប្រកាន់​នោះ​ទី១. ​លោក​ស័ក្ដិ​២​ សុខ មករា ទី​២.​លោក សក្ដិ​១​អ៊ុក សារុន ​ទី៣. លោក អៃ សុខ​ពៅ។

មន្ត្រី​ទាំង​បី​រូប​នេះ ​​បាន​រង​នូវ​ការ​ចោទ​ប្រកាន់ ​ក្រោយ​ពី​មាន​ករណី​ ​​សត្វ​ខ្ទីង ​មួយ​ក្បាល​ងាប់​កណ្ដាល​ព្រៃ ​ក្នុង​ស្រុក​កោះ​ញែក ​​ហើយ​ត្រូវ​បាន​​មន្ត្រី​ព្រៃ​ការពារ​មណ្ឌលគិរី​​​ប្រទះ​ឃើញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ២០១៦។ ក្រោយ​ពី​រង​នូវ​ការ​ចោទ​ប្រកាន់​រួច​មក ​​មន្ត្រី​ទាំង​បី​រូប​បាន​ធ្វើ​ការ​បំភ្លឺ​ជូន​មេបញ្ជាការ​វរៈ​ ក៏​ដូចជា​មេ​យោធា​ខេត្ត​របស់​ខ្លួន​ថា ​ពួកគេ​ពុំ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ នឹង​ការ​បាញ់​សម្លាប់​សត្វ​ខ្ទីង​នោះ​ឡើយ​ ព្រោះ​ស្រប​ពេល​ ដែល​​​មន្ត្រី​ព្រៃ​ការពារ​មណ្ឌលគិរី​បាន​ប្រទះឃើញ​សត្វ​ខ្ទីង​ងាប់​កណ្ដាល​ព្រៃ​នេះ ​​ក៏​មាន​វត្តមាន​របស់​ពួកគេ​នៅ​ទី​នោះ​ដែរ​ដើម្បី​រួមគ្នា​ ពិនិត្យ​ក្នុង​ហេតុការណ៍​ហ្នឹង​ឈាន​ទៅ​រក​ការ​រួម​គ្នា​ធ្វើ​របាយការណ៍ ​និង​កំណត់​ហេតុ​ដើម្បី​រាយការណ៍​ជូន​ថ្នាក់​របស់​ខ្លួន​រៀង​ៗ​ខ្លួន តែ​រឿង​នេះ​បែរ​ជា​មន្ត្រី​ព្រៃ​ការពារ​ឆ្លើយ​ថា ​អត់​មាន​ក្រដាស​សរសេរ​របាយការណ៍​ទេ។

បន្ទាប់​មក​ទៀត ​កម្លាំង​មន្ត្រី​ព្រៃ​ការពារ​ និង​ពួកគេ​ទាំង​បី​នាក់​បាន​នាំគ្នា​ទៅ​ពិនិត្យមើល​សាច់​សត្វ​ខ្ទីង​ ដែល​ជនល្មើស​បាន​សម្លាប់ ​និង​ដាក់​ហាល​ព្រោងព្រាត​ពេញ​ព្រៃ​ឫស្សី។ មន្ត្រី​យោធា​ទាំង​បី​រូប​បញ្ជាក់​ថា ​ក្នុង​ហេតុការណ៍​នេះ​ ​គេ​បាន​ធ្វើ​ការ​រួមគ្នា​ក្នុង​កិច្ចការ​នេះ​រហូត តែ​នៅ​ពេល​ក្រោយមក​ហេតុអ្វី​បានជា​ក្រុម​មន្ត្រី​ព្រៃ​ការពារ​ទាំងនោះ​នាំគ្នា​ចោទ​ថា​មន្ត្រី​យោធា​បី​រូប​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​សម្លាប់​សត្វ​ខ្ទីង​នេះ​ទៅវិញ រហូតដល់​មានការ​ចុះផ្សាយ​តាម​ទំព័រ​សារព័ត៌មាន​​​​​ព្រោងព្រាត​ថា ​ពួកគេ​(​មន្ត្រី​យោធា​)​ជាប់​ពាក់ព័ន្ធ​រឿង​នេះ។ បញ្ហា​នេះ​ ​ធ្វើ​ឲ្យ​សាធារណជន​ទូទាំង​ប្រទេស​មាន​ការ​យល់​ច្រឡំ ហើយ​វា​បាន​និង​កំពុង​ធ្វើឲ្យ​មាន​ការ​ប៉ះពាល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​មនុស្ស​ និង​វិន័យ​របស់​កងទ័ព​ទៀត​ផង។ ពួក​គេ​បាន​ស្នើ​ឲ្យ​មន្ត្រី​ព្រៃ​ការពារ​មណ្ឌលគិរី​ ធ្វើការ​បកស្រាយ​រឿង​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ស្ដារ​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​ របស់​ពួកគេ​ឡើងវិញ​​ និង​ស្នើ​ឲ្យ​មន្ត្រី​ទាំងនោះ​មុន​នឹង​ធ្វើការ​ចោទ ឬ​ដាក់​បន្ទុក​ទៅលើ​​ណា​ម្នាក់ ​ឬ​ច្រើន​នាក់​សូម​មេត្តា​ជួយ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ផង ​ជៀសវាង​ការ​ប៉ះពាល់​កិត្តិយស​ដល់​អ្នកដទៃ។

លោក​ឃិន ម៉េង​ស្រេង​ បាន​ថ្លែង​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា​ ថា​ លោក​នឹង​ត្រៀម​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ការពារ​ព្រៃ​ការពារ​មណ្ឌលគិរី​ទៅ​តុលា​ការ​ឲ្យ​រក​យុត្តិធម៌​ជូន​មន្ត្រី​របស់​ខ្លួន​នៅ​ពេល​ឆាប់ៗ​នេះ ​គ្រា​ដែល​មន្ត្រី​លោក​ ត្រូវ​បាន​មន្ត្រី​ព្រៃ​ការពារ​ចោទប្រកាន់​ហាក់បីដូចជា​អត់​ភស្តុតាង៕