អ្នកច្បាប់ ៖ ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ខេត្តបាត់ដំបង បំពាន​រដ្ឋធម្មនុញ្ញ​

អ្នកច្បាប់ ៖ ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ខេត្តបាត់ដំបង បំពាន​រដ្ឋធម្មនុញ្ញ​



ភ្នំពេញ​ ៖ អ្នកច្បាប់​ឯករាជ្យ​មានបទពិសោធន៍​ច្រើន​ឆ្នាំ​លើក​ឡើង​ថា លិខិត​របស់​លោក​ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ខេត្តបាត់ដំបង ដែល​ផ្ញើ​មកកាន់​ប្រធាន​សា​លា​ដំបូង​ខេត្តបាត់ដំបង សំណើសុំ​សាលក្រម​ស្ថាពរ ( ថតចម្លង ) គឺ បំពាន​រដ្ឋធម្មនុញ្ញ។ អ្នកច្បាប់​រូប​នេះ បញ្ជាក់​ថា តើ​មន្ទីរ​នេះ​មាន​សិទ្ធិ​តាមដាន​ការអនុវត្ត​ច្បាប់​របស់​តុលាការ ផ្អែក​តាមច្បាប់​ណា ?។

ប្រតិកម្ម​របស់​អ្នកច្បាប់​ខាង​លើ​នេះ ធ្វើឡើង​បន្ទាប់ពី បែកធ្លាយ​លិខិត​ លោក អៀ វ៉ាន់​នី ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តបាត់ដំបង ផ្ញើ​ទៅកាន់​ប្រធាន​សាលា​ដំបូ​ង​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ កន្លងទៅ មានកម្ម​វត្ថុ សំណើសុំ​សាលក្រម​ស្ថា​ពរ ( ថតចម្លង ) ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ ២០១៥។

លោក អៀ វ៉ាន់​នី បាន​ជម្រាប​មកកាន់​ប្រធាន​សាលាដំបូង​ខេត្តបាត់ដំបង តាមរយៈ​លិខិត​នេះ​ថា ដោ​យ​មន្ទីរ​មាន​ភារកិច្ច​ត្រូវ​តាមដាន​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ដើម្បី​មាន​មូលដ្ឋាន​រាយ​ការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​បាន​ជ្រាប​អំពី​ការអនុវត្ត​ច្បាប់​ក្នុង​រង្វង់​ខេត្តបាត់ដំបង។

ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកច្បាប់​ឯករាជ្យ​ចាស់វស្សា​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ថា លិខិត​របស់​លោក​ប្រធាន​មន្ទីរ​រូប​នេះ​កំពុង​បំពាន​រដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ​បាន​ចែងថា អំណាចតុលាការ​ជា​អំណាច​ឯករាជ្យ​ក្នុងចំណោម​អំណាច​ទាំង​៣ ពោល​គឺ អំណាច​នីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាច​តុលាការ។

អ្នកច្បាប់​រូប​នេះ សង្កត់​ធ្ងន់​ថា តើ​លោក​ប្រធាន​មន្ទីរ​រូប​នេះ សំអាង​លើ​ច្បាប់​អ្វី ​ដែល​មាន​សិទ្ធិ​តាម​ដា​ន​ការអនុវត្ត​ច្បាប់​របស់​តុលាការ ដែល​ជា​អំណាច​ឯករាជ្យ។

អ្នកច្បាប់​មួយ​រូប​ទៀត បាន​ចំអក​ទៅ​ថ្នាក់លើ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង អធិការ​កិច្ច ខេត្តបាត់ដំបង​ថា គួរ​ទៅ​រៀនសូត្រ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​សិន​ទៅ។

ទោះ​បី​យ៉ាង​ណា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៦ ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ លោក អៀ វ៉ាន់​នី ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ខេត្តបាត់ដំបង បាន​នៅឡើយ​ទេ៕

អ្នកច្បាប់ ៖ ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ខេត្តបាត់ដំបង បំពាន​រដ្ឋធម្មនុញ្ញ​