កម្មករ​ស៊ី​ឈ្នួល​ដក​ដំឡូង​មី​ ត្រូវ​រន្ទះ​បាញ់​ស្លាប់​ម្នាក់​ និង​របួស​ស្រាល​ម្នាក់

កម្មករ​ស៊ី​ឈ្នួល​ដក​ដំឡូង​មី​ ត្រូវ​រន្ទះ​បាញ់​ស្លាប់​ម្នាក់​ និង​របួស​ស្រាល​ម្នាក់



ប៉ៃលិន​ ៖​ អភូតហេតុ​រន្ទះបាញ់​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រង​របួស​ស្រាល​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ ​ក្នុង​ចម្ការ​ដំឡូង​មី​មួយ​កន្លែង នា​ភូមិ​អូរ​ទឹក​ភ្លាវ ឃុំ​អូរ​អណ្ដូង​ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ខណៈ​ពេល​បុរស​រងគ្រោះ​ទាំង​ពីរ​នាក់​ទៅ​ជ្រក​ក្រោម​ដើម​អំពិល​មួយ​ដើម​ ព្រោះតែ​ភ្លៀង​មួយ​មេ​ធំ។

ជនរងគ្រោះ​ទាំងពីរ​មាន​ឈ្មោះ​ទី​១.​ឈ្មោះ​យ៉ា​ត ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ (​ស្លាប់ ​និង​កន្លែង) ទី​២​.​ឈ្មោះ​រឿន ណា​រិ​ទ្ទ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​(​របួសស្រាល)។ អ្នក​ទាំង​ពីរ​ មាន​ទីលំនៅ​ បច្ចុប្បន្ន​ភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន ជា​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​មី​នៅ​ចំណុច​កើតហេតុ​ខាង​លើ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​៖​ មុន​ពេល​កើតហេតុ​គេ​ឃើញ​មនុស្ស​មួយ​ក្រុម ដែល​ជា​កម្មករ​ស៊ី​ឈ្នួល​ដក​ដំឡូង​មី​ឲ្យ​គេ​ បាន​ទៅ​ដក​ដំឡូង​មី នៅ​កន្លែង​កើតហេតុ​ខាងលើ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ផ្ទៃមេឃ​អួអាប់​បង្ក​ជា​ដុំ​ពពក​ខ្មៅ​ លាយ​លំ​និង​ភ្លៀងរលឹម​ស្រិចៗ។ ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ​៖​ នៅ​ពេល​ភ្លៀង​ចាប់ផ្ដើម​ធ្លាក់ ក្រុម​កម្មករ​ទាំង​នោះ ក៏​បាន​រត់​ទៅ​ជ្រក​ក្រោម​ដើម​អំពិល​មួយ​ដើម។ ពេល​នោះ​ស្រាប់តែ​ស្នូរ​រន្ទះ​បាន​បាញ់​ចេញពី​ក្រោម​ដើម​អំពិល បណ្ដាល​ឲ្យ​ចំ​ដើមទ្រូង​បុរស​ម្នាក់​ ស្លាប់​ភ្លាម​មួយ​រំពេច និង​ម្នាក់ទៀត​រង​របួស​ស្រាល។

បច្ចុប្បន្ន​ សាក​សព​ជនរងគ្រោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដឹក​បញ្ជូន​យក​ទៅ​លំនៅឋាន​ជនរងគ្រោះ ​ភូមិ​កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕