ប្រាសាទព្រហ្មកិល​ ជា​កន្លែង​ព្យាបាល​ប្រជារាស្ត្រ​ ក្នុង​សម័យ​ស្ដេច​ជ័យ​វរ្ម័ន​ទី​៧​

ប្រាសាទព្រហ្មកិល​ ជា​កន្លែង​ព្យាបាល​ប្រជារាស្ត្រ​ ក្នុង​សម័យ​ស្ដេច​ជ័យ​វរ្ម័ន​ទី​៧​



សៀមរាប ​៖ អ្វី​ដែល​គេ​នាំគ្នា​និយាយ​ថា ​ប្រាសាទព្រហ្មកិល​ជា​មន្ទីរពេទ្យ​គឺ​យោងទៅតាម​វត្តមាន​នៃ​សិលាចារឹក​មួយ​ផ្ទាំង​ ដែល​បាន​បន្សល់ទុក​នៅ​ទីនោះ​ ក្នុង​ឆ្នាំ​១៩២៨​។ ប្រាសាទព្រហ្មកិល​ស្ថិតនៅ​ប្រមាណ​៥០​ម៉ែត្រ​ពីមុខ​ផ្លូវ​ចូល​ទៅ​ប្រាសាទអង្គរវត្ត​សាងសង់​ឡើង​នៅ​ចុង​សតវត្ស​ទី​១២ ​ដើម​សត​វ​ត្ស​ទី​១៣ ​ដោយ​ស្នា​ព្រះហស្ត​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ ប្រាសាទ​នេះ​មាន​តួ​ប៉ម​មួយ​ធ្វើ​អំពី​ថ្មភក់​ បែរមុខ​ទៅ​ទិសខាងកើត ហើយ​តួ​ប៉ម​នេះ​មាន​រូបរាង​ដូច​តួ​ប៉ម​ទាំង​១០២​ដែល​គេ​នាំគ្នា​សន្មត​ថា​ជា​មន្ទីរពេទ្យ​នោះ​។​

​ថ្វីត្បិតតែ​ពេល​បច្ចុប្បន្ន​ពាក់កណ្ដាល​នៃ​ប្រាសាទ​នេះ ​ត្រូវ​បាន​រង​ការខូចខាត​ខ្លះៗ​ក៏ដោយ ​ក៏ប៉ុន្តែ​គេ​ឃើញ​តួ​ប៉ម​នៅ​ប្រាសាទព្រហ្មកិល​នា​ផ្នែក​ខាង​កើត មាន​លក្ខណៈ​គួរ​ឲ្យ​គយគន់​ណាស់​រំលេច​ដោយ​ក្បូរក្បាច់​យ៉ាង​វិចិត្រ​សម្រាប់​ចក្ខុ​អ្នកទេសចរ​ប្រុស​-ស្រី​។ ​បើ​តាម​ការ​និយាយ​លើកឡើង​របស់​ លោក ​ឆឺ​យ ឆន ​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ឲ្យ​ដឹង​ថា តាម​ការ​សន្មត​របស់​លោក​មូលហេតុ​ដែល​នាំ​ឲ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​សាងសង់​អារោគ្យសាលា​(​ប្រាសាទព្រហ្មកិល​)​នេះ​ឡើង​នៅ​ក្បែរ​ប្រា​សាទ​អង្គរវត្ត​គឺ​មិន​ចង់​ឲ្យ​យើង​គ្រប់គ្នា​មើល​រំលង​នៃ​ការប្រើ​ទីតាំង​នៃ​ប្រាសាទ​បែប​ពុទ្ធ​និយម​នេះ​ជា​អាសនៈ​សម្រាប់​សែនព្រេន​គោរព​បូជា​ពី​សំណាក់​អ្នកស្រុក​ភូមិ​នា​សម័យ​កាលនោះ​។​

លោក​ ឆឺ​យ ឆន​ បាន​និយាយ​ឲ្យ​ដឹង​ថា បើ​តាម​ទស្សនៈ​មួយចំនួន​លើក​ឡើង​ថា ​ប្រាសាទបុរាណ​នេះ​មានឈ្មោះ​បោះ​សម្លេង​ខ្លាំង​ណាស់​នៅក្នុង​អំឡុង​សម័យ​នោះ ពោល​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​រឿងព្រេង​និ​ទាន​មួយ​យ៉ាង​ល្បី​រន្ទឺ ​ដែល​មាន​ដំណើរ​ដើមទង​ថា ប្រាសាទព្រហ្មកិល​បាន​កសាង​ឡើង​ ដោយ​អ្នក​មានបុណ្យ​ម្នាក់ ​ឈ្មោះ​ ពញាក្រែក ​ដែល​ជា​ជន​ពិការ​ភាព​តាំងពី​កំណើត ដោយ​បុណ្យ​បារមី​ពី​ជាតិ​មុន​ក្មេង​ពិការ​នេះ​ បាន​ទទួល​សេះ ​និង​គ្រឿងអម្ពរ​ពី​ព្រះ​ឥន្ទ្រា​រាជ ហើយក៏​បាន​ក្លាយ​ទៅជា​ស្ដេច​ផែន​ដី​គ្រប់គ្រង​ប្រជានុរាស្ត្រ​ប្រកបដោយ​ក្តី​សុខសាន្ត​បំផុត​។ តែបើ​ផ្អែក​តាម​ទស្សនៈ​ ដែល​មាន​អំណះ​អំ​ណាង​ច្បាស់លាស់​មួយទៀត​បាន​បញ្ជាក់​ថា វត្ត​មាន​ប្រាសាទព្រហ្មកិល​សង់​ឡើង​នៅ​ក្បែរ​ប្រាសាទ​អង្គរវត្ត​គឺ​ក្នុង​គោលដៅ​បន្ត​ជំនាន់​ព្រមទាំង​ទ្រទ្រង់​សកម្មភាព​សង្គមជាតិ​ខ្មែរ​ទើប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ​បាន​ត្រាស់​បញ្ជា​ឲ្យ​មានការ​សាងសង់​មន្ទីរពេទ្យ​ព្រហ្ម​កិល​នេះ​ឡើង ពោល​គឺ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ដែល​បាន​សោយរាជ្យ​ពី​ព្រះបាទ​សុរិយា​វរ្ម័ន​ទី​២ ​ក្នុង​ពេល​ទើបតែ​សាងសង់​ទីក្រុង​អង្គរធំ​រួច ព្រះអង្គ​ចង់​ស្ដារ​ឡើងវិញ​នូវ​ទីក្រុង​ចាស់​ ដោយ​បាន​ភ្ជាប់​អតីតកាល​ទៅ​នឹង​បច្ចុប្បន្នភាព​នៅក្នុង​រជ្ជ​កាល​របស់​ទ្រង់​។​

យោង​តាម​ឯកសារ​របស់ ​លោក ​មី​សែ​ល​ ត្រា​ណេ​ បាន​សរសេរ​ថា ជា​ការ​ឥត​ប្រកែក​បាន​ដែល​យើង​មិនអាច​ញែក​ឲ្យ​ដាច់​ចេញ​ពី​គ្នា​រវាង​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ និង​ជំនឿ​សាសនា ពី​ព្រោះ​ស្ថាបត្យកម្ម ​ត្រូវ​បាន​បង្កើត​ឡើង​តាម​ទស្សន​វិទ្យា​សាសនា ហើយ​ក្នុង​ន័យ​នេះ​ប្រាសាទ​ព្រហ្ម​កិ​ល​ ត្រូវ​បាន​សាង​សង់​ឡើង​តាម​បទបញ្ជា ​ដែល​បាន​កំណត់​ដោយ​លោកធាតុ​វិទ្យា​ឥណ្ឌា​បែប​ពុទ្ធ​និយ​ម​ខុសពី​ប្រាសាទអង្គរវត្ត​ក្នុង​បរិបទ​ព្រាហ្មណ៍​និយម​។ ដូចនេះ​ប្រាសាទខ្មែរ​យើង​ បាន​កសាង​ឡើង​តាម​ជំនឿ​ក្នុង​លោកធាតុ​វិទ្យា​នៃ​សកលលោក​ក្នុង​ឋានៈ​ជា​អតិសុខុម​លោក ​បើ​ប្រៀបធៀប​ទៅ​នឹង​ពិ​ភព​លោក​ទាំងមូល​ក៏​ពិត​មែន​ ក៏ប៉ុន្តែ​ជានិច្ចកាល​ទាក់ទង​ទៅ​នឹង​ជំនឿ​លើ​បុព្វការី​ជន​ដែរ ដូចនេះ​គេ​សាង​ប្រាសាទ​នេះ​ឡើង​ ដើម្បី​ថ្វាយ​អាទិទេព​ឥណ្ឌា​(​ព្រហ្មញ្ញ​) ​និង​ពុទ្ធសាសនា​ ដែល​ជា​ប្រភព​នៃ​សុ​ភ​មង្គល​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

ឯកសារ​ដដែល​បញ្ជាក់​ថា រូបចម្លាក់​នៅ​ប្រាសាទព្រហ្មកិល​គឺជា​ការ​ងាយ​យល់​ណាស់ ​ពីព្រោះ​ស្ថិត​ក្នុង​បរិបទ​វប្បធម៌​សំយោគ​រវាង​ឥណ្ឌា ​និង​ខ្មែរ ក៏​ប៉ុន្តែ​ក្នុង​ករណីនេះ​រូបសំណាក​ទាំងឡាយ​មិនមែន​តែ​តំណាង​ឲ្យ​ព្រះអាទិទេព​ឥណ្ឌា​តែ​ម្យ៉ាង​នោះ​ទេ​ គឺ​ក៏​មាន​តំណាង​ឲ្យ​បុព្វការី​ជន ​ឬ​ដូនតា​ខ្មែរ​ផង​ដែរ គឺ​អ្វីដែល​គេ​ហៅថា​ម្ចាស់​ស្រុក​នោះ​។ កាលពី​ឆ្នាំ​១៩៩៦​យើង​បាន​ប្រទះឃើញ​វត្តមាន​របស់​ចម្លាក់​បុព្វការី​ជន​នៅ​ពីមុខ ​និង​ខាងក្នុង​ប្រាសាទព្រហ្មកិល ហើយ​តាម​ការសាកសួរ​ព័ត៌មាន​យើង​ក៏បាន​ដឹង​ថា ​ចម្លាក់​ទាំង​នោះ​ពិតជា​ធ្វើឡើង​ ដើម្បី​តំណាង​ដូនតា​ម្ចាស់​ស្រុក ​ដែល​សណ្ឋិត​នៅ​ទីនោះ ដូច្នេះ​ហើយ​ទើប​អ្នកស្រុក​តែងតែ​មក​បន់ស្រន់​សែនព្រេន​នៅ​ទីនោះ​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

យោង​តាម​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត​បាន​បញ្ជាក់​ថា នៅ​សម័យ​ដាប​ឈួន​ចម្លាក់​នៅ​ប្រាសាទ​ព្រហ្ម​កិល​មាន​បារមី​ស័ក្តិសិទ្ធិ​ណាស់​តែ​ចំណេរ​កាល​ ក្រោយមក​ក៏​ត្រូវ​សាបរលាប​បន្តិច​ម្តងៗ​។ នៅ​ប្រាសា​ទ​ព្រហ្ម​កិល​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ​គេ​សង់​ឡើងជា​កន្លែង​មួយ​សម្រាប់​ប្រារព្ធ​ពិធី​បញ្ជាន់អារក្ស​នៅពេល​មាន​មនុស្ស​ឈឺ​ថ្កាត់ ​ឬ​នៅក្នុង​ពិធី​ផ្សេងៗ​ទៀត ​ដើម្បី​ផ្តល់​សេចក្ដីសុខ​សប្បាយ​ដល់​មនុស្ស​ផង​ទាំង​ពួង​៕​
​ ​

​ ​
​ ​