ជនសង្ស័យ​ម្នាក់ ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ ពី​បទ​លក់​គ្រឿងញៀន​

ជនសង្ស័យ​ម្នាក់ ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ ពី​បទ​លក់​គ្រឿងញៀន​



បន្ទាយមានជ័យ ៖ ជនសង្ស័យ​វ័យក្មេង​ម្នាក់​យក​គ្រឿងញៀន​ទៅ​លក់​ក្នុង​ផ្ទះសំណាក់​ភ្នំ​ពេជ្រ​ ត្រូវ​​នគរបាល​ខេត្ត​ចុះ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០០៦​ នៅ​ចំណុច​ផ្ទះ​សំណាក់​ភ្នំ​ពេជ្រ ស្ថិត​ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ។ ហើយ​វត្ថុ​តាង​ដកហូត​បាន​រួម​មាន ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​អា​យស៍ ម៉ា​ទឹក​កក​ចំនួន​២​ថង់​តូច​ និង​ជន​សង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​មក​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ធ្វើការ​សាកសួរ​។​ លោក​វរសេនីយ៍​ឯក​ បាប ​សុ​ផា​រិ​ទ្ធ​ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​គ្រប់គ្រង​ផ្នែក​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ ​ផល​ សុភ័ក្ត្រ​រាជ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ រស់​ក្នុង​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ មុន​ពេល​កើតហេតុ​ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ជនសង្ស័យ​កំពុង​លក់​គ្រឿងញៀន​នៅ​ក្នុង​ផ្ទះ​សំណាក់​ ទើប​លោក​ដឹកនាំ​កម្លាំង​ជំនាញ​មួយ​ក្រុម​ចុះ​សហការ​ជា​មួយ​នឹង​នគរបាល​ក្រុង​សិរីសោភ័ណ​ និង​នគរបាល​ប៉ុស្តិ៍​អូរ​អំបិល ​ចុះទៅ​ដល់​ទី​តាំង​ផ្ទះសំណាក់​ភ្នំ​ពេជ្រ​ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​យក​មក​ស្នងការ​ដើម្បី​ធ្វើការ​សាកសួរ​។​ នគរបាល​ជំនាញ​គ្រឿងញៀន​បាន​និយាយ​ថា​ ជនសង្ស័យ​ឈ្មោះ​ ផល​ សុភ័ក្ត្រ​រាជ​ នៅមុខ​សមត្ថកិច្ច​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​អ្នកលក់​គ្រឿងញៀន​ពិតប្រាកដ​មែន ដោយ​ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់ទៀត​ដើម្បី​យក​មក​លក់​បន្ត​ឲ្យ​មិត្តភ័ក្ដិ ​តែ​សំណាងអាក្រក់ ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​នៅ​ផ្ទះ​សំណាក់​នេះ​តែម្ដង​។​ ក្រោយពី​បាន​ចម្លើយ​សារភាព​ហើយ​ ជនសង្ស័យ​ត្រូវ​នគរបាល​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​