សមត្ថកិច្ច នឹង​ប្ដឹង​ទៅ​តុលាការ​ចំពោះ​យានដ្ឋាន​ណា​ដែល​នៅតែ​បន្ត​កែច្នៃ​រថយន្ត​ខុស​បច្ចេកទេស​

សមត្ថកិច្ច នឹង​ប្ដឹង​ទៅ​តុលាការ​ចំពោះ​យានដ្ឋាន​ណា​ដែល​នៅតែ​បន្ត​កែច្នៃ​រថយន្ត​ខុស​បច្ចេកទេស​



ភ្នំពេញ ​៖ មន្ត្រី​នគរបាល​ចរាចរណ៍​ថា​នឹង​មានការ​ប្តឹង​ទៅ​តុលាការ​ចំពោះ​បណ្តា​ម្ចាស់​យានដ្ឋាន​ណា ដែល​នៅតែ​បន្ត​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត កែច្នៃ​រថយន្ត​ធុន​ធំ ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ដែល​នឹង​អាច​បង្ក​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍ ​និង​ខូចខាត​ផ្លូវ​ស្ពាន​ជាដើម។

នៅ​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​ម្ចាស់​យានដ្ឋាន​២​កន្លែង​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ លោក​ឧត្ដមសេនីយ៍​ត្រី សុខ ណុប អនុ​ប្រធាន​នាយកដ្ឋាន​ចរាចរណ៍ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្រសួងមហាផ្ទៃ​ថ្លែង​ថា នៅ​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ និង​ណែនាំ​ឲ្យ​ម្ចាស់​យានដ្ឋាន​ជួសជុល​កែច្នៃ​រថយន្ត​ធុន​ធំ​នាពេលនេះ​បាន​រកឃើញថា មាន​យានដ្ឋាន​មួយ​ចំនួន​បាន​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​អនុញ្ញាត និង​ឃុបឃិត​ជាមួយ​បណ្ដា​ម្ចាស់​រថយន្ត​ធុន​ធំ ធ្វើការ​កែច្នៃ​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស បន្ទាប់ពី​រថយន្ត​នោះ​គេ​បាន​យក​ទៅ​ធ្វើ​ឆៀក​ត្រួត​ពិនិត្យ​បច្ចេកទេស​ជាមួយ​ក្រសួង​សាធារណៈ​ការ​ដឹកជញ្ជូន​រួចហើយ។

លោក​ឧត្ដមសេនីយ៍​ត្រី សុខ ណុប ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណាក់កាល​ដំបូង​នេះ នគរបាល​ចរាចរណ៍​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួង​សាធារណៈ ចាត់វិធានការ​ចុះ​ណែនាំ​ទប់ស្កាត់​ទីតាំង​កែច្នៃ​រថយន្ត​ធុន​ធំ​ខុស​បច្ចេកទេស បន្ទាប់​ពី​នេះ​ទៅ នគរបាល​ចរាចរណ៍​នឹង​ត្រួតពិនិត្យ​នៅ​តាម​ដង​ផ្លូវ ហើយ​បើ​រកឃើញថា​មាន​រថយន្ត​ធុន​ធំ​ណា​មាន​ត​ទ្រុង ដឹកទំនិញ​លើស​ចំណុះ នឹង​ត្រូវ​បាន​ចាប់​ឃាត់​យក​ទៅ​រក្សាទុក​ដើម្បី​ឲ្យ​គេ​ទៅ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់។

លោក ម៉ឹង ឈុន​ហេង អនុ​ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ថា ពាក់ព័ន្ធ​បញ្ហា​ណែនាំ​ឲ្យ​ទៅ​ចុះបញ្ជី​នេះ កន្លងមក​មាន​ម្ចាស់​យានដ្ឋាន​មួយ​ចំនួន​បាន​បើក​លួចលាក់ ហើយ​ពេលដែល​អាជ្ញាធរ​ចុះ​ត្រូវ​ត្រួតពិនិត្យ ម្ចាស់​យានដ្ឋាន​នោះ​ តែងតែ​យក​លេះ​ធ្វើ​មិន​ដឹង​ពី​ការ​សុំ​ច្បាប់​អនុញ្ញាត​នោះ។

លោក​ថា​ សម្រាប់​បញ្ហា​នេះ លោក​នឹង​ទុក​រយៈពេល​៣០​ថ្ងៃ បើ​ម្ចាស់​យានដ្ឋាន​ខុសច្បាប់​ណា​មិន​ព្រម​ទៅ​ចុះបញ្ជី​នោះ​ទេ លោក​នឹង​រៀបចំ​បណ្ដឹង​ប្តឹង​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។

សូម​បញ្ជាក់​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​យានដ្ឋាន​ជួសជុល​កែច្នៃ​រថយន្ត​តូចៗ​ប្រមាណ​១៥០​យានដ្ឋាន ក្នុង​នោះ​មាន​យានដ្ឋាន​ប្រមាណ​តែ​៣០% បាន​ធ្វើការ​ចុះបញ្ជី​ច្បាប់​អនុញ្ញាត​ជាមួយ​ក្រសួង​សាធារណការ ហើយ​ក្រៅពី​នេះ​ជា​យានដ្ឋាន​យាន​ខុសច្បាប់៕
សមត្ថកិច្ច នឹង​ប្ដឹង​ទៅ​តុលាការ​ចំពោះ​យានដ្ឋាន​ណា​ដែល​នៅតែ​បន្ត​កែច្នៃ​រថយន្ត​ខុស​បច្ចេកទេស​

សមត្ថកិច្ច នឹង​ប្ដឹង​ទៅ​តុលាការ​ចំពោះ​យានដ្ឋាន​ណា​ដែល​នៅតែ​បន្ត​កែច្នៃ​រថយន្ត​ខុស​បច្ចេកទេស​