សម្ពោធ​ស្តូប​អនុស្សាវរីយ៍ យុទ្ធជន​ពលី កម្ពុជា​-​វៀតណាម​ខេត្ត​កំពត​

សម្ពោធ​ស្តូប​អនុស្សាវរីយ៍ យុទ្ធជន​ពលី កម្ពុជា​-​វៀតណាម​ខេត្ត​កំពត​



កំពត ៖ លោក មិន ឃិន អនុប្រធាន​អចិន្ត្រៃយ៍​ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​លោកស្រី​ជា​ភរិយា លោក ងៀ​ន ថា​ញ់​គង់ អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ ជាតិ​វៀតណាម​ និង​ជា​ប្រធាន​ការងារ ពិសេស​រដ្ឋាភិបាល​វៀតណាម និង​លោក ខូ​យ ឃុន​ហួរ ប្រធាន​គណៈកម្មាធិការ​រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ជា​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ប្រារព្ធ​ពិធី​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​យុទ្ធជន​ពលី​មិត្តភាព​កម្ពុជា​-​វៀតណាម ស្ថិត​នៅ​លើ​សួនច្បារ​ក្នុង​ក្រុង​កំពត ខេត្ត​កំពត។
ក្នុងនាម​ក្រុមប្រឹក្សា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា លោក មិន ឃិន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​ថា កោតសរសើរ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​យកចិត្តទុកដាក់​របស់​ថ្នាក់​ដឹក​ខេត្ត​ដែល​បាន​ធ្វើ​ឲ្យ​ការងារ​ជួសជុល​ស្តូប​មិត្តភាព កម្ពុជា​-​វៀតណាម​ ខេត្ត​កំពត​សម្រេច​ជា​ស្ថាពរ​ហើយ​សមិទ្ធផល​ទាំងនេះ​ទុកជា​ផលប្រយោជន៍​រួម​របស់​ជាតិ​ ជាពិសេស​ដើម្បី​ ពង្រីកពង្រឹង​ចំណង​សាមគ្គីភាព មិត្តភាព​យូរអង្វែង​កម្ពុជា​-​វៀតណាម។

លោក​បន្ត​ថា នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីកចម្រើន​ឥត​ឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ តាម​ទិស​ស្លោក “​ជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ស្ថិតស្ថេរ​យូរ​អង្វែង​” ជាក់ស្ដែង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ក៏បាន​ឈាន​ចូល​ទំព័រ​ថ្មី​ នៃ​ប្រវត្តិសាស្ត្រ​ ដោយ​សម្រេច​បាន​សន្តិភាព បូរណភាព​ទឹកដី វឌ្ឍនភាព ការអភិវឌ្ឍ និង​ការ​បោះ​ជំហាន​ទៅមុខ​ប្រកប​ដោយ​ភាព​ជឿជាក់​ក្នុង​ការ​រួមចំណែក​ដល់​សុខ​សន្តិភាព ​និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ ​និង​ពិភព​លោក។

លោក​បាន​បន្ដ​ថា ទំនាក់ទំនង​ទ្វេ​ភាគី​កម្ពុជា-វៀតណាម បាននិងកំពុង​ស្តែង​ចេញ​ជា​ផ្លែផ្កា​លើ​គ្រប់​វិស័យ​តាំងពី​វិស័យ​នយោបាយ​រហូតដល់​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ វិទ្យា​សាស្ត្រ និង​ពាណិជ្ជកម្ម ​ជាពិសេស​ប្រទេស​យើង​ទាំងពីរ​សម្រេច​បាន​ដំណោះស្រាយ​ នៃ​ការ​បោះ​បង្គោល​ព្រំដែន​គោក​ស្ទើរ​ចប់​ទាំង​ស្រុង​ ថែមទាំង​បាន​ផ្ដល់​បរិស្ថាន​គ្រប​ដណ្ដប់​សម្រាប់​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព ការ​បង្កើន​ល្បឿន​អភិវឌ្ឍន៍​សេដ្ឋកិច្ច គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន ​នៃ​ប្រទេស​ទាំងពីរ។

លោក ងៀ​ន ថា​ញ់​គង់ បាន​លើកឡើងថា ការចូលរួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​យុទ្ធជន​ពលី​កម្ពុជា​-​វៀតណាម​ខេត្ត​កំពត ​គឺជា​សំណង់​មួយ​ក្នុងចំណោម​សំណង់​ដែល​មាន​អត្ថន័យ ​និង​ជា​គំរូ​ដែល​មាន​អត្ថន័យ​ និង​ជា​គំរូ​ដ៏​ពិសិដ្ឋ​ នៃ​ទំនាក់​រវាង​ប្រទេស​យើង​ទាំងពីរ​ ដើម្បី​ទុក​ឲ្យ​មនុស្ស​ជំនាន់​​ក្រោយៗ​បាន​យល់​បាន​ដឹង ព្រមទាំង​បាន​សម្ដែង​នូវ​ការ​ដឹង​គុណ​ចំពោះ​ពលិកម្ម​ដ៏​ធំធេង​របស់​វីរ​យុទ្ធជន​កម្ពុជា​-​វៀតណាម ជាពិសេស​ចំពោះ​លោក​ឪពុក​អ្នក​ម្ដាយ​ដែល​បាន​បញ្ជូន​កូនចៅ​របស់​ខ្លួន​ទៅ​សមរភូមិ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ និង​ខ្មាំងសត្រូវ​ ដោយ​ហ៊ាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​ និង​មាតុភូមិ ហើយក៏​សូម​ប្ដេជ្ញា​ចិត្ត​រៀន​សូត្រ តាម​គំរូ​វីរភាព​យុទ្ធជន​កម្ពុជា​-​វៀត​ណាម​ និង​ប្ដេជ្ញា​ចិត្ត​រួម​កម្លាំង​គ្នា​កសាង​ចំណង​សាមគ្គីភាព​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​។​

លោក ខូ​យ ឃុន​ហួរ មានប្រសាសន៍ថា ​សំណង់​នេះ​បាន​ចាប់ផ្ដើម​សាងសង់​ជា​បន្តបន្ទាប់​គួបផ្សំ​នឹង​អាយុកាល ​នៃ​សំណង​មាន​ចំណាស់​ជាង​២១​ឆ្នាំ​ផង​នោះ នៅ​ឆ្នាំ​២០០៨ ខេត្ត​កំពត​បាន​លើក​សំណើ​ជូន​ខេត្ត​គៀន​យ៉ាង​ ដើម្បី​ជួសជុល​កែលំអ​ស្តូប​ ដោយ​ធ្វើការ​សិក្សា​រួមគ្នា​ជាមួយ​មន្ត្រី​បច្ចេកទេស​ហើយ​រហូតដល់​ខែ​មករា ឆ្នាំ​២០១០ ខេត្ត​គៀង​យ៉ាង​បាន​ផ្តល់​ថវិកា​ និង​បាន​ជួសជុល​កែលំអ​ជា​បន្តបន្ទាប់។ នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្រសួងការពារជាតិ​សង្គមនិយម​វៀតណាម​បាន​ផ្តល់​ថវិកា​តាមរយៈ​ក្រសួង​ធម្មការ ​និង​សាសនា​សម្រាប់​ធ្វើ​ការ​ជួសជុល​កែ​លម្អ​ស្តូប​អនុស្សាវរីយ៍​យុទ្ធជន​ពលី​កម្ពុជា​-​វៀតណាម​ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់​ពី​ពេល​នេះ​តទៅ​៕

សម្ពោធ​ស្តូប​អនុស្សាវរីយ៍ យុទ្ធជន​ពលី កម្ពុជា​-​វៀតណាម​ខេត្ត​កំពត​