លោក ឯម ច័ន្ទ​មករា អំពាវនាវ​ម្ចាស់​ក្លិប​ជួល​តារាង​បាល់ទាត់​ទាំងអស់​ យោគយល់​បញ្ចុះ​តម្លៃ​ពិសេស​ដល់​ជន​ពិការ

លោក ឯម ច័ន្ទ​មករា អំពាវនាវ​ម្ចាស់​ក្លិប​ជួល​តារាង​បាល់ទាត់​ទាំងអស់​ យោគយល់​បញ្ចុះ​តម្លៃ​ពិសេស​ដល់​ជន​ពិការ



ភ្នំពេញ ​៖ ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់​កុមារ​ពិការ​ខ្សោយ​សតិ​បញ្ញា និង​អូទីស្សឹ កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា នៅ​ក្លិប​កីឡា Champions លោក ឯម ច័ន្ទ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្ម​ភាព​ជន​ពិការ​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ក្លិប​ជួល​តារាង​បាល់ទាត់​ទាំងអស់ យោគយល់​ជួយ​បញ្ចុះតម្លៃ​ពិសេស​ដល់​ជនពិការ ដើម្បី​ធានា​ថា ជន​ពិការ​អាច​មាន​ទី​កន្លែង​សម្រាប់​ហ្វឹកហាត់ និង​ប្រកួត​កីឡា ដូច​ជន​មិន​ពិការ។

លោក ឯម ច័ន្ទ​មករា បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ផ្តល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត ដល់​ជន​ពិការ​ដែល​មាន​លទ្ធភាព​ដណ្ដើម​ជ័យ​លាភី​ក្នុង​ការចូលរួម​ប្រកួតប្រជែង​មុខជំនាញ​ និង​ការ​ប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក ជា​លក្ខណៈ​ជាតិ ​និង​អន្តរជាតិ​។​

លោក​បាន​សម្ដែង​ជំនឿ​របស់​ខ្លួន​ថា ជន​ពិការ​គ្រប់រូប ​នឹង​មិន​ត្រូវ​បាន​សង្គម​មើល​រំលង ហើយ​ការរើសអើង​ចំពោះ​ជន​ពិការ ក៏​នឹង​ត្រូវ​បាន​កាត់បន្ថយ​បន្ថែម​ទៀត​ផង​ដែរ។
លោក​បាន​បន្ថែម​ទៀតថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ ជន​ពិការ​ត្រូវ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​កីឡា ដូចជា​ប្រកួតប្រជែង​កីឡា​ស្ប៉េស្យា​ល់​អូឡាំពិក ហើយ​ថ្មីៗ​នេះ​កីឡាករ​ជន​ពិការ​កម្ពុជា នាំ​យក​មេដាយ​៩​គ្រឿង​ពី​ព្រឹត្តិការណ៍ Asean Para Games ដែល​នេះ​ គឺជា​មោទនភាព​ខ្ពស់​សម្រាប់​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សម្រាប់​ជន​ពិការ​ផ្ទាល់​។​

អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ លោក ឯម ច័ន្ទ​មករា ក៏បាន​ថ្លែង​ការ​លើក​ទឹក​ចិត្ត​ដល់​កុមារ និង​យុវជន​ខ្សោយ​សតិ​បញ្ញា និង​អូ​ទី​ស្សឹម​ទាំងអស់​ឲ្យ​ខិតខំ​បញ្ចេញ​ទេពកោសល្យ ក៏ដូចជា​សមត្ថភាព​របស់​ជន​ពិការ ដើម្បី​បង្ហាញ​ដល់​សាធារណជន​ឲ្យ​ដឹង​កាន់តែច្បាស់​អំពី​តម្លៃ​របស់​ជន​ពិការ​។
សិទ្ធិ​របស់​ជនពិការ​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ផ្អែកលើ​មូលដ្ឋាន​ស្មើភាព​គ្នា​ជាមួយ​អ្នកដទៃ ហើយ​រាជរដ្ឋាភិបាល​គាំទ្រ​សកម្មភាព​នានា​ទាំង​ផ្នែក​កីឡា ការ​លំហែ និង​ការ​កម្សាន្ត​របស់​ជន​ពិការ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ធ្លាប់​បាន​រៀបចំ​កម្មវិធី​រត់​ប្រណាំង​រួមបញ្ចូល​គ្នា​ដើម្បី​បរិដ្ឋាន​គ្មាន​ពិការភាព ដែល​ជា​សមិទ្ធផល​ថ្មី​មួយទៀត ​នៃ​វិស័យ​ពិការភាព ក្នុង​គោលបំណង​បង្ហាញ ពី​ភាព​គ្មាន​ការរើសអើង​របស់​សង្គម​កម្ពុជា​ចំពោះ​ជន​ពិការ​គ្រប់រូប និង​ក៏​ជា​ការ​លើកទឹកចិត្ត ដល់​បងប្អូន​ជន​ពិការ​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម​ដោយ​ឥត​ស្ទាក់ស្ទើរ​៕
លោក ឯម ច័ន្ទ​មករា អំពាវនាវ​ម្ចាស់​ក្លិប​ជួល​តារាង​បាល់ទាត់​ទាំងអស់​ យោគយល់​បញ្ចុះ​តម្លៃ​ពិសេស​ដល់​ជន​ពិការ
លោក ឯម ច័ន្ទ​មករា អំពាវនាវ​ម្ចាស់​ក្លិប​ជួល​តារាង​បាល់ទាត់​ទាំងអស់​ យោគយល់​បញ្ចុះ​តម្លៃ​ពិសេស​ដល់​ជន​ពិការ