ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ប្រាប់​អ្នក​គាំទ្រ​លោក កឹម សុខា កុំ​ឲ្យ​ធ្វើ​កន្ទប​សម្រាប់​វេច​ខ្ចប់​រឿង​អាស្រូវ​របស់​អ្នកនយោបាយ

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ប្រាប់​អ្នក​គាំទ្រ​លោក កឹម សុខា កុំ​ឲ្យ​ធ្វើ​កន្ទប​សម្រាប់​វេច​ខ្ចប់​រឿង​អាស្រូវ​របស់​អ្នកនយោបាយ



ភ្នំពេញ ​៖​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា ប្រាប់​អ្នកគាំទ្រ​លោក កឹម សុខា អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​ កុំ​ឲ្យ​ធ្វើ​កន្ទប​សម្រាប់​វេច​ខ្ចប់​រឿងអាស្រូវ​របស់​អ្នកនយោបាយ ជាពិសេស​លោក​កឹម សុខា ដែល​កំពុង​មាន​រឿងអាស្រូវ​ស្រី​ញី ពីព្រោះ​លោក​កឹម សុខា ជា​ថ្នាក់ដឹកនាំ ដែល​ត្រូវ​ធ្វើជា​គំរូ​ល្អ​សម្រាប់​យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ។

លោក​សួន សេរី​រដ្ឋា ​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។ លោក សួន សេរី​រដ្ឋា បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​បែក​ខ្ចរខ្ចាយ​រឿងរ៉ាវ​ស្នេហា​របស់លោក កឹម សុខា ទោះបី​ជាមាន​អ្នកគាំទ្រ​មួយចំនួន កំពុងតែ​ផ្គាប់​មុខ ហើយ​គិតថា​ជា​រឿង​បុគ្គល ជា​រឿង​ឯកជន ដែល​មិនត្រូវ​លើក​យកមក​និយាយ​ក៏ដោយ ប៉ុន្តែ​បើ​និយាយ អំពី​ឋានៈ​តួនាទី​របស់លោក​កឹម សុខា គឺ​គេ​ត្រូវតែ និយាយ ពីព្រោះ​លោក កឹម សុខា មិនមែនជា​ជាងសំណង់ ជា​អ្នកផឹកស៊ី​អាវាសែ​តាម​ចិញ្ចើមផ្លូវ មាន​ស្រី​ញី​ប៉ុន្មាន​ក៏​គេ​មិន​ខ្វាយខ្វល់​នោះទេ ប៉ុន្តែ​លោក​កឹម សុខា គឺជា​អនុប្រធាន​គណបក្សប្រឆាំង​ធំ​មួយ នៅ​ក្នុង​ប្រទេស ហើយ​លោក កឹម សុខា ក៏​ធ្លាប់ជា​អនុប្រធាន​សភា ដែល​ជា​ស្ថាប័ន​ជាតិ​កំពូល​មួយ ដែល​មាន​អ្នកគាំទ្រ​រាប់​លាន​នាក់។ ដូច្នេះ​ត្រូវតែ​មានតម្លៃ​គ្រួសារ​មួយ​ឲ្យ​បាន​ច្បាស់លាស់ សមជា​ជន​គំរូ សម្រាប់​ជា​ថ្នាក់ដឹកនាំ ដែល​មិន​ត្រូវ​មាន​ស្រី​ពេញ ទឹក​ពេញ​ដី មាន​ទាំង​ហៅ​ទៅ​ដេក​សណ្ឋាគារ ដេក​ផ្ទះសំណាក់ ទិញ​ដីធ្លី​ឲ្យ​ស្រី​លួចលាក់​រហូត​មានកូន រញ៉េរញ៉ៃ​បែបនេះ​ទេ ដូច្នេះ​នេះ​មិន​សមជា​អ្នកនយោបាយ​ដ៏​ខ្ពង់ខ្ពស់។

លោក​សួន សេរី​រដ្ឋា បាន​បញ្ជាក់​ថា “​ខ្ញុំ​សូម​ជម្រាប​ទៅ​អ្នកគាំទ្រ​លោក​កឹម សុខា គឺ​អ្នក​ដែល​ផ្កាប់មុខ​ពេក​ទៅ​ គេ​ថា​អត់​ខ្វល់​ទេ កុំ​ថាឡើយ​កឹម សុខា មាន​ស្រី​ញី​បួនដប់ ទោះជា​មាន​មួយ​រយ​ក៏​មិន​ខ្វល់​ដែរ។ ខ្ញុំ​ថា នេះ​គឺជា​ការ​លើក​ទំយើ ​​លើកតម្កើង​មនុស្ស​ទាំង​ខុស ពីព្រោះ​អ្នកនយោបាយ​ម្នាក់ ឬ​អ្នកដឹកនាំ​ម្នាក់ ត្រូវ​ធ្វើជា​គំរូ សម្រាប់​ប្រទេសជាតិ ហើយ​ប្រសិនបើ​យើង​គាំទ្រ មនុស្ស​បែបនេះ គឺ​គាំទ្រ​ឲ្យ​ខូច​ទៅ​ដូរ​អា​ខូច ហើយ​បើ​ចង់​យក​អា​ខូច​ទៅ​ដូរ​អា​ខូច សង្គម វា​នៅតែ​ដដែល មិន​អាច​កែប្រែ​បានទេ ហើយ​កឹម សុខា​​ ខ្លួន​ឯង ត្រូវ​ដឹង​ថា ខ្លួន​ជា​អ្នកនយោបាយ​ មិន​មែន​ជា​មនុស្ស​ធម្មតា​ទេ។ ដូច្នេះ​ខ្ញុំ​គាំទ្រ​អ្នក​ដែល​ស្វះស្វែង​រក​ការពិត​​ លោក​កឹម សុខា ​ត្រូវតែ​ចេញ​មក​បកស្រាយ​ការពិត ពីព្រោះ​ឥឡូវនេះ មិនមែន​បែក​ធ្លាយ​តែ​ម្នាក់​ទេ​ គឺ​មាន​ច្រើន​នាក់​ មាន​ទាំង​ទៅ​សណ្ឋាគារ ទាំង​ទៅផ្ទះ​សំណាក់ ដូច្នេះ​លោក​កឹម សុខា ត្រូវតែ​ចេញ​មក​បកស្រាយ ហើយ​ប្រសិនបើ​រឿង​ពិត​ខ្លួន​ឯង ក្នុង​នាម​ជា​អ្នក​ដឹកនាំ​នយោបាយ​ម្នាក់​តើ​អាច​ទៅ​ជំនួស​សភាវៈ​អាក្រក់​បាន​យ៉ាងម៉េច”។

ជាមួយ​នឹង​ការ​លើក​ឡើង​ខាង​លើ​នេះ ​លោក​សួន សេរី​រដ្ឋា បាន​អះអាង​ទៀត​ថា ​មាន​ស្ត្រី​មួយ​ចំនួន លើក​ឡើង​ថា​ លោក​កឹម សុខា មាន​ស្រី​បួនដប់​ ឬ​មួយ​រយ​អត់​ខ្វល់​ទេ ប៉ុន្តែ​បើ​អត់​ខ្វល់​បែប​នេះ គួរតែ​លែង​ប្ដី​ ហើយ​បបួលគ្នា​ទៅ​ធ្វើ​ស្នំ​លោក​កឹម សុខា ​ទាំង​អស់​ទៅ។ លោក​បន្ត​ថា ​” យើង​មិន​អាច​មិន​ខ្វាយខ្វល់​បានទេ ពីព្រោះ​ប្រទេស​យើង​តាំងពី​ធំ​រហូតដល់​តូច គឺ​ដោយសារតែ​មេដឹកនាំ​ល្មោភ​ស្រី ហើយ​បញ្ហា​នេះ គឺជា​បញ្ហា​របស់​អ្នកនយោបាយ ដែល​យើង​ត្រូវតែ​គិត ចុះបើ​គាប់​ជួន​បាន​ដឹកនាំ​ទៅ យក​លុយ​រដ្ឋ ​លុយ​រាស្ត្រ ទៅ​ឲ្យ​ស្រី ទិញ​ដី​ទិញ​ផ្ទះ​ឲ្យ​ស្រី​រញ៉េរញ៉ៃ ដើរ​ដេក​ពេញ​ទឹក ពេញ​ដី តើ​គួរ​ធ្វើយ៉ាងណា តើ​អ្នកនយោបាយ​បែបនេះ ទទួល​យក​បាន​ដែរ​ឬ​ទេ ពីព្រោះ​ខួរក្បាល​អត់​មាន​ជាតិ អត់​មាន​ទឹកដី មានតែ​ជាតិ​ស្រី ជាតិ​ស្រា ដូច្នេះ​មិន​អាច​ទទួល​យក​បាន។ អ្នកដឹកនាំ​ទាំងអស់​មាន​តួនាទី​ប្រាប់​ការពិត​ដល់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​ក៏​ត្រូវតែ​ប្ដូរ​ផ្នត់គំនិត សម្រាប់​អ្នកដឹកនាំ​របស់​ខ្លួន​ដែរ មិន​ត្រូវ​ធ្វើ​ជា​អ្នកគាំទ្រ​រហូត​ធ្វើជា​កន្ទប​វេច​ខ្ចប់​ រឿង​របស់​អ្នកនយោបាយ​នោះ​ទេ​”​។

តាម​លោក​សួន សេរីរដ្ឋា អះអាង​ថា ទាក់ទង​បញ្ហា​រឿង​លោក​កឹម សុខា​នេះ មាន​អ្នកនយោបាយ អ្នកសារព័ត៌មាន និង​មេធាវី​មួយ​ចំនួន មិន​ឲ្យ​តម្លៃ​ខ្លួនឯង បែរ​ទៅជា​ធ្វើ​កន្ទប​សម្រាប់​អ្នកនយោបាយ​ទៅវិញ ដូចជា​ករណី​លោក កឹម សុខា នេះ​ជាដើម ដែល​បញ្ហា​នេះ គួរតែ​សួរ​បញ្ជាក់​មេដឹកនាំ​ខ្លួន​ឯង​ថា តើ​រឿង​នេះ​ពិត ឬ​មិន​ពិត ប៉ុន្តែ​មេធាវី​ខ្លះ​បែរ​ទៅជា​លើក​យក​មាត្រា​ព្រហ្មទណ្ឌ​មួយ ដែល​ចង់​ដាក់​បន្ទុក​ទៅ​លើ​អ្នក​បង្ហាញ​សំឡេង​នេះ​ទៅវិញ​។ លោក​បញ្ជាក់​ថា “​បើ​មាន​មនុស្ស​ម្នាក់​លួច​ថត​សំឡេង មេចោរ ដែល​រៀបចំ​ផែនការ​ទៅ​ប្លន់​សម្លាប់​មនុស្ស ហើយ​បាន​យក​សំឡេង​មក​រាយការណ៍​ប្រាប់​ប៉ូលិស​បញ្ហា​នេះ គួរតែ​ចាប់​អ្នក​បង្ហាញ​សំឡេង ​ឬ​ចាប់​មេចោរ ? ត្រង់​ចំណុច​នេះ​ ខ្ញុំ​ក៏​ចង់​លើកឡើង​ដែរ​ថា ការ​ថត​សំឡេង ប្រសិនបើ ការ​ថត​នោះ​ ក្នុង​បំណង​អាក្រក់​ឬ​ចេតនា ​អាក្រក់​ណាមួយ ទើប​ត្រូវ​មានទោស ប៉ុន្តែ​បើ​ការ​ថត​សំឡេង ការពិត​របស់​អ្នកនយោបាយ​ម្នាក់ ដែល​ជា​អ្នកនយោបាយ​ជាន់ខ្ពស់ មាន​ស្រី​ញី​ផ្ដេសផ្ដាស ហើយ​លួច​យក​លុយ​អ្នកគាំទ្រ​ទៅ​ទិញ​ដី ទិញ​ផ្ទះ​ឲ្យ​ស្រី​នោះ តើ​ល្អ​ឬ​អាក្រក់​”​។​

សូម​​បញ្ជាក់​ថា មកដល់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៦ នេះ ​រឿងរ៉ាវ​លោក​ កឹម សុខា ដែល​បាន​ទាក់ទង​ស្រីៗ ដើម្បី​យកទៅ​បម្រើ​កាម​គុណ​របស់​ខ្លួន​នេះ បាន​ធ្លាយ​ចេញ​ចំនួន​២៧ ហើយ ដែល​វគ្គ​ទី​២៧ នេះ គឺ​លោក កឹម សុខា មាន​ស្រីក្មេង​ម្នាក់ទៀត ឈ្មោះ អា​ពី​ន យកទៅ​ដេក​សប្បាយ​ជាមួយគ្នា​នៅ​ក្រុងព្រះសីហនុ ហើយ​សំឡេង​សាសង​គ្នា​ផ្អែមល្ហែម បាន​បែកធ្លាយ​ថ្ងៃទី​៣០ ខែ ១១ ឆ្នាំ​២០១៤៕