បើក​ម៉ូតូឌុប​គ្នា​ទាំង​ស្រវឹង​ បណ្ដាល​ឲ្យ​ដួល​ខ្លួនឯង ​របួសធ្ងន់​២​នាក់​​

បើក​ម៉ូតូឌុប​គ្នា​ទាំង​ស្រវឹង​ បណ្ដាល​ឲ្យ​ដួល​ខ្លួនឯង ​របួសធ្ងន់​២​នាក់​​



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​បុរស​ម្នាក់​ បើក​ម៉ូតូឌុប​គ្នា​ទាំង​ស្រវឹង​បើក​ទៅ​ដួល​ប្រកាច់ប្រកិន​ខ្លួនឯង​បណ្តាល​ឲ្យ​របួសធ្ងន់​ទាំង​២​នាក់​ នៅ​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៦​ លើ​កំណាត់​ផ្លូវ​លេខ​258D ស្ថិត​ក្នុង​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។

លោក​វរសេនីយ៍​ត្រី ជា​ ពិសី ​មេបញ្ជាការ​មូលដ្ឋាន​ស្រុក​អូរជ្រៅ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​មាន​ម៉ូតូ​ម៉ាក C125 ស៊េរី​2015 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1J.7992​ មួយ​គ្រឿង​បើក​ដោយ​ឈ្មោះ ព្រៃ មឹក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​សឹង្ហ​ត្បូង ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ ឌុប​ឈ្មោះ​ សេង​ ផល្លា ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ​ពង្រ ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ​បើក​ម៉ូតូ​ទាំង​ស្រវឹង​ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ ដោយសារ​ជាតិ​សុរា​ចូល​ពោះ​ខ្លាំង​ពេក ​បណ្ដាល​ឲ្យ​បើក​ម៉ូតូ​ដួល​ប្រកាច់ប្រកិន​ពេញ​ថ្នល់ជាតិ ​បណ្ដាល​ឲ្យ​របួសធ្ងន់​ឈ្មោះ​ ព្រៃ​ មឹក បែក​ចង្កា​ក្រោម​ថ្ពាល់​ខាងឆ្វេង និង​បែក​ជង្គង់​ជើង​ខាង​ស្តាំ ​ចំណែក​ឈ្មោះ សេង ផល្លា របួសធ្ងន់ បាក់​កជើង​ខាងឆ្វេង បែក​ក្រោម​ភ្នែក​ខាងឆ្វេង ក្រោយពេល​កើតហេតុ​ រួច​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​។ ​ចំណែក​ម៉ូតូ​វិញ ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​អូរជ្រៅ​ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​៕​