ក្រសួងមហាផ្ទៃ​ ស្នើ​ក្រសួងសុខាភិបាល​ជួយ​ព្យាបាល​ជន​ជាប់ឃុំ​មាន​ផ្ទុក​សារជាតិ​ញៀន​នៅ​តាម​ពន្ធនាគារ​

ក្រសួងមហាផ្ទៃ​ ស្នើ​ក្រសួងសុខាភិបាល​ជួយ​ព្យាបាល​ជន​ជាប់ឃុំ​មាន​ផ្ទុក​សារជាតិ​ញៀន​នៅ​តាម​ពន្ធនាគារ​



ភ្នំពេញ​ ៖ ក្រសួងមហាផ្ទៃ បាន​ស្នើ​ក្រសួងសុខាភិបាល​ផ្តល់​កិច្ចសហការ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​ជន​ជាប់ឃុំ ដែល​មាន​ផ្ទុក​សារជាតិ​ញៀន នៅ​តាម​ពន្ធនាគារ​រាជធានី ខេត្ត និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង​៤។

យោង​តាម​លិខិតស្នើ​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​០៩​មីនា​ ដែល​ចុះហត្ថលេខា​ដោយ​លោក​នុត​ សាអាន ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​នេះ​នៅ​តាម​ពន្ធនាគារ​រាជធានី​ខេត្ត​ និង​មណ្ឌល​កែប្រែ​មាន​បាតុភាព​លួច​ការ​ប្រើ​សារធាតុ​ញៀន​នៅ​ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​គួរ​ឲ្យ​កត់សម្គាល់។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ឆ្នាំ​២០១៥​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ ចំនួន​ជន​ជាប់ឃុំ​ដែល​មាន​សារធាតុ​ញៀន​មាន​ចំនួន​ដល់​ទៅ​៥.៦៥០​នាក់​ប្រហាក់​ប្រហែល​នឹង​១​ភាគ​៣​ នៃ​ចំនួន​ជន​ជាប់ឃុំ​សរុប​ទូទាំង​ប្រទេស។

លិខិត​ក្រសួងមហាផ្ទៃ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា «​ដោយ​ភាព​ចាំ​បាច់​ក្នុង​ការ​គ្រប់គ្រង​ជន​ជាប់​ឃុំ​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព និង​មនុស្សធម៌ និង​សំដៅ ដល់​ការ​លើក​កម្ពស់​សេវា​អប់រំ​កែប្រែ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​ឲ្យ​មាន​ការ​ផ្តល់​សេវា​ព្យាបាល​ជន​ជាប់ឃុំ ដែល​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ ដោយ​តម្រូវ​ឲ្យ​មាន​កិច្ច​សហ​ការ​ពី​សំណាក់​ក្រសួង អង្គភាព និង​អាជ្ញាធរ មូលដ្ឋាន​ពាក់ព័ន្ធ​»។

លិខិត​បាន​បន្ត​ថា ​«​ដោយហេតុថា​ ក្រសួងសុខាភិបាល​មាន​នាយកដ្ឋាន​ជំនាញ​មាន​បទ​ពិសោធន៍​មាន​មន្ត្រី​ជំនាញ​ ក៏ដូចជា​សម្ភារៈ​បច្ចេកទេស​សម្រាប់​កិច្ចការ​ព្យាបាល​ និង​បន្សាប​សារធាតុ​ញៀន​ខ្ញុំ​(​នុត​ សាអាន​)​ សូម​ឯកឧត្ដម​ពិនិត្យ​លទ្ធភាព​ចាត់តាំង​ក្រុមការងារ​ ដើម្បី​សហការ​អនុវត្ត​បទ​បញ្ជា​លេខ​០១ ​របស់​រាជរដ្ឋាភិបាល​ និង​ច្បាប់​ស្ដីពី​ពន្ធនាគារ​ឲ្យ​មាន​ប្រសិទ្ធភាព ​ពិសេស​ផ្តោត​លើ​ការ​បន្សាប​អ្នក​គ្រឿងញៀន​ ក៏ដូចជា​ស្តារ​នីតិសម្បទា​សង្គម​ និង​ការ​ផ្តល់​សេវា​ប្រឹក្សា​»​៕