អតីត​មេព្រៃ​ម្នាក់​គ្រោង​នឹង​ប្តឹង​អ្នកកាសែត​ចំនួន​៣​នាក់​ដែល​រឿង​ផ្សាយ​ព័ត៌មាន​ពី​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ខ្លួន

អតីត​មេព្រៃ​ម្នាក់​គ្រោង​នឹង​ប្តឹង​អ្នកកាសែត​ចំនួន​៣​នាក់​ដែល​រឿង​ផ្សាយ​ព័ត៌មាន​ពី​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ខ្លួន



សៀមរាប ៖ អតីត​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ គឺ ​លោក​វណ្ណ​សូ​ផា​ណ្ណា​ បាន​ប្រាប់​អ្នកកាសែត​ថា​ លោក​គ្រោង​ប្តឹង​អ្នកកាសែត​ចំនួន​បី​រូប​ដែល​បាន​ចុះផ្សាយ​អំពី​រថយន្ត​យី​ឌុប​ដឹកឈើ​របស់​លោក​កាលពី​ថ្ងៃទី​៥ ខែមីនា​ ឆ្នាំ២០១៦​កន្លងទៅ​ថ្មីៗ​នេះ។

ក្រុម​អ្នកកាសែត​ប្រចាំ​ខេត្ត​សៀមរាប​ដែល​កំពុងតែ​ត្រៀម​រង​បណ្តឹង​ទី​១​ឈ្មោះ​ប៊ុត វិចិត្រ​នាយក​គ្រប់គ្រង​គេហទំព័រ​សៀមរាប​ប៉ុ​ស្តិ៍​។ ទី​២​ឈ្មោះ​ជុន កុសល​អ្នក​យក​ព័ត៌មាន​កាសែត​កម្ពុជា​ថ្មី។ ទី​៣​លោក​កែវ សំណាង​ អ្នកយកព័ត៌មាន​ឲ្យ​ទូរទស្សន៍​អប្សរា​ណែ​ត។

ទាក់ទិន​ទៅ​នឹង​ករណីនេះ​ដែរ​ លោក​វណ្ណ​ សូ​ផា​ណ្ណា ​បាន​ឲ្យ​អ្នកកាសែត​ដឹង​ថា លោក​ពុំ​ធ្វើ​អត្ថាធិប្បាយ​ពន្យល់​អំពី​បណ្តឹង​នោះ​ទេ​ថា ប្តឹង​ពី​បទ​អី​ហើយ​ត្រូវ​ប្តឹង​ប៉ុន្មាន​នាក់​ប្រាកដ​។ ដោយ​លោក​ប្រាប់​យ៉ាង​ខ្លី​ថា កំពុង​ពិចារណា​។ អ្នកកាសែត​ចាំបាច់​ខ្លាច​អី​.!​។ បើ​ចង់​ដឹង​ច្បាស់​សុំ​សួរ​ទៅ​តុលាការ​ទៅ​ដឹង​ហើយ​។ ទោះបី​សំណួរ​សួរ​ថា ​តើ​បណ្តឹង​ដាក់​ចូល​ទៅ​តុលាការ​ហើយ​នៅ?​ក៏​លោក​នៅតែ​ឆ្លើយថា ​អាច​សួរ​ទៅ​តុលា​ការចុះ។

យ៉ាងនេះ​ក្តី​លោក​ប៊ុត​ វិចិត្រ​ ម្ចាស់​ហ្វេ​ស​ប៊ុ​ក ​និង​ជា​ម្ចាស់​គេហទំព័រ​សៀមរាប​ប៉ុស្តិ៍​បាន​និយាយ​ថា ការ​ប្តឹង​ជា​សិទ្ធិ​របស់​គាត់​។ លោក​ពេញចិត្ត​ចំពោះ​បណ្តឹង​ដែល​ទាក់ទង​ពី​ការផ្សាយ​ព័ត៌មាន​ពីព្រោះ​រូបលោក​ពុំបាន​ជេរប្រមាថ​ ឬ​ ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ផង​។ លោក​បន្ត​ថា​ប្រសិនបើ​លោក​វណ្ណ​ សូ​ផា​ណ្ណា​ ប្តឹង​ពី​ការ​ចុះផ្សាយ​រឿង​គាត់​ដឹកជញ្ជូន​ឈើ​លោក​ពេញចិត្ត​និង​ការ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​។ តែ​សុំ​ឲ្យ​ម្ចាស់​បណ្តឹង​ចូល​បំភ្លឺ​អំពី​ការ​ដឹកឈើ​នោះ​ផង​។

លោក​ប៊ុត ​វិចិត្រ ​បញ្ជាក់​ថា ​ប្រសិនបើ​ពិតជា​មានការ​ប្តឹង​ទៅ​តុលាការ​មែន​នោះ លោក​រំពឹង​ថា តុលាការ​នឹង​ស្វែងរក​ការពិត ហើយ​ផ្តល់​យុត្តិធម៌​ដល់​រូបលោក ចំពោះ​បណ្តឹង​នេះ​។​

ចំណែក​លោក​ជុន​កុសល​អ្នកយកព័ត៌មាន​កាសែត​កម្ពុ​ជាថ្មី​បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា​ នោះ​គឺ​សិទ្ធិ​របស់​គាត់​ប៉ុន្តែ​អ្វី​ដែល​គាត់​បាន​ធ្វើ​នោះ​គាត់​ពិតជា​បានដឹង​ខ្លួនឯង​យ៉ាង​ច្បាស់​ថា​ វា​យ៉ាងម៉េច​ហើយ​មហាជន​ក៏​កំពុង​រង់ចាំ​មើល​លទ្ធផល​នៃ​បណ្តឹង​របស់​លោក​វណ្ណ ​សូ​ផា​ណ្ណា​ អតីត​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប នឹង​ដល់​កម្រិត​ណា​។ លោក​បន្ត​ថា លោក​សង្ឃឹមថា ប្រព័ន្ធ​ច្បាប់​នៅ​ស្រុក​ខ្មែរ​ប្រាកដជា​អាច​វែកមុខ​អ្នកណា​ខុស​ ឬ​ ត្រូវ​បាន​ជាក់​ជាមិនខាន។

លោក​បន្ថែម​ថា លោក​បាន​រក្សា​ខ្សែអាត់​សម្លេង​របស់​សមត្ថកិច្ច​ និង ​រូបភាព​រថយន្ត​ដឹកឈើ​របស់​លោក​វណ្ណ ​សូ​ផា​ណ្ណា ​បាន​យ៉ាង​ល្អ ​ដោយ​ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​បណ្តឹង​។ ចំណែក​លោក​កែវ​សំណាង​អ្នកយកព័ត៌មាន​ទូរទស្សន៍​អប្សរា​ណែ​ត​ បាន​បញ្ជាក់​ប្រហាក់ប្រហែល​គ្នា​ដែរ​ដោយ​លោក​ប្រាប់​ថា​ ការផ្សាយ​នេះ​មាន​ប្រភព​ច្បាស់លាស់​។ កាលពី​ថ្ងៃទី​៥​ ខែ​មីនា​កន្លង​ទៅ​នេះ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បាន​ឃាត់​រថយន្ត​ដឹកឈើ​នោះ​ត្រួតពិនិត្យ ហើយ​ឃើញ​ឈើ​ពេញ​ឡាន​ប្រៀប​។ តែ​គេ​ប្រាប់​ថា ​ជា​ឈើ​ចំនៀរ​។ បន្ទាប់ពី​ខាង​មេព្រៃ​ចាកចេញ ក៏​មាន​សមត្ថកិច្ច​ផ្សេង​បង្ហើប​ថា ខាងក្នុង​រថយន្ត​សុទ្ធតែ​ឈើ​ល្អ​។ ចឹ​ង​ទេ​លោក​ក៏​ផ្សាយ​តាម​ភាព​ជាក់ស្តែង​តែប៉ុណ្ណោះ​។ ពីព្រោះ​នៅ​ថ្ងៃ​កើតហេតុ​ពិត​ជា​មាន​រថយន្ត​ប្រភេទ​យី​ឌុប​ភ្លៅ​៥ ចំនួន​២​គ្រឿង​ដឹកឈើ​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្តបន្ទាយមានជ័យ​មែន។

លោក​កែវ​សំណាង​បញ្ជាក់​ថា ចំពោះ​ការ​ប្តឹង​គឺជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​សម្រាប់​លោក​គ្រាន់តែ​ចង់បាន​ភាព​យុត្តិធម៌​ពី​ស្ថាប័ន​ច្បាប់​ប៉ុណ្ណោះ។

សូម​រំលឹក​ថា ទាក់ទិន​នឹង​ការ​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ដោយ​រថយន្ត​ខ្នាត​យក្ស​កាលពី​ចុងខែ​កុម្ភៈ​សម្តេច​ក្រឡាហោម ស ខេង បាន​ប្រតិកម្ម​រហូត​បញ្ជា​ឲ្យ​សមត្ថកិច្ច តាម​ចាប់​រថយន្ត​ធុន​យក្ស​ដែល​បំផ្លាញ​ស្ពាន​អ្នក​លឿង​និង​ផ្លូវថ្នល់​ផ្សេងៗ​មក​អនុវត្ត​ច្បាប់​។ ប៉ុន្តែ​សម្រាប់​ខេត្តសៀមរាប រថយន្ត​ដឹកឈើ​ពេញៗ​បែបនេះ​មិន​ដឹង​ថា ​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​គិតគូរ​ដែរ ​ឬ ​អត់​។ ពិសេស​រថយន្ត​ដឹកឈើ​របស់​អតីត​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ​ពីព្រោះ​ថា បើ​មើល​អំពី​ទំហំ​ផ្ទុក​នេះ ​ទោះបី​ផ្លូវថ្នល់​មិន​ខូច​តែ​វា​អាច​ប្រេះ​ស្ពាន​ក៏​ថា​បាន​។

លោក​សួស ណារិន​អ្នក​ស៊ើប​អង្កេត​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន បាន​ចែង​ច្បាស់​ណាស់​ថា បើ​អ្នកសារព័ត៌មាន​សរសេរ​ខុសត្រូវ​មានការ​សរសេរ​កែតម្រូវ​ឡើងវិញ គឺ​ដោយ​មិន​មាន​ទោស​រឿង​ព្រហ្មទណ្ឌ​នោះ​ឡើយ។

លោក​បន្ត​ថា តែបើ​អ្នកសារព័ត៌មាន​សរសេរ​ពិត​ហើយ ​គឺ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​នោះ​ទេ​។ មន្ត្រី​តុលាការខេត្ត​សៀមរាប​ម្នាក់​បាន​ថ្លែង​ថា បើ​តាម​លោក​មើល​ខ្លឹមសារ​នៃ​សាច់រឿង​ហ្នឹង​ដូច​ជា​គ្មានអ្វី​មក​ដាក់បន្ទុក​សោះ​។ មន្ត្រី​ដដែល​បន្ត​ថា ទំនងជា​មិនទាន់​ប្តឹង​នោះ​ទេ។

ជុំវិញ​ករណីនេះ​ផង​ដែរ​ក្រុម​អ្នកតាមដាន​នៃ​សោកនាដកម្ម​បំផ្លាញ​ព្រៃឈើ​បាន​បង្ហាញថា​ បើតាម​ការ​កត់ចំណាំ​លោក​វណ្ណ​ សុផាន់​ណា​ គឺជា​បុរស​ផ្កា​រីក​គ្រប់​រដូវ​។ ពិត​ណាស់​គាត់​ធ្វើជា​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ជាច្រើន​អាណត្តិ​រួច​ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅជា​នាយ​អធិការដ្ឋាន​ឈូង​សមុទ្រ​ រួច​ហើយក៏​វិល​មកកាន់​តំណែង​ជា​នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​បន្ត​បាន​ប៉ុន្មាន​ឆ្នាំ​ក៏​ចូលនិវត្តន៍​ទៅ​។ ហើយ​ពេល​នេះ​គាត់​នៅ​មាន​ចំណាយ​ខ្លាំង​ដដែល​បើ​ទោះ​បី​គាត់​ចូលនិវត្តន៍​ក្តី ក៏​គាត់​អាច​…។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​មាន​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​យ៉ាង​គគ្រឹកគគ្រេង​ឆ្លងកាត់​ខេត្តសៀមរាប​ដែល​មិនឃើញ​ស្ថាប័ន​ជំនាញ​ណាមួយ​ចេញមុខ​មក​ត្រួតពិនិត្យ​សោះឡើយ​៕