បុណ្យ​ទន្លេ ​ឆ្នាំ​ក្រោយ ​នឹង​ធ្វើ​ឡើង​ នៅ​ខេត្ត​ស្ទឹងត្រែង

បើ​តាម​ប្រសាសន៍​ឯកឧត្ដម​ ថោង ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ បុណ្យ​ទន្លេលើក​ទី​៣ ​នៅ​ឆ្នាំ​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​ស្ទឹងត្រែង​ម្ដង ដោយ​ធ្វើ​ទៅ​តាម​គោលការណ៍​គ្រប់​ខេត្ត​ នៅ​តាម​ដង​ទន្លេ​មេគង្គ។

 

បុណ្យ​ទន្លេ ​ឆ្នាំ​ក្រោយ ​នឹង​ធ្វើ​ឡើង​ នៅ​ខេត្ត​ស្ទឹងត្រែង

 

 

បុណ្យ​ទន្លេ​នៅ​ ខេត្ត ​កំពង់​ចាម ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជោគជ័យ​យ៉ាង​ខ្លាំង ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​ពី​ប្រជាជន ក៏​ដូចជា​ មាន​ស្ដង់​លក់​ទំនិញ​ ដល់​ទៅ​ជាង ​៥០០​ ស្ដង់ ​ឯ​ណោះ ដាក់​តាម​បណ្ដោយ​មាត់​ទន្លេ​មេគង្គ​នៅ​ខេត្ត​កំពង់​ចាម ប្រមាណ​ជា​ជាង ​១​គីឡូម៉ែត្រ។ ទន្ទឹម​នឹង​នេះ​ដែរ ​ឯកឧត្ដម​ ថោង ខុន ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ជួយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក ក៏​ដូចជា​បង្ហាញ​ឱ្យ​ប្រជាជន​ស្គាល់​ច្បាស់​ពី​ទំនៀមទម្លាប់​ក្នុង​តំបន់​មួយ​ៗ​ នៅ​តាម​ដង​ទន្លេ​មេគង្គ។

 

បន្ថែម​ពី​លើ​នេះ​ដែរ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ បាន​បង្ហាញ​ជំហរ​ថា​ ចាប់​ពី​ពេល​នេះ​ទៅ បុណ្យ​ទន្លេ​នឹង​មាន​រៀងរាល់​ឆ្នាំ ដោយ​តាម​ខេត្ត​នីមួយ​ៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ម្ដង​ម្នាក់។ ខណៈ​ដែល​ឆ្នាំ​ក្រោយ ដែល​ជា​បុណ្យ​ទន្លេ​លើក​ទី​ ៣ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខេត្ត​ស្ទឹងត្រែង​ម្ដង៕

 

អត្ថបទ៖ មុន្នី រម្យ