​ទណ្ឌិត​គំរាម​សម្លាប់​លោក សុខ ទូច ចេញ​ពី​ពន្ធនាគារ

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ទណ្ឌិត​ដែល​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ឲ្យ​មាន​សេរីភាព​វិញ។

លោក ផង់ សីហា ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មីនា ថ្លែង​ថា ទោះ​ជា​គាត់​បាន​ទទួល​ការ​ដោះលែង​នៅ​ពេល​នេះ​ក្តី ប៉ុន្តែ​លោក​យល់​ថា តុលាការ​បាន​កាត់​ទោស​លោក​ដោយ​អយុត្តិធម៌​ពេល​កន្លង​មក។

លោក ផង់ សីហា៖ «វា​ជា​រឿង​ធម្មតា​ពេល​ដែល​យើង​មាន​សេរីភាព​និយាយ​ទៅ​វា​មាន​អារម្មណ៍​រីករាយ​ដែរ។ គិត​ទៅ​មាន​អយុត្តិធម៌​ដែរ ព្រោះ​កន្លង​មក​យើង​ឃើញ​ហើយ មាន ៤​ករណី​កន្លង​មក​ហើយ​ការ​គំរាម​តាម​ហ្វេសប៊ុក​ហ្នឹង ឃើញ​ថា អ្នក​ខ្លះ​តុលាការ​មិន​ត្រូវ​បាន​កោះ​ហៅ​នោះ​ទេ អ្នក​ខ្លះ​ត្រូវ​បាន​តុលាការ​ដោះលែង​បន្ទាប់​ពី​ការ​កោះ​ហៅ​នោះ អ្នក​ខ្លះ​ទៀត​តុលាការ​ព្យួរ​ទោស​ស្ទើរ​តែ​ទាំង​អស់ ហេតុ​អី​ខុស​ប្លែក​តែ​ខ្ញុំ? ខ្ញុំ​ជាប់​មុន​គេ​ហើយ​យូរ​ជាង​គេ ហើយ​ត្រង់​ហ្នឹង​ហើយ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​ភាព​គ្នា»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ផង់ សីហា អាយុ ២៦​ឆ្នាំ ពី​បទ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ប៉ុន្តែ​អនុវត្ត​ទោស ៦​ខែ និង​ពិន័យ​ជា​ប្រាក់ ១​លាន​រៀល បង់​ចូល​ថវិកា​រដ្ឋ​ពី​បទ​សរសេរ​គំរាម​សម្លាប់ ដោយ​ចោទ​ប្រកាន់​ថា លោក​បណ្ឌិត សុខ ទូច លក់​ក្បាល​ឲ្យ​វៀតណាម ក្នុង​រឿង​ព្រំដែន ដោយ​បង្ហោះ​តាម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។