ក្រសួង​អប់រំ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​លើក​ដំបូង​ដើម្បី​ជំរុញ​ការ​អាន

មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ និង​សិស្ស​និស្សិត ជិត ២​ពាន់​នាក់ បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​ជាតិ​អំណាន ក្រោម​ប្រធានបទ "បណ្ដុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន" នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា។ ការ​ជួបជុំ​គ្នា​នេះ ធ្វើ​ឡើង​នៅ​ខណៈ​ដែល​សន្ទុះ​នៃ​ការ​អាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មាន​កម្រិត​ទាប​ជាង​ប្រទេស​ក្នុង​តំបន់​អាស៊ី។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​យក​ថ្ងៃ​ទី​១១ ខែ​មីនា ដែល​ជា​ថ្ងៃ​កំណើត​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ប្រារព្ធ​ទិវា​ជាតិ​អំណាន​លើក​ទី​១ ដើម្បី​ជំរុញ​វប្បធម៌​នៃ​ការ​អាន​នៅ​កម្ពុជា និង​រួម​ចំណែក​កាត់​បន្ថយ​អនក្ខរភាព។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​សិក្សា​២០១៥ ឆ្នាំ​២០១៦ ដោយ​រៀបចំ​បណ្ណាល័យ និង​បោះពុម្ព​សៀវភៅ​បន្ថែម ហើយ​ពិនិត្យ​ឡើង​វិញ​នូវ​កម្មវិធី​សិក្សា​ខ្មែរ​ដោយ​ដាក់​ឲ្យ​សិស្ស​អាន​សៀវភៅ​ជា​ស្នាដៃ​និពន្ធ​អក្សរសិល្ប៍​ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ។

លោក ហង់ ជួនណារ៉ុន ស្នើ​ឲ្យ​សង្គម​ស៊ីវិល​សហការ​ចូលរួម​លើក​កម្ពស់​ការ​អាន​នេះ៖ «ក្នុង​ការ​អំណាន​ហ្នឹង គឺ​យើង​ត្រូវ​ការ​បង្កើន​ទម្លាប់។ ជា​ការ​ពិត​យើង​ខ្វះ​បន្ទប់​ដើម្បី​រៀបចំ​បណ្ណាល័យ ខ្វះ​សៀវភៅ​ដើម្បី​ឲ្យ​អាច​ឲ្យ​មាន​សៀវភៅ​គ្រប់​កម្រិត ឲ្យ​សិស្ស​អាន​ពី​ថ្នាក់​តូច​តែ​ម្ដង ត្រូវ​មាន​ការ​ចូលរួម​របស់​មាតា បិតា បើសិនជា​សិស្ស​អាន​ពី​ថ្នាក់​ក្រោម​មក​ពី​អាយុ ៣​ឆ្នាំ ទៅ ៥​ឆ្នាំ នឹង​បង្កើន​ទម្លាប់​អាន​ពេញ​មួយ​ជីវិត​តែ​ម្ដង»

រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥ ស្ដីពី​ទិវា​ជាតិ​អំណាន​យក​ថ្ងៃ​ទី​១១ ខែ​មីនា ដើម្បី​ឲ្យ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ។ ការ​យក​ថ្ងៃ​ទី​១១ ខែ​មីនា ធ្វើ​ទិវា​នេះ គឺ​ដើម្បី​ឧទ្ទិស​ដល់​ថ្ងៃ​ចាប់​កំណើត​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ដែល​ព្រះអង្គ​បាន​ប្រសូត​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​១៨៨៣។ ព្រះអង្គ​បាន​ចំណាយ​ពេល​វេលា​ស្ទើរ​ពេញ​មួយ​ជីវិត រៀបរៀង និង​កែសម្រួល​ពិនិត្យ​វចនានុក្រម​អក្សរសាស្ត្រ​ខ្មែរ​ឡើង​វិញ និង​បាន​បោះពុម្ព​ផ្សាយ​លើក​ទី​៥ នៅ​ឆ្នាំ​១៩៦៨។ ការ​រៀបចំ​ទិវា​នេះ ក៏​មាន​សង្គម​ស៊ីវិល​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ​បាន​រៀបចំ​ស្តង់​ពិព័រណ៍ និង​លក់​សៀវភៅ​ផង​ដែរ។
នាយក​អង្គការ​ស៊ីប៉ា (Sipar) លោក ហុក សុទ្ធិ បាន​សាទរ​ចំពោះ​ការ​រៀបចំ​ទិវា​នេះ។

លោក​ថា ការ​បង្កើត​ព្រឹត្តិការណ៍​នានា​គឺ​ជា​ការ​ពញ្ញាក់​ស្មារតី​មើល​ឃើញ​ពី​សារសំខាន់​នៃ​ការ​អាន។ លោក​កត់​សម្គាល់​ថា នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​អាន​របស់​យុវជន សិស្សានុសិស្ស​មាន​ការ​កើន​ឡើង​បន្តិច ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​មួយ​នៅ​ឡើយ ដែល​បន្តិច​ទាមទារ​ឲ្យ​ពង្រឹង​ការ​អាន​បន្ថែម​ទៀត៖ «ដើម្បី​ទាក់ទាញ​ការ​អាន​ទី​១ គឺ​ចាប់​ផ្ដើម​ពី​គ្រួសារ​មក។ ខ្ញុំ​គិត​ថា ឪពុក​ម្ដាយ​គួរ​តែ​ជំរុញ​កូន​២​របស់​គាត់​តាំង​ពី​នៅ​តូច​ម្ល៉េះ​ឲ្យ​ចាប់​អារម្មណ៍​សៀវភៅ ត្រូវ​ទិញ​សៀវភៅ​ឲ្យ​កូន​អាន នាំ​កូន​ទៅ​បណ្ណាល័យ​កន្លែង​ណា​ដែល​យើង​គិត​ថា មាន​បណ្ណាល័យ​នេះ​ជា​មធ្យោបាយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ទាក់ទង។ បន្ទាប់​មក​នៅ​តាម​គ្រឹះស្ថាន​នានា ស្ថាប័ន​ផ្សេងៗ គួរ​តែ​បង្កើត​ឲ្យ​មាន​អនាម័យ ពីព្រោះ​បើ​គ្មាន​បណ្ណាល័យ មាន​ន័យ​ថា យើង​អត់​មាន​បរិយាកាស​អំណាន​ទេ បើ​យើង​អត់​មាន​បរិយាកាស​អំណាន​មនុស្ស​ក៏​អត់​ចាប់​អារម្មណ៍​ការ​អាន​ដែរ»

និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ប៉ែន ម៉ាណែត ដែល​កំពុង​ដើរ​មើល​ពិព័រណ៍​សៀវភៅ​ថ្លែង​ទាំង​ទឹក​មុខ​ញញឹម​ញញែម​ថា នាង​តែង​ចំណាយ​ពេល ១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​អាន។ រយៈពេល​ជិត ២​ឆ្នាំ​នាង​បាន​អាន​សៀវភៅ​ជិត ៣០០​ក្បាល៖ «ជា​ការ​ពិត​ពេល​ដែល​អាន​ហើយ​មាន​អារម្មណ៍​ថា យើង​ដូច​បាន​ផ្លាស់ប្ដូរ​ខ្លួន​ឯង​អ៊ីចឹង។ យើង​ជម្រះ​គំនិត​ចាស់ៗ​ដែល​យើង​ធ្លាប់​គិត​អវិជ្ជមាន​ក្នុង​ជីវិត ទទួល​យក​គំនិត​ថ្មីៗ​មក​វិញ​អាច​អភិវឌ្ឍន៍​ខ្លួន​យើង​ឲ្យ​យើង​កែប្រែ​ខ្លួន​យើង​ឲ្យ​ល្អ​ជាង​មុន។ យុវជន​ខ្មែរ​ទាំង​អស់​គ្នា គួរ​តែ​ចាប់​អារម្មណ៍​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន ព្រោះ​សៀវភៅ​គឺ​ជា​បណ្ដុំ​នៃ​ចំណេះដឹង កាល​ណា​យើង​អាន​ច្រើន​យើង​ស្វែង​យល់​ពី​ពិភពលោក​បាន​ច្រើន​យើង​លែង​ជា​កង្កែប​ក្នុង​អណ្ដូង​ត​ទៅ​ទៀត យើង​អាច​យល់​ដឹង​ពី​ពិភព​ខាង​ក្រៅ​បាន​ច្រើន​មិន​ថា ព្រឹត្តិការ​នៅ​ក្នុង​ស្រុក ឬ​នៅ​ក្រៅ​ប្រទេស»

ដើម្បី​ជំរុញ​ការ​អាន​នៅ​កម្ពុជា ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​រៀបចំ​កម្មវិធី​ប្រឡង​ប្រណាំង​ការ​អាន ការ​និទាន​រឿង ស្មូត​កំណាព្យ និង​ការ​តែង​និពន្ធ នៅ​ឆ្នាំ​២០១៧ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​និស្សិត​ចាប់​អារម្មណ៍​ក្នុង​ការ​អាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។