អាជីវករ​ផ្សារ​ឆ្នាំង​បារម្ភ​ខ្លាច​អាជ្ញាធរ​ដេញ​ចេញ​ពី​ផ្សារ​ឲ្យ​ទៅ​លក់​នៅ​កន្លែង​ថ្មី

អាជីវករ​ផ្សារ​ឆ្នាំង នៅ​ខេត្ត​កំពង់ឆ្នាំង ភ័យ​ខ្លាច​អាជ្ញាធរ​បង្ខំ​ឲ្យ​ពួកគាត់​ទៅ​លក់ដូរ​នៅ​កន្លែង​ថ្មី ដែល​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន និង​តម្រូវ​ឲ្យ​ទិញ​តូប​ជា​ថ្មី​ទៀត។ ប៉ុន្តែ​អាជ្ញាធរ​បញ្ជាក់​ថា អាជីវករ​កំពុង​លក់ដូរ​ក្នុង​ផ្សារ​ឆ្នាំង អាច​បន្ត​លក់ ឬ​ផ្លាស់​ទៅ​កន្លែង​ថ្មី គឺ​ជា​សិទ្ធិ​របស់​អាជីវករ ប៉ុន្តែ​ការ​បង្កើត​ទីផ្សារ​ថ្មី​នៅ​តំបន់​ចុង​កោះ គឺ​សម្រាប់​ផ្លាស់​ទីតាំង​លក់ដូរ​សេរី​របស់​អាជីវករ​ចំនួន ២០៣​តូប។

នៅ​គ្រា​ដែល​អាជ្ញាធរ​ប្រកាស​ថា តូប​លក់ដូរ ១.២០០​តូប នឹង​ត្រូវ​សាងសង់​រួច​រាល់​នៅ​លើ​ទីតាំង​ថ្មី​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ​ពី​ផ្សារ​ឆ្នាំង នា​ពាក់​កណ្ដាល​ឆ្នាំ​២០១៧ ក្រុម​អាជីវករ​ផ្សារ​ឆ្នាំង​បញ្ជាក់​ថា បើ​ទោះ​ជា​អ្នក​លក់ដូរ​សេរី​នៅ​ក្រៅ​ផ្សារ​ក្រោម​ដើម​ស្រល់​ជាប់​មាត់​ទន្លេ ត្រូវ​អាជ្ញាធរ​ដេញ​ទៅ​លក់​កន្លែង​ថ្មី​អស់ ក៏​ពួកគាត់​មិន​ទៅ​ដែរ​ដោយ​ថា គ្មាន​លទ្ធភាព​ទិញ​តូប និង​លក់​មិន​សូវ​ដាច់។

អាជីវករ​ម្នាក់ គឺ​លោកស្រី សេង ស៊ីណា ចង់​ឲ្យ​អាជីវករ​លក់ដូរ​សេរី​លើ​ចិញ្ចើម​ផ្លូវ​អម​មាត់​ទន្លេ​ចេញ​ឲ្យ​ផុត​ពី​ផ្លូវ ឬ​ត្រូវ​ចូល​លក់​ក្នុង​ផ្សារ ឆ្នាំង​ទាំង​អស់​គ្នា​ដើម្បី​បញ្ចៀស​ការ​ស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោកស្រី​ថា ត្បិត​បច្ចុប្បន្ន​អាជីវករ​ក្នុង​ផ្សារ​លក់​មិន​សូវ​ដាច់ ដោយសារ​មាន​អ្នក​លក់​គ្មាន​សណ្ដាប់​នៅ​ខាង​ក្រៅ​ផ្សារ​ច្រើន​ពេក​នោះ ក៏​អាជីវករ​ក្នុង​ផ្សារខ្លះ​ទ្រាំ​លក់​ដោយ​បង់​ភាស៊ី​មិន​ដែល​អាក់​ខាន៖ «បើ​ថា​នៅ​ផ្សារ​ថ្មី​ណោះ​ទៀត គឺ​ពួក​ខ្ញុំ​អត់​ទៅ​ទេ ព្រោះ​ខ្ញុំ​ទិញ​តូប​នេះ​ថ្លៃ ហើយ​ណា​មួយ​ខ្ញុំ​រស់នៅ​ទីនេះ​យូរ​ដែរ ហើយ​ក៏​មិន​ទាន់​ផុត​អាណត្តិ​ខ្ញុំ​ដែរ។ សូម​ឲ្យ​អស់​លោក​ទាំង​អស់​ជួយ​គិតគូរ​រឿង​ប្រជាជន​ផង»

ក្រុម​អាជីវករ​ផ្សារ​ឆ្នាំង​ប្រមាណ ១០​នាក់ សម្ដែង​ការ​បារម្ភ​ស្រដៀង​គ្នា​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ថា​ពេល​ណា​មួយ​អាជ្ញាធរ​នឹង​បង្ខំ​ឲ្យ​អាជីវករ​ទាំង​អស់​លក់​ដូរ​ជាមួយ​គ្នា​នៅ​ផ្សារ​ថ្មី ឋិត​នៅ​ក្នុង​សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ដោយ​ប្រើ​រូប​ភាព​ផ្សេងៗ​ដើម្បី​បណ្ដេញ​ពួកគាត់​ចេញ។

ឆ្លើយ​តប​នឹង​ការ​បារម្ភ​របស់​ក្រុម​អាជីវករ​នេះ​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែង​ថា អាជ្ញាធរ​នឹង​មិន​ប៉ះពាល់​ការ​លក់​ដូរ​របស់​អាជីវករ​ក្នុង​ផ្សារ ឆ្នាំង​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​នឹង​ស្វាគមន៍​បើ​អាជីវករ​ណា​សម្រេច​ទៅ​រក​កន្លែង​លក់​ដូរ​ថ្មី​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​វិនិយោគ​កំពុង​រៀបចំ។

លោក​ថា ចំពោះ​តម្លៃ​តូប​ថ្មី​ថ្លៃ​ប៉ុន្មាន​នោះ នឹង​វាយ​តម្លៃ​នៅ​ក្រោយ​សាងសង់​ផ្សារ​ហើយ៖ «យើង​រៀបចំ​ឲ្យ​អ្នក​លក់ដូរ​អនាធិបតេយ្យ ឬ​មិន​ស្របច្បាប់ យើង​ចង់​ឲ្យ​គាត់​លក់ដូរ​ស្រប​ច្បាប់ ដើម្បី​ឲ្យ​រៀបចំ​អភិវឌ្ឍ​សួនច្បារ​ច្រាំង​ទន្លេ។ ដោយ​ឡែក​សម្រាប់​បងប្អូន​អាជីវករ​ដែល​លក់​នៅ​ផ្សារ​ក្រោម គឺ​អត់​មាន​ប៉ះពាល់​ទេ»

សារព័ត៌មាន​ក្នុង​ស្រុក​ផ្សាយ​ថា អគារ​ផ្សារ​ឆ្នាំង​កម្ពស់​ពីរ​ជាន់ បាន​កសាង​ដោយ​ក្រុមហ៊ុន​វិនិយោគ​មួយ​ឈ្មោះ​នរ៉ា​ពាណិជ្ជ នៅ​ឆ្នាំ​១៩៩៥ ហើយ​អាជីវករ​ចាប់​ផ្ដើម​ចូល​លក់​ក្នុង​តូប​ចំនួន​២៦៧ តាំង​ពី​ឆ្នាំ​១៩៩៦។ ក្រុមហ៊ុន​ទទួល​បាន​កុងត្រា​វិនិយោគ​ពី​រដ្ឋ​តាំង​ពី​ពេល​នោះ រហូត​ដល់​ឆ្នាំ​២០៤៥។ បច្ចុប្បន្ន​អគារ​នេះ​មាន​ស្នាម​ប្រះ និង​បាក់​ធ្លាក់​កម្ទេច​ស៊ីម៉ងត៍​ផ្នែក​ខ្លះ ដោយ​សំណង់​មិន​សូវ​មាន​គុណភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។