ពលរដ្ឋ​មក​ពី​ស្រុក​ភ្នំស្រួច​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ឲ្យ​ដោះលែង​អ្នក​ភូមិ​២​នាក់

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កំពង់ស្ពឺ ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឲ្យ​អន្តរាគមន៍​ដោះលែង​អ្នក​ភូមិ ២​នាក់ ដែល​តុលាការ​ចាប់​ខ្លួន។ ពលរដ្ឋ​អះអាង​ថា ពួកគាត់​មាន​ទំនាស់​ដីធ្លី​ជិត ១០​ឆ្នាំ​មក​ហើយ​ជាមួយ​មន្ត្រី​ទាហាន​កង​រថពាសដែក អា.សេ.អូ (ACO) និង​ក្រុម​គ្រួសារ​អាជ្ញាធរ​ភូមិ។

ពលរដ្ឋ​មក​ពី​ភូមិ​ថ្មី ឃុំ​តាំងសំរោង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ បាន​មក​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ទាំង​ពីរ ឲ្យ​អន្តរាគមន៍​ដោះលែង​ស្ត្រី​អ្នក​ភូមិ ដោយសារ​ពួកគាត់​អស់​សង្ឃឹម​ចំពោះ​សេចក្ដី​សម្រេច​ឃុំ​ខ្លួន​របស់​តុលាការ។

បុរស​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​មក​ដាក់​ញត្តិ លោក ផន មឿន ថ្លែង​ថា ពួកគាត់​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​លើ​រឿង​វិវាទ​ដីធ្លី​ដែល​គ្មាន​ការ​ដោះស្រាយ​ដែល​បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០០៦ មក ហើយ​មក​ដល់​បច្ចុប្បន្ន​តុលាការ​បែរ​ជា​កោះ​ហៅ​អ្នក​ភូមិ​ជា​បន្តបន្ទាប់ និង​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ដែល​គ្មាន​កំហុស។

លោក ផន មឿន៖ «សូម​ឲ្យ​តុលាការ​គ្រប់​ថ្នាក់​ជួយ​វែកញែក​ឲ្យ​ពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា ឲ្យ​ដោះលែង យូ រ៉ន និង អ៊ិត រុំ នៅ​ក្នុង​តុលាការ​លែង​ឲ្យ​ហៅ​ទៅ​ណា​ទៅ​ណី​ទាំង​អស់ ព្រោះ​គាត់​អត់​មាន​កំហុស​អី​សោះ។ គ្រាន់​តែ​តវ៉ា​អា​រឿង​ទឹក​ដី តុលាការ​ហៅ​ទៅ​បំភ្លឺ​ទៅ​ដល់​ចាប់​ហ្មង ខ្ញុំ​អ្នក​ធ្លាប់​ជាប់​ខ្ញុំ​ដឹង​ពេល​ហៅ​ខ្ញុំ​ទៅ​ថា ទៅ​បំភ្លឺ គ្រាន់​តែ​ទៅ​សួរ​មួយ​ម៉ាត់​ពីរ​ម៉ាត់​ចាប់​តែម្ដង»

ការ​មក​ដាក់​ញត្តិ​នេះ បន្ទាប់​ពី​ចៅក្រម​នៃ​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក តូង ពុទ្ធារ៉ា កាល​ពី​ថ្ងៃ​សុក្រ ទី​១១ ខែ​មីនា បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី ២​នាក់ ដែល​ជា​តំណាង​សហគមន៍​ភ្នំ​ស្រួច ដោយ​ចោទ​ប្រកាន់​ថា បាន​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ ដែល​តម្រូវ​អោយ​ពួកគាត់​បញ្ឈប់​សកម្មភាព និង​ឋិត​នៅ​អោយ​ឆ្ងាយ​ពី​ដី​ទំនាស់​ដែល​ភាគី​ម្ខាង​ទៀត​បាន​ប្ដឹង​ពួកគេ​ទៅ​តុលាការ​កាល​ពី​ឆ្នាំ​២០១៥។
ស្ត្រី​ទាំង ២​នាក់ នោះ​មាន​ឈ្មោះ យូ រ៉ន និង អ៊ីត រុំ។

ទាក់ទង​បញ្ហា​នេះ ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក អ៊ូ ផាត ថ្លែង​ថា ការ​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ទាំង​ពីរ គឺ​ដោយសារ​ចម្លើយ​នៅ​ចំពោះ​មុខ​តុលាការ និង​របាយការណ៍​ពី​ប៉ុស្តិ៍​នគរបាល​ឃុំ និង​ស្រុក មាន​ភាព​ស៊ី​សង្វាក់​គ្នា ដែល​ស្ត្រី​ទាំង​ពីរ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ហាម​ឃាត់​មិន​ឲ្យ​ភាគី​ម្ខាង​ទៀត​ឈូស​ឆាយ​ដី៖ «គាត់​សំអាង​ថា ដី​របស់​គាត់​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ប៉ុន្តែ​អត់​មាន​លិខិត​ស្នាម​អី​បញ្ជាក់​តាម​ផ្លូវ​ច្បាប់ វិញ្ញាប័ន​ប័ត្រ​សម្គាល់​អចលន​វត្ថុ​ស្រប​ច្បាប់​សម័យ​ថ្មី ឥឡូវ​នេះ​មាន តែ​របស់​គេ​មាន»

អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ ១៦៥​គ្រួសារ​បាន​កាន់​កាប់​ដី​ទំនាស់​ជាង ៣០០​ហិកតារ តាំង​ពី​ឆ្នាំ​១៩៧៩។ នៅ​ឆ្នាំ​២០០៦ មាន​មន្ត្រី​ទាហាន​កង​រថពាសដែក អា.សេ.អូ ឈ្មោះ ទូច សុភក្ត្រ បាន​អះអាង​ថា ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន និង​បាន​ប្ដឹងផ្ដល់​អ្នក​ភូមិ​កាល​ពី​ឆ្នាំ​២០១១។ ទោះ​ជា​យ៉ាង​ណា​វិវាទ​នេះ​មិន​បាន​បញ្ចប់​នោះ​ទេ ក្រុម​និស្សិត​បាន​ចុះ​ទៅ​វាស់វែង​ដី ចែក​ជូន​ដល់​ពលរដ្ឋ ប៉ុន្តែ​ពួកគាត់​ពុំ​ទទួល​បាន​ឡើយ បែរ​ជា​បែងចែក​ឲ្យ​ពលរដ្ឋ ៨៦​គ្រួសារ​ផ្សេង​ទៀត ហើយ​ពលរដ្ឋ​ទាំង​នោះ​បាន​លក់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន ភួង សារឿន។ វិវាទ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា ដែល​មាន​ឈ្មោះ ជីវ កុំ និង​កូន​ប្រធាន​ភូមិ​ថ្មី ឈ្មោះ អ៊ីម ដា ជា​តំណាង​ពលរដ្ឋ ៨៦​គ្រួសារ​ប្ដឹង​អ្នក​ភូមិ​ទៅ​តុលាការ នឹង​ឈាន​ការ​ចាប់​ខ្លួន​អ្នកភូមិ ២​នាក់។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​មតិ​ថា បញ្ហា​វិវាទ​ដីធ្លី​គួរ​តែ​មាន​ការ​ដោះស្រាយ និង​សម្របសម្រួល​គ្នា​ចំពោះ​ឫសគល់​នៃ​វិវាទ​ដីធ្លី។ លោក​ថា អាជ្ញាធរ​គួរ​ដោះស្រាយ​ជម្លោះ​នេះ​ជា​ជាង​ព្យាយាម​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី៖ «ឫសគល់​នៃ​វិវាទ​ដីធ្លី​គេ​មិន​សូវ​ដោះស្រាយ​ឲ្យ​វា​ស៊ីជម្រៅ​ទៅ​លើ​រឿង​ដីធ្លី​វា​បែរ​ទៅ​ជា​មាន​រឿង​ចោទ​ប្រកាន់​មាន​ការ​ប្ដឹង​មាន​ការ​ចាប់​ដាក់​ពន្ធនាគារ​ជា​ហូរហែ។ នេះ​ជា​រឿង​មួយ​ដែល​មិនមែន​ជា​រឿង​ដំណោះស្រាយ​ល្អ​ទេ ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​នូវ​ទុក្ខ​លំបាក ហើយ​រឿង​អយុត្តិធម៌​ហើយ​អយុត្តិធម៌​ទៀត ទីបំផុត​ធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​កំហឹង មាន​ការ​តវ៉ា​ជា​បន្តបន្ទាប់​ទៅ​វិញ​ទេ»

កន្លង​មក​អ្នក​ភូមិ​បាន​ដាក់​លិខិត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អន្តរាគមន៍​ក្នុង​វិវាទ​នេះ​តែ​គ្មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។