ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​បន្ត​ជួល​ដី​កសិកម្ម​ឲ្យ​វៀតណាម

ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ខេត្ត​ស្វាយរៀង នៅ​តែ​បន្ត​ជួល​ដីស្រែ​ចម្ការ​ទៅ​ឲ្យ​កសិករ​វៀតណាម បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ហាមឃាត់​យ៉ាង​ណា​ក្តី។ បញ្ហា​នេះ​ពួកគាត់​អះអាង​ថា ដោយសារ​គ្មាន​លទ្ធភាព និង​បច្ចេកទេស​ធ្វើ​ស្រូវ​ស្រែ​ដោយ​ខ្លួន​ឯង​បាន​ចំណេញ និង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ហាមឃាត់​ច្បាស់លាស់។ មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា ទោះ​លំបាក​ប៉ុណ្ណា ក៏​ពលរដ្ឋ​ត្រូវ​តែ​ឈប់​ជួល​ដី​នៅ​តាម​ព្រំដែន​សិន ដើម្បី​ជៀសវាង​ការ​កើត​ឡើង​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​ក្នុង​ការ​កំណត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​ខាង​មុខ។

ហ្វូង​សត្វ​ស្លាប បាន​ហោះ​ហើរ​ស្រែក​ឆ្លើយ​ឆ្លង​គ្នា​យ៉ាង​សប្បាយ​នៅ​លើ​វាល​ស្រូវ​ស្រែ​ខៀវខ្ចី​ដាច់​កន្ទុយ​ភ្នែក ព្រមទាំង​ប្រព័ន្ធ​បង្ហូរទឹក​ខ្វែង​ខ្វាត់​លូន​កាត់​ពេញ​វាលស្រែ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​មាន​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ ទៅ ២​គីឡូម៉ែត្រ ចេញ​ពី​បង្គោល​ព្រំដែន​នីមួយៗ ដូចជា នៅ​ភូមិ​គោកតែក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា និង​នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ជាដើម។

ទិដ្ឋភាព​វាលស្រែ​ស្រូវ​ដ៏​ត្រជាក់​ភ្នែក​ទាំង​នេះ ប្រសិនបើ​អ្នក​ណា​ទៅ​ដល់​ទី​នោះ​លើក​ដំបូង​ប្រហែលជា​លាន់មាត់​ស្ងើច​សរសើរ និង​មាន​មោទនភាព​ណាស់​ដែល​ពលរដ្ឋ​ខ្មែរ​ធ្វើ​វិស័យ​កសិកម្ម​ជឿនលឿន​ដូច្នេះ។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ គឺ​ម្ចាស់​កសិផល​ស្រូវ​ទាំង​នោះ សុទ្ធ​តែ​ជា​ជនជាតិ​វៀតណាម ស្ទើរ ៩០%។ ជនជាតិ​វៀតណាម បាន​មក​ជួល​ដីស្រែ​ចម្ការ​ពី​ពលរដ្ឋ​ខ្មែរ​ធ្វើ​កសិកម្ម​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​ខ្មែរ​ម្ចាស់​ដីស្រែ​ចម្ការ បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​ជួល​ដី​ទៅ​ឲ្យ​វៀតណាម ដូចៗ​គ្នា​ថា ដោយសារ​ពួកគាត់​ខ្វះ​ទឹក​ទុន​ទីផ្សារ បច្ចេកទេស និង​បញ្ហា​លំបាក​ផ្សេងៗ​ទៀត​ដែល​នាំ​ឲ្យ​ពួកគាត់​ខាតបង់​ក្នុង​មុខ​របរ​នេះ​ជា​រៀងរាល់​ឆ្នាំ៖ «»។

​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៥ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ច្បាប់​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ដែល​គ្រប់គ្រង​តំបន់​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម ឡាវ និង ថៃ ធ្វើការ​ស្រាវជ្រាវ និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ពី​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ព្រំដែន ដែល​ជួល​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិត​ខាង ដើម្បី​សំដៅ​រក្សា​ការពារ​ឲ្យ​បាន​នូវ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ។
លិខិត​របស់​ក្រសួង​មហាផ្ទៃ ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ឈប់​ជួល​ដី​ទៅ​កសិករ​ប្រទេស​ជិត​ខាង ព្រោះ​ថា ករណី​ជួល​ដី​ខ្លះ ពុំ​មាន​រៀបចំ​ឯកសារ​គតិយុត្តិ ឬ​កិច្ច​សន្យាជួល​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ឡើយ ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​បាត់បង់​នូវ​ផល​ប្រយោជន៍ នៅ​ពេល​មាន​វិវាទ​កើត​មាន​ឡើង។

ស្ត្រី​មេម៉ាយ​ម្នាក់ គឺ​លោកស្រី ហាយ សុទ្ធ រស់​នៅ​ក្នុង​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត ឲ្យ​ដឹង​ថា គាត់​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​ពី​រឿង​រដ្ឋាភិបាល​ណែនាំ​មិន​ឲ្យ​ជួល​ដីស្រែ​ទៅ​វៀតណាម ឡើយ ដូច្នេះ​ហើយ​ទើប​គាត់​នៅតែ​បន្ត​ជួល​ដី ២​ហិកតារ​នៅ​ខាង​ក្រោយ​ផ្ទះ​របស់​គាត់​ទៅ​ឲ្យ​កសិករ​វៀតណាម ដូច​ទម្លាប់​រាល់​ឆ្នាំ គឺ ១​ហិកតារ​តម្លៃ ២៥០​ដុល្លារ​ក្នុង​មួយ​រដូវ​ដែល​មាន​រយៈពេល ៣​ខែ ទៅ ៤​ខែ។

មាន​វ័យ ៦៩​ឆ្នាំ លោកស្រី ហាយ សុទ្ធ រៀបរាប់​ថា ដី​នោះ បើ​គាត់​មិន​ជួល​ឲ្យ​វៀតណាម​ទេ គឺ​ត្រូវ​ទុក​ទំនេរ​ដដែល ព្រោះ​គាត់​គ្មាន​លទ្ធភាព​ធ្វើ ដោយសារ​ខ្វះ​ទឹក ខ្វះ​បច្ចេកទេស និង​ថ្លៃ​ថ្នាំ ជី​សព្វគ្រប់​បែប​យ៉ាង មាន​តម្លៃ​ថ្លៃ​ដែល​ធ្វើ​ទៅ​មិន​ចំណេញ៖ «»។

​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត អះអាង​ដូចៗ​គ្នា​ថា ដីស្រែ​ចម្ការ​ភាគ​ច្រើន​នៅ​តាម​ព្រំដែន​នៅ​សង្កាត់​ប្រាសាទ និង​នៅ​ភូមិ​គោកតែក ឃុំ​ចន្ទ្រា ត្រូវ​បាន​អ្នក​មាន​លុយ​មាន​អំណាច​ដែល​មាន​ភរិយា​ជា​ជនជាតិ​វៀតណាម ឬ​ក៏​ពួកគាត់​មាន​ដើម​កំណើត​ជា​ជនជាតិ​វៀតណាម បាន​ប្រមូល​ទិញ​ដី​ទុក​ជួល​ឲ្យ​កសិករ​វៀតណាម បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ក្រីក្រ ធ្វើ​ស្រូវ​ខាតបង់​ច្រើន ហើយ​ត្រូវ​បង្ខំ​ចិត្ត​លក់​ដី​ដើម្បី​បាន​លុយ​សង​ម្ចាស់​បំណុល ឬ​ធនាគារ​ជាដើម។

ចំពោះ​បញ្ហា​នេះ ប្រធាន​ប៉ូលិស​ច្រក​របៀង​ប្រាសាទ លោក ខឹម ចិត្រា ដែល​កំពុង​អង្គុយ​ក្នុង​ប៉ុស្តិ៍​ជា​រោង​មាន​ជញ្ជាំង​បិទបាំង​ដោយ​ចំបើង​លាយ​ជាមួយ​ភក់​មាន​សភាព​ចាស់​ទ្រុឌទ្រោម​នោះ មាន​ប្រសាសន៍​ទាំង​ទឹកមុខ​ញញឹម​ថា លោក​បាន​ផ្សព្វផ្សាយ​លិខិត​របស់​ក្រសួង​មហាផ្ទៃ ដែល​ណែនាំ​ឲ្យ​ពលរដ្ឋ​ឲ្យ​ឈប់​ជួល​ដី​ទៅ​វៀតណាម រួច​រាល់​ហើយ៖ «»។

​មេ​ប៉ុស្តិ៍​ច្រក​របៀង​រូប​នេះ ក៏​រៀបរាប់​ថា លោក​រស់​នៅ​ទីនោះ​គ្មាន​ទឹក គ្មាន​ភ្លើង​ប្រើប្រាស់​នោះ​ទេ គឺ​លោក​តែងតែ​ទៅ​ងូត​ទឹក និង​បោក​ខោអាវ​នៅ​ប៉ុស្តិ៍​ព្រំដែន​របស់​វៀតណាម ហើយ​យក​ទឹក​ពី​នោះ មក​ប្រើប្រាស់​ប្រចាំថ្ងៃ​រហូត​មក។

នៅ​បណ្ដា​ស្រុក និង​ខេត្ត​ផ្សេងៗ​ទៀត​ដែល​ជាប់​នឹង​ព្រំដែន​វៀតណាម ក៏​មាន​ករណី​ជួល​ដី និង​រហូត​មាន​ដាក់​បញ្ចាំ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម ដូច​គ្នា​ដែរ។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ធ្វើ​ស្រែ​ប្រវាស់​មេឃ​ពោល​គឺ​ពួកគាត់​ពុំ​មាន​លទ្ធភាព​ធ្វើ​ស្រូវ​ក្នុង​មួយ​ឆ្នាំ​បាន ២ ទៅ ៣​ដង​ដូច​កសិករ​វៀតណាម ហើយ​ទទួល​បាន​ទិន្នផល​ចាប់​ពី ៨​តោន ទៅ ១០​តោន ក្នុង​មួយ​ហិកតារ ចំណែក​កសិករ​ខ្មែរ​ខ្លាំង​បំផុត​បាន ៥​តោន​ស្រូវ។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ក្តី​បារម្ភ​ចំពោះ​បញ្ហា​នេះ ហើយ​ចាត់​ទុក​ថា ជា​អាណានិគម​បែប​ថ្មី​ដែល​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បូរណភាព​ទឹកដី​កម្ពុជា ពី​សំណាក់​ប្រទេស​ជិត​ខាង​តាម​រយៈ​យុទ្ធសាស្ត្រ​ច្រែះ​ស៊ី​ដែក ដែល​បាន​រៀបចំ​ទុក​ជា​យូរ​ណាស់​មក​ហើយ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ដែល​ធ្លាប់​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា-​វៀតណាម នេះ​ដែរ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​ស្គាល់​ការ​ពិត ហើយ​ចាប់​ផ្ដើម​អភិវឌ្ឍ ឬ​បំពេញ​បន្ថែម​នូវ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​តាម​ព្រំដែន ដើម្បី​ឲ្យ​ពួកគាត់​ងាយ​ស្រូល​បង្កបង្កើន​ផល៖ «»។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោកស្រី តៅ សុខម៉ារ៉ា មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​អំពី​ទំហំ​ដីធ្លី​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ជួល​ទៅ​ឲ្យ​វៀតណាម សព្វថ្ងៃ​នេះ ដោយសារ​មិន​ទាន់​មាន​របាយការណ៍​សរុប និង​ព័ត៌មាន​លម្អិត​នៅ​ឡើយ។

រី​ឯ​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ទទួល​ស្គាល់​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន ប៉ុន្តែ​លោក​ថា ជំហាន​ដំបូង​នោះ គឺ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​ជួល​ដី​ត​ទៅ​ទៀត ព្រោះ​ថា បើ​បាត់បង់​ដីស្រែ​របស់​ពលរដ្ឋ​ខ្មែរ គឺ​ជា​ការ​ខាតបង់​របស់​ជាតិ។ លោក​បន្ថែម​ថា មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កំពុង​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ជា​បណ្តើៗ​ហើយ៖ «»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាល​ខេត្ត​ស្វាយរៀង លោក ជៀង អំ បាន​នៅ​ឡើយ​ដែរ។

កន្លង​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា កម្ពុជា​មាន​ការ​ប្រឈម​ច្រើន​ក្នុង​វិស័យ​កសិកម្ម ហើយ​លោក​ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​ការ​ខិតខំ​បន្ថែម​ក្នុង​ការ​លើកស្ទួយ​វិស័យ​កសិកម្ម ដូចជា​បង្កើន​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​បាន​គ្រប់​ទីកន្លែង និង​ផ្គត់ផ្គង់​គ្រាប់​ពូជ​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​កសិករ។

ទោះ​​យ៉ាង​ណា​ក៏​ដោយ​ចុះ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​នៅ​តែ​មិន​ទាន់​ទទួល​បាន​ផល​ជាក់ស្ដែង​ពី​ការ​សន្យា​របស់​រដ្ឋាភិបាល​ឡើយ។ ពួកគាត់​ចាត់​ទុក​ថា គោលនយោបាយ និង​ការ​សន្យា​របស់​រដ្ឋាភិបាល​មាន​តែ​នៅ​លើ​បបូរ​មាត់ និង​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។