ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង​៧​នាក់​ត្រូវ​តុលាការ​ហៅ​សាកសួរ​រឿង​កាប់​រាន​ព្រៃ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី កោះហៅ​ជនជាតិ​ដើម​ភាគតិច​ស្ទៀង ៧​នាក់​មក​ឆ្លើយ​បំភ្លឺ​រឿង​ក្ដី​ចោទ​ប្រកាន់​ពួកគាត់​ពី​បទ​កាប់​រាន​ដី​ព្រៃ​ខុសច្បាប់​ធ្វើ​ចំការ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សំដែង​ការ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​សហគមន៍​ជនជាតិ​ដើម​ដែល​មាន​ទម្លាប់​កាប់​រាន​ព្រៃ​ធ្វើ​ស្រែ​ចំការ។

ប្រជាពលរដ្ឋ​ដែល​មាន​កំណើត​ជនជាតិ​ដើម​ភាគតិច​ស្ទៀង ៧​នាក់ រស់​នៅ​ភូមិ​អូរអាម ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បារម្ភ​ចំពោះ​សុវត្ថិភាព ខណៈ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ចេញ​ដីកា​កោះហៅ​ពួកគេ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ខាង​មុខ​នេះ។

អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម ៧​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​កោះ​ហៅ គឺ​លោក ខ្លូយ ច្រិ មាន​ប្រសាសន៍​​ថា ពួកគាត់​មិន​ដឹង​ថា បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ​ទាក់ទិន​ដីកា​កោះ​ហៅ​នេះ។ លោក​កត់សំគាល់​ថា កាល​ពី​ឆ្នាំ​២០១២ ពួកគាត់​បាន​កាប់​រាន​ព្រៃ​ម្នាក់​ប្រមាណ ១​ហិកតារ​ ទៅ ២ ឬ ៣​ហិកតារ​តាម​ប្រពៃណី​​ជនជាតិ​ដើម​ដើម្បី​ធ្វើ​ចំការ​ដាំ​ស្វាយចន្ទី ដាំ​ស្រូវ និង​ដាំ​ដំឡូង​នៅ​តំបន់​ភូមិ​ចាស់​របស់​ពួកគាត់ ក៏​ប៉ុន្តែ​តំបន់​នោះ​ត្រូវ​បាន​មន្ត្រី​អភិរក្ស​ជីវចម្រុះ​កែវសីមា ហាម​មិន​ឲ្យ​អ្នក​ភូមិ​កាប់​រាន​ទេ​ដោយ​សំអាង​​ថា ជា​ដី​តំបន់​អភិរក្ស៖ «ស្រុក​កំណើត​ភូមិ​ពូនាង ចាស់ ស្រុក​ពី​បូរាណ​បាន​គេ​កាប់​នោះ។ ចំការ​វិល​ជុំ​កាប់​ពី​ឆ្នាំ​២០១២ មិន​មែន​ដី​ព្រៃ​ធំ មាន​បេង នាងនួន ឬ​មាន​អ្វី​សំខាន់​ទេ ដល់​ថ្ងៃ​នេះ​គេ​ចោទ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ញុំ​ឆ្ងល់​ត្រង់​នេះ»

​ដីកា​កោះហៅ​អ្នក​ភូមិ​ទាំង ៧​នាក់ ដែល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី បាន​ទទួល​ពី​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ស៊ុយ សុភា កោះហៅ​អ្នកភូមិ​ក្នុង​រឿង​​ចោទ​ប្រកាន់​ពី​បទ​កាប់​រាន​ព្រៃឈើ ក៏ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ដើម​បណ្ដឹង​នោះ​ឡើយ។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​លោក ស៊ុយ សុភា សុំ​អធិប្បាយ​ពី​ដីកា​កោះហៅ​នេះ​​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា។

​ចំណែក​មេ​ឃុំ​ស្រែខ្ទុំ លោក ប៊ុត សំអែល ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ដំណឹង​ពី​អ្នកភូមិ​ស្ដីពី​ការ​កោះ​​ហៅ​នេះ​ដែរ។ លើស​ពី​នេះ​ទៀត លោក​ទទួល​ស្គាល់​ថា ព្រៃ​ដែល​អ្នកភូមិ​កាប់​រាន​គឺ​ជា​ព្រៃ​ក្នុង​តំបន់​
អភិរក្ស៖ «កាប់​ចំការ​ពិត​ជា​កាប់​រាន ហើយ​រុករាន​ដី​ថ្មី»

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា អ្នក​ភូមិ​ទាំង ៧​នាក់ ដែល​ឋិត​ក្នុង​បញ្ជី​ឈ្មោះ​តុលាការ​កោះហៅ បាន​ធ្វើ​​ដំណើរ​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី ដើម្បី​ស្វែង​រក​លទ្ធភាព​ផ្លូវ​ច្បាប់​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ថ្លែង​ថា ដោយសារ​អ្នក​ភូមិ​មាន​ទម្លាប់​ធ្វើ​ចំការ​វិល​ជុំ ហេតុនេះ​អ្នក​ភូមិ​តែង​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​ចំការ។ លោក​ថា វិធាន​ការ​អប់រំ និង​ដោះស្រាយ​កង្វះ​ខាត​ដី​ជូន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​គឺ​ជា​ជម្រើស​ប្រសើរ​ជាង​ការ​ប្រើ​ការ​ចោទ​ប្រកាន់​ក្នុង​បទ​ព្រហ្មទណ្ឌ​ទៅ​លើ​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ការ​កាប់​រាន​ដី​ធ្វើ​ចំការ​វិល​ជុំ៖ «មិន​ត្រូវ​ឲ្យ​មាន​ ការ​ផ្ដន្ទាទោស​ពួកគាត់ ដោយសារ​ពួកគាត់​មិន​យល់​ដឹង​ពី​ច្បាប់។អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​ត្រូវ​ បដិសេធ​សំណើ​ប្រជាពលរដ្ឋ បើ​សិន​ប្រជាពលរដ្ឋ​នោះ​ក្រីក្រ»

ច្បាប់​ព្រៃឈើ​ហាម​ឃាត់​ការ​អនុវត្ត​ចំការ​ពនេចរ​ចំពោះ​ព្រៃ​ធម្មជាតិ​មិន​ទាន់​ប៉ះពាល់​ក្នុង​ដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍។ ដី​ព្រៃឈើ​រៀបចំ​បម្រុង​សម្រាប់​ចំការ​ពនេចរ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។ទោះជា​យ៉ាង​ណា​ក្តី អ្នកភូមិ​អះអាង​ថា ពួកគាត់​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កំណត់​របស់​ចៅក្រម​ស៊ើបសួរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។