កម្មករ​រោងចក្រ​នៅ​ខេត្ត​ព្រះសីហនុ​ថា​បើក​ប្រាក់ខែ​បាន​លុយ​ដុល្លារ​ក្លែងក្លាយ

កម្មករ​មួយ​ចំនួន​កំពុង​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ បង្ហាញ​កង្វល់ នៅ​គ្រា​បើក​ប្រាក់ខែ​បាន​ប្រាក់​ដុល្លារ​ក្លែងក្លាយ។ ក្រុម​កម្មករ​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មូលដ្ឋាន​នេះ ជួយ​ស៊ើបអង្កេត និង​មាន​វិធានការ​ទៅ​ថៅកែ​រោងចក្រ​ករណី​បើក​ដុល្លារ​ក្លែងក្លាយ​ឲ្យ​ពួកគេ។

មន្ត្រី​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​កម្មករ​ត្រូវ​ពិនិត្យ​ប្រាក់​ខែ​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់​មុន​ទទួល​យក ឬ​ស្នើ​សុំ​ដូរ​ក្រដាស​លុយ​ថ្មី​បើ​សង្ស័យ​ប្រាក់​ដុល្លារ​ទាំង​នោះ។

ក្រុម​កម្មករ​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​មួយ​ចំនួន កំពុង​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រចាំ​ការ​នៅ​មូលដ្ឋាន​នេះ ឲ្យ​ជួយ​ពិនិត្យ និង​តាម​ដាន​កង្វល់​អំពី​ការ​បើក​ប្រាក់​ខែ​ទទួល​បាន​លុយ​ដុល្លារ​ក្លែងក្លាយ។

កម្មករ​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មីនា ក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​បិតត្រាំង ថា ពួកគេ​ដឹង​ដុល្លារ​ក្លែងក្លាយ​នេះ បន្ទាប់​ពី​បាន​យក​ប្រាក់​ខែ​ដែល​ទទួល​បាន​ប្រចាំខែ​ទៅ​ទិញ​ទំនិញ ហើយ​អ្នក​លក់​ប្រាប់​ថា លុយ​ដុល្លារ​ពួកគេ​ក្លែងក្លាយ ហើយ​ប៉ូលិស​ស្វែង​រក​ចាប់​ខ្លួន​នៅ​ក្នុង​សប្ដាហ៍​នេះ។

​ផ្ដើម​ពី​បញ្ហា​នេះ ក្រុម​កម្មករ​បម្រើការ​នៅ​រោងចក្រ​ខ្លះ នា​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល ឬ​ថៅកែ​រោងចក្រ ឲ្យ​ទទួល​ខុស​ត្រូវ និង​ពិនិត្យ​ប្រាក់ខែ​ពួកគេ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​យក​ដុល្លារ​ក្លែងក្លាយ​មក​បើក​ឲ្យ​ពួកគេ៖ «ពេល​ខ្ញុំ​បើក​លុយ​មិន​ដឹង​ថា​ក្លែងក្លាយ ឬ​បែប​ណា​ទេ ជួន​បើក​បាន​លុយ​មាន​ក្រដាស​ថ្មី ជួនកាល​លុយ​ដុល្លារ​រហែក ឬ​លុយ​មាន​ក្រដាស​ចាស់​ជាដើម»

បុគ្គលិក​រដ្ឋបាល​រោងចក្រ​ខ្លះ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ និយាយ​ក្នុង​លក្ខខណ្ឌ មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ដោយ​បញ្ជាក់​ថា មិន​បាន​ដឹង​រឿង​បើក​ប្រាក់ខែ​ជូន​កម្មករ មាន​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ដូច​កម្មករ​អះអាង​ទេ។ ប៉ុន្តែ​បុគ្គលិក​រដ្ឋបាល​រោងចក្រ​ទាំង​នោះ ក៏​ស្នើ​ដល់​កម្មករ​ដែល​ជួប​ប្រទះ ឬ​ទទួល​បាន​ប្រាក់​ដុល្លារ​ក្លែងក្លាយ ឬ​ប្រាក់​ដុល្លារ​រហែក​ចាយ​មិន​កើត សូម​មក​ដូរ​យក​ក្រដាស​ប្រាក់​ថ្មី​ពី​រោងចក្រ​ជំនួស​ការ​ជួបជុំ​ធ្វើ​បាតុកម្ម ឬ​ដើរ​ផ្សព្វផ្សាយ​នៅ​តាម​ផ្សារ។

អាជីវករ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ និយាយ​ថា ពួកគេ​ពិត​ជា​ធ្លាប់​ទទួល​បាន​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ពី​ក្រុម​កម្មករ​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដូច​កម្មករ​អះអាង​ពិត​មែន។ អាជីវករ​រូប​នេះ ក៏​អំពាវនាវ​ដល់​អាជ្ញាធរ និង​ថៅកែ​រោងចក្រ​ឲ្យ​ជួយ​ពិនិត្យ​តាមដាន​ប្រាក់​ដុល្លារ​ក្លែងក្លាយ ដែល​កំពុង​ធ្វើ​ចរាចរណ៍​នា​មូលដ្ឋាន​នេះ ដើម្បី​ឈាន​ដល់​រួម​គ្នា​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា។

អាជីវករ៖ «បាន​ខ្ញុំ​ដឹង​ដុល្លារ​ក្លែងក្លាយ ដោយសារ​កម្មករ​រោងចក្រ​មួយ​ចំនួន​បាន​យក​លុយ​ប្រាក់ខែ​ពួកគេ​ទៅ​ទិញ​អីវ៉ាន់​នៅ​កន្លែង​ខ្ញុំ​លក់ ហើយ​ដឹង​លុយ​ក្លែងក្លាយ កម្មករ​ខ្លះ​ក៏​បាន​យក​លុយ​ទៅ​ប្រគល់​ជូន​ថៅកែ​រោងចក្រ​ដើម្បី​ដូរ​លុយ​ថ្មី​វិញ និង​មាន​បញ្ហា​តវ៉ា​មួយ​ចំនួន​កន្លង​មក»

ទាក់ទិន​បញ្ហា​នេះ អាជ្ញាធរ​នៅ​តាម​ស្ថាប័នរដ្ឋ​ក្រោម​ឱវាទ​ខេត្ត​ព្រះសីហនុ មួយ​ចំនួន មាន​ការ​ភ្ញាក់ផ្អើល និង​លើក​ឡើង​ថា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លើ​កង្វល់​របស់​ក្រុម​កម្មករ​នៅ​តាម​រោងចក្រ​ខ្លះ​នា​មូលដ្ឋាន​នេះ បើក​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ទទួល​បាន​ដុល្លារ​ក្លែងក្លាយ​នេះ​ទេ។

អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ លោក ព្រុហ្ម ច័ន្ទវិចិត្រ និង​ជា​មន្ត្រី​តំណាង​ឲ្យ​មន្ទីរ ឬ​ក្រសួង​ការងារ​ប្រចាំការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ថ្លែង​ថា នឹង​ពិនិត្យ​លើ​កង្វល់​របស់​ក្រុម​កម្មករ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ថា កម្មករ​ខ្លះ​ទទួល​បាន​ប្រាក់ខែ​ជា​លុយ​ដុល្លារ​ក្លែងក្លាយ។ យ៉ាង​នេះ​ក្ដី លោក ច័ន្ទវិចិត្រ បាន​រំលឹក​ដល់​កម្មករ​គ្រប់​រូប​ត្រូវ​ពិនិត្យ​បៀវត្ស​ប្រចាំខែ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​បើ​មាន​ចម្ងល់ ឬ​សង្ស័យ​លើ​បញ្ហា​លុយ​ដុល្លារ​របស់​ខ្លួន ត្រូវ​សួរ​បុគ្គលិក​រដ្ឋបាល​នៅ​តាម​រោងចក្រ​រៀងៗ​ខ្លួន ឬ​ស្នើ​សុំ​ដូរ​លុយ​ដុល្លារ​ជាក់ស្ដែង បើ​សង្ស័យ​ថា ក្លែងក្លាយ ឬ​លុយ​រហែក​ប្រើប្រាស់​មិន​កើត។

អនុ​ប្រធាន​មន្ទីរ​ការងារ ខេត្ត​ព្រះសីហនុ លោក ព្រហ្ម ច័ន្ទវិចិត្រ មាន​ប្រសាសន៍​ថា រោងចក្រ​ទាំង​អស់​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ មាន​រោងចក្រ​ជាង ៧០​កំពុង​ដំណើរការ និង​ប្រើប្រាស់​កម្មករ​សរុប​ជាង ១២.០០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។