ប៉ូលិស​ជំនាញ​កោះ​ហៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បំភ្លឺ​រឿង​បាត់​ទ្រព្យ​សម្បត្តិ

ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​កោះ​អញ្ជើញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប ឲ្យ​ទៅ​បំភ្លឺ​លើ​បណ្ដឹង​របស់​ខ្លួន​ពី​បញ្ហា​បាត់បង់​ទ្រព្យ​សម្បត្តិ​ក្នុង​ពេល​រង​អំពើ​ហិង្សា​នៅ​មុខ​រដ្ឋសភា។

លិខិត​ពី​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក សុង លី បាន​ផ្ញើ​ជូន​លោក គង់ សភា តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង ឲ្យ​ទៅ​បំភ្លឺ​ពី​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា។

លោក គង់ សភា និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​រង​អំពើ​ហិង្សា​នៅ​មុខ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ ក្នុង​ថ្ងៃ​ដដែល​ដែល​ក្រុម​អ្នក​តវ៉ា​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​ទី​១​រដ្ឋសភា។

មេធាវី សំ សុគង់ ការពារ​ក្ដី​លោក គង់ សភា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង ថ្លែង​ថា លោក​នៅ​មិន​ទាន់​ពិភាក្សា​ជាមួយ​កូន​ក្ដី​នៅ​ឡើយ​ចំពោះ​ការ​កោះ​អញ្ជើញ​នេះ ពីព្រោះ​កូន​ក្ដី​របស់​លោក​ស្ថិត​នៅ​ក្រៅ​ប្រទេស៖ «ដោយសារ​គាត់​បាន​ដាក់​បណ្ដឹង​អ៊ីចឹង​នីតិវិធី​គាត់​ត្រូវ​ឲ្យ​អ្នក​ដាក់​ពាក្យ​ទៅ​បំភ្លឺ​បន្ថែម តើ​នៅ​ក្នុង​ពាក្យ​បណ្ដឹង​គាត់​មាន​បាត់​អី​ក្រៅ​ពី​ហ្នឹង​ទៀត​អត់? គាត់​នឹង​មក​ប្រទេស​កម្ពុជា នៅ​អាទិត្យ​ក្រោយ។ គម្រោង​ដែល​គាត់​មក​នោះ​ទាន់​ពេល​វេលា​ដែល​ហៅ​ទៅ​បំភ្លឺ។ ពេល​គាត់​មក​គាត់​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ចំពោះ​បញ្ហា​នេះ​ថា តើ​គាត់​ទៅ​បំភ្លឺ ឬ​ឲ្យ​មេធាវី​ទៅ​បំភ្លឺ​ជំនួស។ ការ​ពិត​គាត់​បាន​រៀបរាប់​ក្នុង​ពាក្យ​បណ្ដឹង​ហើយ គេ​ទៅ​បញ្ជាក់​បន្ថែម​ជា​នីតិវិធី​ដើម្បី​ធ្វើ​កំណត់ហេតុ​ហើយ។ គេ​នឹង​បញ្ជូន​រឿង​ហ្នឹង​ទៅ​តុលាការ​ភ្ជាប់​នឹង​រឿង​កំពុង​នៅ​តុលាការ​រាល់​ថ្ងៃ»

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ​ទាំង​ពីរ សាលា​ដំបូង​រាជធានី​ភ្នំពេញ កំពុង​បន្ត​នីតិវិធី​ស៊ើប​អង្កេត​របស់​ខ្លួន បន្ទាប់​ពី​ឃុំ​ខ្លួន​មនុស្ស ៣​នាក់ ដែល​បាន​ចូល​ទៅ​សារភាព​ថា ខ្លួន​បាន​ប្រើ​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។