កម្លាំង នគរបាលឃ្មួញ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទបង្កអំពើហិង្សា ទៅលើមេភូមិ និងសមត្ថកិច្ច

នំពេញ៖ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ១៩ៈ៤០នាទី ពីបទប្រើអំពើហិង្សាដោយចេតនា ទៅលើមេភូមិ និងសមត្ថកិច្ច ដោយជនសង្ស័យម្នាក់នេះ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងទើបតែចេញពីពន្ធនាគារថ្មីៗ ហើយក៏ជាជនអន្ធពាលដើរអុកឡុកក្នុងភូមិ ហេតុការណ៍នេះ កើតឡើងស្ថិតនៅចំណុចដងផ្លូវ ផ្ទះលេខ៣០ ផ្លូវលេខ ២០២ ភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នគរបាលឃ្មួញ បានឲ្យដឹងថា បុរសដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ គង់ ផល្លា ហៅ ស៊ូ អាយុ ៤៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ២០២ ក្រុមទី២ ភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះទី១ ឈ្មោះ សុខ រិទី្ធ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរមេភូមិសែនសុខទី៦ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ២០២ ក្រុមទី២ ភូមិសែនសុខទីទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ជនរងគ្រោះទី២ ឈ្មោះ ដួង ផុនសង្ហា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរនគរបាល ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវ១០៣ ក្រុមទី៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនពេលកើតហេតុ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៩ ឈ្មោះ គង់ ផល្លា ហៅ ស៊ូ បានទៅទិញស្រាបៀរមួយកំប៉ុងមកផឹក  នៅលើគ្រែមុខផ្ទះ ហើយឈ្មោះ សុខ រិទ្ធី ជាមេភូមិសែនសុខទី៦ បានដើរចេញពីផ្លូវខាងមុខ មកដល់មុខផ្ទះ គង់ ផល្លា ហើយឈ្មោះ គង់ ផល្លា បានសួរពីលូទឹកស្ទះ តើពូធ្វើដូចម្តេច? ពេលនោះលោកមេភូមិនិយាយថា យើងនឹងបន្តដោះស្រាយ ចេញថ្លៃលូតាមផ្ទះរៀងៗខ្លួន តែឈ្មោះ គង់ ផល្លា បាននិយាយទៅមេភូមិថា ធ្វើមេភូមិក្តអីទេ គ្រាន់តែលូស្ទះប៉ុណ្ណឹងធ្វើមិនកើត ហើយក៏មានការឈ្លោះ ប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយឈ្មោះ គង់ ផល្លា ក៏ទាញកំណាត់ឈើមួយកង់ វាយទៅលើឈ្មោះ សុខ រិទី្ធ ជាមេភូមិ បណ្តាលឲ្យត្រូវកដៃខាងឆ្វេងរងរបួស។ បន្ទាប់ពីទទួលព័ត៌មានពី មេភូមិរួច កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសួរនាំរឿងហេតុខាងលើ ស្រាប់តែឈ្មោះ គង់ ផល្លា បានស្ទុះមកវាយកម្លាំងប្រជាការពារភូមិ និងវាយទៅលើឈ្មោះ ដួង ផុនសង្ហា បណ្តាលឲ្យត្រូវចំ កណ្តាលមុខមួយដៃជាំភ្នែកខាងឆ្វេង។

យោងតាមពាក្យបណ្តឹង របស់ឈ្មោះ សុខ រិទី្ធ និងឈ្មោះ ដួង ផុនសង្ហា និងតាមចម្លើយសារភាពរបស់ គង់ ផល្លា ហៅ ស៊ូ ពិតជាបានវាយទៅលើ ឈ្មោះទាំងពីរខាងលើប្រាកដមែន។

កម្លាំង នគរបាលឃ្មួញ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទបង្កអំពើហិង្សា ទៅលើមេភូមិ និងសមត្ថកិច្ច