កូនប្រុសច្បង​ សម្តេច​ ហ៊ុន សែន នឹងចូលរួម​ពិធីបុណ្យ​ ចូលឆ្នាំខ្មែរ​ នៅ​អាម៉េរិក​ ទោះបី​ជាមាន​ការគំរាម​ធ្វើ​បាតុកម្ម​

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរ នៅអាម៉េរិក ក្នុងទីក្រុងឡុងប៊ិច នឹងបង្កើតព្រឹត្តិការណ៍ ដង្ហែក្បួន ដើម្បីបង្ហាញពី វប្បធម៌ប្រពៃណីខ្មែរ ដល់ជាតិសាសន៍ដទៃបានដឹង និងបានស្គាល់។

ជាមួយគ្នានោះដែរ ពិធីនេះ ក៏មានការចូលរួមពី លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោហ៊ុនសែន និងអ្នកឧកញ្ញ៉ា គិត ម៉េងផងដែរ។  តាមគំរោងពិធីនេះ ក៏មានការផ្សាយផ្ទាល់ពីទឹកដីអាម៉េរិក មកកាន់ប្រទេសកម្ពុជា តាមរយៈកញ្ចក់ទូរទស្សន៍ CNC។

ក្នុងកិច្ចសំភាសន៍ជាមួយវិទ្យុបារាំង RFI កាលពីយប់ថ្ងៃទី១១មីនា លោកហ៊ុន ម៉ាណែត មានប្រសាសន៍អំពាវនាវឲ្យខ្មែរនៅអាមេរិច ទាំងគាំទ្ររដ្ឋាភិបាល និងមិនគាំទ្ររដ្ឋាភិបាល អោយស្រលាញ់គ្នាជាធ្លុងមួយ ទោះបីជាមាននិន្នាការនយោបាយខុសគ្នាក៏ដោយ។ 

ទាក់ទងទៅនឹងការព្រមានធ្វើបាតុកម្ម របស់ពលរដ្ឋមួយក្រុម នៅសហរដ្ឋអាម៉េរិក ប្រឆាំងវត្តមានលោក លោក ហ៊ុន ម៉ាណែត បានបង្ហាញជំហរ មិនរាថយទេក្នុងការចូលរួមពិធី បុណ្យប្រពៃណីជាតិដ៏ធំនេះ។ លោកហ៊ុន ម៉ាណែត បញ្ជាក់ថា “ក្រៅពីពិធីនេះ ខ្ញុំក៏មានគំរោងជួបជាមួយ ពលរដ្ឋខ្មែរនៅតាមបណ្តា រដ្ឋមួយចំនួនក៏ដូចជាយុវជន និងមន្រ្តីអាមេរិចនៅតាមបណ្តាលរដ្ឋនីមួយៗ”។

សូមជំរាបថា លោក ហ៊ុន ម៉ានី កូនប្រុសទី៣ របស់សម្តេចតេជោហ៊ុនសែន ក៏នឹងរៀបចំពិធីអង្គរសង្រ្កាន នៅក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ពិធីនេះនឹងធ្វើឡើង រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ មេសា ខាងមុខ៕