នៅថ្ងៃទី ១៥មីនា តុលាការ​ដំបូង​ នឹង​ប្រកាស​សាលក្រម​ យុវជន គង់ វ៉ៃយ៉ា

ភ្នំពេញ៖ លោក សំ សុខគង់ មេធាវីការពារក្តីឲ្យយុវជនគង់ រ៉ៃយ៉ា មានប្រសាសន៍ថា នៅវេលាម៉ោង២ រសៀលថ្ងៃទី១៥មីនា តុលាការដំបូង នឹងប្រកាសសាលក្រម ករណីគង់ រ៉ៃយ៉ា។ លោកសង្ឃឹមថា យុវជនគង់រ៉ៃយ៉ា នឹងត្រូវបានដោះលេង អោយមានសេរីភាព ដូចករណីយុវជនគំរាម សម្លាប់លោកបណ្ឌិតសុខទូច តាមបណ្តាញសង្គម។

លោកបន្តថា” ខ្ញុំតែងតែមានការសង្ឃឹមថា តុលាការគាត់នឹងពិចារណា ការអនុវត្តន៍ច្បាប់មានលក្ខណៈទន់ភ្លន់ និងទី២ត្រូវគិតពីសេរីភាព ព្រោះជាកំហុងអចេតនា មិនធ្វើអោយប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរទេ គួរតែអោយគាត់មានសេរីភាព ដើម្បីអោយយុវជនរូបនេះ ទៅចូលរួមក្នុងសង្គម និងទៅសិក្សាជៀសវៀង ការឃុំខ្លួនគាត់ ធ្វើឲ្យគាត់ បាត់បងអនាគតគាត់ ព្រោះគាត់ជាសរសរទ្រូងរបស់ជាតិមួយដែរ”។

កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ជំនុំជម្រះសំណុំរឿងយុវជនគង់ រ៉ៃយ៉ា ជាអតីតនិស្សិតសាកលវិទ្យាល័យ ខេមរៈ ដែលអំពាវនាវធ្វើបដិវត្តន៍ពណ៌ ប្រឆាំងរាជរដ្ឋាភិបាល នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

យុវជនរូបនេះឈ្មោះ គង់ រ៉ៃយ៉ា អាយុ២៦ឆ្នាំ រហស្សនាមនៅក្នុងហ្វេសប៊ុក soriya koko ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ 

បទល្មើសនេះកំណត់ការផ្តន្ទាទោសពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល ។យុវជនរូបនេះ បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកថា " តើមានអ្នកណាហ៊ានធ្វើ បដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ ដើម្បីផ្លាស់ប្តូររបបមួយនេះ ចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ "៕