មជ្ឈមណ្ឌល​ស្រាវជ្រាវ អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ គ្រោង​ភ្ញាស់កូនត្រី​ ឲ្យបាន​ចំនួន​ ៣០ ម៉ឺនកូន​ ក្នុង​ឆ្នាំ​ ២០១៦​

ព្រះសីហនុ៖ លោក ម៉ម សុខដារ៉ា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ បានប្រកាសកាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះថា មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ មានទីតាំងស្ថិត នៅភូមិ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ មានគម្រោង នឹងភ្ញាស់កូនត្រីស្ពង់សមុទ្រ ឱ្យបានចំនួន ៣០ម៉ឺនកូន នៅក្នុងឆ្នាំ២០១៦ នេះ។

លោក ម៉ម សុខដារ៉ា បានបញ្ជាក់ថា នៅដើមឆ្នាំ២០១៦នេះ មជ្ឈមណ្ឌលបានធ្វើការភ្ញាស់កូនត្រីស្ពង់ បាន  ចំនួន ពីរលើក គឺលើកទី១នៅខែមករា និងខែលើកទី២នៅខែកុម្ភៈ ក្នុងមួយលើកៗ គឺយើងយកពងត្រី ស្ពង់ ចំនួន១លានពងយកមកភ្ញាស់ស្មើនឹង ៦ខាំ (០.៦០គីឡូក្រាម) ហើយអត្រារស់របស់កូនត្រីស្ពង់រហូតដល់ ពេលចាប់យកទៅចិញ្ចឹមមានចំនួន៥ភាគរយ ការថែទាំកូនត្រីស្ពង់ គឺយើងត្រូវញែកកូនត្រីចេញពីគ្នា គឺត្រូវ ដួសកូនត្រីណាធំដាក់អាងមួយផ្សេងទៀត ព្រោះបើយើងមិនធ្វើការញែកធំដសក់ដោយធំនោះទេ គឺកូនត្រី ណាធំវាស៊ីកូនត្រីតូចអស់ជាមិនខាន។ លោកបានបន្ដថា ក្រៅពីការងារភ្ញាស់កូនត្រីស្ពង់ មជ្ឈមណ្ឌលក៏បាន ធ្វើការភ្ញាស់កូនក្តាមសេះបានចំនួនពីរលើក ស្មើនឹង១លានកន្លះពង ហើយអត្រារស់របស់ កូនក្តាមនៅមាន កម្រិតទាប គឺស្មើនឹង ១ភាគរយតែប៉ុណ្ណោះ ដោយសារតែយើងមិនទាន់បានផលិត ចំណីរស់ ដើម្បីចិញ្ចឹមកូន ក្តាមឱ្យវាធំធាត់ ហើយយើងក៏បានធ្វើការប្រលែងកូនក្តាមសេះចូល ទៅក្នុងសមុទ្រ បានចំនួនជិត១ម៉ឺនកូន ផងដែរ។ មជ្ឈមណ្ឌលក៏បានអញ្ជើញអ្នកជំនាញការភ្ញាស់ ចិញ្ចឹមកូនក្តាមសេះមកពី ប្រទេសថៃ (SEAFDEL) មកជួយបណ្តុះបណ្តាលជំនាញដល់មន្ត្រី ដើម្បីឱ្យការងារភ្ញាស់ និងថែបំប៉នកូនក្តាម សេះទទួលបានលទ្ធផល ល្អនៅពេលខាងមុខ ដើម្បីបង្កើនទិន្នផលក្តាមសេះក្នុងប្រទេសកម្ពុជាឱ្យ កាន់តែសម្បូរថែមទៀត។

លោកប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍវារីវប្បកម្មសមុទ្របានឱ្យដឹងទៀតថា ការភ្ញាស់កួនត្រី ស្ពង់មាន រយៈពេលពីរខែកន្លះ ទៅបីខែទើបចាប់យកទៅចិញ្ចឹមបាន។ ចំពោះការចិញ្ចឹមកូនត្រីស្ពង់ ក្នុងបែរ នីមួយៗ មានរយៈពេលពី៨ខែទៅមួយឆ្នាំ ត្រីវាអាចធំធាត់មានទម្ងន់ចាប់ពី៨ខាំ រហូតដក់មួយគីឡូពីរខាំ វាអាស្រ័យការ ថែទាំឱ្យចំណីបានល្អតែប៉ុណ្ណោះ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ ការចែកចាយកូនត្រីស្ពង់នៅលើទីផ្សារឱ្យប្រជាពលរដ្ឋយកទៅចិញ្ចឹម មិនទាន់បានគ្រប់តាមតម្រូវការទីផ្សារនោះទេ ព្រោះការភ្ញាស់របស់យើងនៅមានកម្រិតនៅឡើយ ហើយកូន ត្រីស្ពង់ត្រូវបានចែកចាយទៅឱ្យប្រជាពលរដ្ឋយកទៅចិញ្ចឹមនៅតាមបណ្តាខេត្តជាប់សមុទ្រ មាន ដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត។

ការចិញ្ចឹមកូនត្រីស្ពង់របស់ប្រជាពលរដ្ឋជួបបញ្ហាមួយចំនួនមានដូចជាកត្តាអាកាសធាតុ និងគុណភាពទឹក ដែលធ្វើឱ្យត្រីស្ពង់មានជំងឺ ហើយយើងក៏បានស្នើសុំ អ្នកជំនាញរបស់អង្គការ  JICA ជប៉ុន មកជួយពិនិត្យ ដើម្បីឱ្យប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមមានលទ្ធភាពចិញ្ចឹមបានទទួលទិន្នផលល្អ និងបង្កើនជីវភាពគ្រួសារ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជាផងដែរ។ តែទោះបីយ៉ាងណាក្ដីនៅខែសីហាខាងមុខនេះ មជ្ឈមណ្ឌល ស្រាវជ្រាវអភិវឌ្ឍវារីវប្បកម្មសមុទ្រ មានគម្រោងភ្ញាស់កូនត្រីតឹកកែ និងកូនត្រីផ្ទក់សមុទ្រមន្ថែមទៀត ដោយ មានជំនាញការរបស់អង្គការ JICA ជប៉ុនមកជួយភ្ញាស់ និងជួយបណ្តុះបណ្តាល ផ្នែកបច្ចេកទេសក្នុងការភ្ញាស់ កូនត្រីតឹកកែ និងកូនត្រីផ្ទក់សមុទ្រ ដល់មន្ត្រីរបស់យើងបន្ថែមទៀត។

លោក ម៉ម សុខដារ៉ា បានលើកឡើងទៀតថា មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍវារីវប្បកម្មសមុទ្រធ្វើការភ្ញាស់ កូនត្រីស្ពង់សមុទ្រមានការកើនឡើងជាបន្តបន្ទាប់ គឺនៅឆ្នាំ២០១២ ភ្ញាស់បានចំនួន ៧៩០កូន ឆ្នាំ២០១៣ ភ្ញាស់បាន ៤៧.៧៥០កូន ហើយនៅឆ្នាំ២០១៤ ភ្ញាស់កូនត្រីស្ពង់បាន១១១.៩៣៣ កូនឆ្នាំ២០១៥ ភ្ញាស់កូនត្រី ស្ពង់បាន២២ម៉ឺនកូន។ ឆ្នាំ២០១៦នេះមជ្ឈមណ្ឌលមានគម្រោងភ្ញាស់កូនត្រីស្ពង់ឱ្យបានចំនួន ៣០ម៉ឺនកូន និងឈានទៅភ្ញាស់កូនត្រីតឹកកែ និងកូនត្រីផ្ទក់ សមុទ្របន្ថែមទៀត នៅចុងឆ្នាំ២០១៦នេះ ហើយ សង្ឃឹមថា នៅឆ្នាំបន្តបន្ទាប់ការភ្ញាស់កូនត្រីសមុទ្រនឹងមានការកើនឡើងជាក់ជាមិនខានឡើយ៕