អ្នកវិភាគសង្គមមិនគាំទ្រ ឲ្យរដ្ឋសភាផ្តល់មធ្យោបាយ និងថវិកាជូនថ្នាក់ដឹកនាំតំណាងរាស្ត្រ

ភ្នំពេញ៖ អ្នកវិភាគសង្គម លោកបណ្ឌិត មាស នី លើកឡើងថា គួរតែបង្វែរមធ្យោបាយ និងប្រាក់ជាង៧០០ លានរៀន ឲ្យទៅថ្នាក់ដឹកនាំតំណាងរាស្ត្រ ទៅជួយពលរដ្ឋក្រីក្រ ដែលកំពុងជួបគ្រោះមហន្តរាយ នៅតាមបណ្តាលខេត្ត។

អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១១មីនា បានយល់ព្រមលើសេចក្តី សម្រេចស្តីពីការ រៀបចំ មធ្យោបាយការងារជូនថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភា។ រដ្ឋសភារៀបចំមធ្យោបាយការងារ ជូនថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សនយោបាយ មានអាសនៈក្នុង រដ្ឋសភា គឺប្រាក់ឧបត្ថម្ភចំនួន ៧២០ លានរៀល ក្នុងមួយឆ្នាំ។ ប្រាក់ឧបត្ថម្ភ ត្រូវចែកជាពីរ ដោយខាងគណបក្ស ប្រជាជនកម្ពុជា ទទួលបានច្រើនជាងគណបក្សសង្គ្រោះជាតិ ទៅតាមចំនួនសំឡេងអាសនៈសមាជិករដ្ឋសភា។

លោកបណ្ឌិត មាស នី បន្ថែមថា ការផ្តល់លុយនិងផ្តល់សំភារៈនេះជាកាំបិតមុខ២ និងធ្វើអោយមានការភាន់ ច្រលំក្នុងគណបក្សប្រឆាំង នឹងជម្រុញឲ្យបក្សប្រឆាំងឈ្លោះគ្នា។ តំណាងរាស្រ្តបក្សប្រឆាំង គួរបង្វែរថវិការនេះ ជាតម្រូវការរបស់ពលរដ្ឋប្រសើរជាង។ លោកមិនគាំទ្រ ចំពោះការសម្រេចរបស់រដ្ឋសភានេះឡើយ។

លោកសង្កត់ធ្ងន់ថា “រឿងសំខាន់កាលណាយើងបន្ថែមតួនាទី ឬមួយកាលណាបន្ថែមធនធានណាមួយលើស្ថាប័នណាមួយ វាត្រូវចាប់ផ្តើមពីការស្នើរសុំ នៃតម្រូវការរបស់ពីស្ថាប័ននីមួយៗ យើងមើលឃើញពីភាពមិនប្រក្រតី តាំងពីការប្រជុំដែលបានសំរេចថា ក្នុងគណបក្សមួយៗ នឹងមានជំនួយការ៩នាក់បន្ថែមទៀត ហីមានឡានមានអីនឹង ដោយរឿងនឹងយើងអត់ដឹងអំពីប្រវត្ថិពីដើមមក”។

កាលពីថ្ងៃទី១១មីនា រដ្ឋសភាក៏សម្រេចថា ប្រធានក្រុមតំណាងរាស្ត្រមតិភាគច្រើន សម្តេចសខេង នឹងទទួលបានឡានទំនើបមួយគ្រឿង។ ខាងគណបក្សសង្គ្រោះជាតិ លោក កឹមសុខា ជាប្រធានស្តីទីប្រធានក្រុមមតិភាគតិច ក៏ទទួលបានឡានទំនើបមួយគ្រឿង។ ជាមួយគ្នានោះ ក្រុមតំណាងរាស្ត្រមតិភាគច្រើន និងមតិភាគតិចនៅរដ្ឋសភា ក៏ត្រូវមានទីប្រឹក្សា និងជំនួយការម្ខាង៩រូបផងដែរ៕