បក្សនយោបាយ ទើបបង្កើត​ថ្មី-អ្នក​វិភាគ​សង្គម មិនគាំទ្រ​ចំពោះ ការសម្រេច​ប្រគល់​ឡាន​ និង​ថវិកា​ដល់​មន្រ្តីបក្ស​ ទាំង​ ២​

ភ្នំពេញ៖ ភាពខ្វែងគំនិតគ្នា ចេញពីអ្នកនយោបាយ មិនទាន់មានអាសនៈក្នុងសភា និងអ្នកវិភាគសង្គម កើតចេញបន្ទាប់ពី ប្រធានរដ្ឋសភា សម្តេចហេង សំរិន កាលពីថ្ងៃទី១១មីនា សម្រេចប្រគល់ មធ្យោបាយការងារជូនថ្នាក់ ដឹកនាំតំណាងរាស្ត្រនៃ គណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា និងប្រាក់ឧបត្ថម្ភចំនួន ៧២០ លានរៀលក្នុងមួយឆ្នាំ។  

លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលទើបបង្កើតថ្មី លើកឡើងថា នឹងតាមដានសកម្មភាព តំណាងរាស្រ្តមកពីបក្សកាន់អំណាច និងបក្សប្រឆាំង ក្រោយពីរដ្ឋសភាប្រគល់ មធ្យោបាយ និងកញ្ចប់ថវិការជាង ៧០០ លានរៀល។

លោកញឹក ប៊ុនឆៃ មានប្រសាសន៍ថា “បន្ទាប់ពីមានការសំរេចប្រគល់រួចហើយ យើងមិនទាន់ដឹងថាគេយកទៅធ្វើអ្វីទេ ប៉ុន្តែរឿងនេះយើងត្រូវតែតាមដាន បើសីនជាយកទៅ បំរើរាស្រ្តយើងគាំទ្រ តែបើប្រើទៅធ្វើអ្វីផ្សេងក្រៅពីរឿងនោះជារឿងមួយមិនល្អ”។

ចំនែកឯ គណបក្សថ្មីមួយទៀត បានរិះគន់ធ្ងន់ៗជាងលោកញឹក ប៊ុនឆៃថា ការសម្រេចប្រគល់ឡាន និងថវិកាបន្ថែម ដល់តំណាងរាស្រ្ត សភាជារឿង ខាតប្រយោជន៍ជាតិ។

លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងថា “ខ្ញុំគិតថា ដូចជាមិនផ្តល់ ប្រយោជន៍ អីធំដុំដល់សង្គមទេ ព្រោះថាការចំណាយ លុយខ្ជះខ្ជារនេះ ជាការអត់ប្រយោជន៍ទៅដល់ប្រទេសជាតិ ការចំណាយធនធាននេះ វាគួរតែប្រើប្រាស់ធ្វើទំនប់ទឹកធ្វើថ្នល់នៅតំបន់ជនបទ បានវាជួយដល់កសិករចឹង នេះបានខ្ញុំគិតថា អ្នកក្នុងរដ្ឋសភានឹងគាត់មានយានជំនិះជិះគ្រប់គ្រាន់ហើយ យើងមិនចាំបាច់ចំណាយលុយ រដ្ឋទៅជាខ្ជះខ្ជាយ បន្ថែមទៀតទេបាទ ”ទន្ទឹមជាមួយគ្នានោះដែរ អ្នកវិភាគសង្គម ក៏មិនគាំទ្រ ឲ្យរដ្ឋសភាផ្តល់មធ្យោបាយ និងថវិកាជូនថ្នាក់ដឹកនាំតំណាងរាស្ត្រ។
 
អ្នកវិភាគសង្គម លោកបណ្ឌិត មាស នី លើកឡើងថា គួរតែបង្វែរមធ្យោបាយ និងប្រាក់ជាង ៧០០លានរៀន ឲ្យទៅថ្នាក់ដឹកនាំ តំណាងរាស្ត្រ ទៅជួយពលរដ្ឋក្រីក្រ ដែលកំពុងជួបគ្រោះមហន្តរាយនៅតាមបណ្តាលខេត្ត។ ការផ្តល់លុយ និងផ្តល់សំភារៈនេះជាកាំបិតមុខ២ និងធ្វើអោយមានការភាន់ច្រលំក្នុងគណបក្សប្រឆាំង នឹងជម្រុញឲ្យបក្សប្រឆាំងឈ្លោះគ្នា។ តំណាងរាស្រ្តបក្សប្រឆាំង គួរបង្វែរថវិការនេះ ជាតម្រូវការរបស់ ពលរដ្ឋប្រសើរជាង។ លោកមិនគាំទ្រ ចំពោះការសម្រេច របស់រដ្ឋសភានេះឡើយ។

លោកសង្កត់ធ្ងន់ថា “រឿងសំខាន់កាលណា យើងបន្ថែមតួនាទី ឬមួយកាលណាបន្ថែម ធនធានណាមួយលើ ស្ថាប័នណាមួយ វាត្រូវចាប់ផ្តើមពីការស្នើរសុំ នៃតម្រូវការរបស់ពី ស្ថាប័ននីមួយៗ យើងមើលឃើញពីភាពមិនប្រក្រតី តាំងពីការប្រជុំដែលបានសំរេចថា ក្នុងគណបក្សមួយៗ នឹងមានជំនួយការ៩នាក់បន្ថែមទៀត ហីមានឡានមានអីនឹង ដោយរឿងនឹងយើងអត់ដឹង អំពីប្រវត្ថិពីដើមមក”។

រីឯលោកអ៊ូ វិរៈវិញ ហាក់បង្ហាញទស្សនៈផ្ទុយពី លោកបណ្ឌិត មាស នី បន្ថិចត្រង់ថា លោកគាំទ្រការផ្តល់កញ្ចប់ថវិកា និងជំនួយការ ប៉ុន្តែប្រឆាំងការផ្តល់ រថយន្តដល់តំណាងរាស្រ្តសភា។

ប្រធានវេទិការអនាគតកម្ពុជា លោកអ៊ូ វិរៈ  មានប្រសាសន៍ថា កញ្ចប់ថវិការដើម្បីប្រើប្រាស់សកម្មភាព ជាពិសេសដើម្បីអ្នកជំនាញ គឺត្រូវការណាស់ ដើម្បីផ្តល់ដល់មន្រ្តីសភាភាគតិច និងមន្រ្តីសភាភាគច្រើន នៅក្នុងសភា អោយមានជំនួយការច្រើន ជារឿងចាំបាច់ ប៉ុន្តែចំពោះការផ្តល់ឡាន លោកមិនគាំទ្រទេ។ មិនគាំទ្រព្រោះ លោកចាត់ទុកថា ជាការបំផ្លាញថវិការជាតិ។

ទោះបីជាយ៉ាងណានេះក៏ដោយ ភាគីទាំង២ មិនអាចត្រូវរ៉ូវគ្នាបានទេ បន្ទាប់ពីទទួលបានលាភសក្តារៈ ព្រោះជាដៃគូប្រជែងគ្នា តែលោកចង់អោយ ការប្រកួតប្រជែងខាងគំនិត និងប្រជាធិបតេយ្យច្រើនជាង។ លោកសង្ឃឹមថា អ្នកទាំង២នឹងត្រូវរ៉ូវគ្នាជារួម ដើម្បីជាតិមិនមែន ដើម្បីលុយ និងអំណាចទេ។

សូមជំរាបថា រដ្ឋសភាកាលពីថ្ងៃទី១១មីនា សម្រេចប្រគល់មធ្យោបាយការងារជូនថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភា និងប្រាក់ឧបត្ថម្ភចំនួន ៧២០ លានរៀលក្នុងមួយឆ្នាំ។ ប្រាក់ឧបត្ថម្ភ ត្រូវចែកជាពីរ ដោយខាងគណបក្សប្រជាជនកម្ពុជា ទទួលបានច្រើនជាងគណបក្សសង្គ្រោះជាតិ ទៅតាមចំនួនសំឡេងអាសនៈសមាជិករដ្ឋសភា។ រដ្ឋសភាក៏សម្រេចថា ប្រធានក្រុមតំណាងរាស្ត្រមតិភាគច្រើន សម្តេចសខេង នឹងទទួលបានឡានទំនើបមួយគ្រឿង។ ខាងគណបក្សសង្គ្រោះជាតិ លោក កឹមសុខា ជាប្រធានស្តីទីប្រធានក្រុមមតិភាគតិច ក៏ទទួលបានឡានទំនើបមួយគ្រឿង។ ជាមួយគ្នានោះ ក្រុមតំណាងរាស្ត្រ មតិភាគច្រើន និងមតិភាគតិចនៅរដ្ឋសភា ក៏ត្រូវមានទីប្រឹក្សា និងជំនួយការម្ខាង៩រូបផងដែរ៕

បក្សនយោបាយ ទើបបង្កើត​ថ្មី-អ្នក​វិភាគ​សង្គម មិនគាំទ្រ​ចំពោះ ការសម្រេច​ប្រគល់​ឡាន​ និង​ថវិកា​ដល់​មន្រ្តីបក្ស​ ទាំង​ ២​