អ្នកជំនាញប្រេស៊ីលថាប្រហែល៣ឆ្នាំទៀត​ទើបមានវ៉ាក់សាំងការពារមេរោគហ្សីកា​

អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធម្សិលមិញបានឯកភាពក្នុងពន្លឿន​បង្កើតវ៉ាក់សាំងប្រឆាំងមេរោគ​ហ្សីកាដែលគេសង្ស័យថាវាប៉ះពាល់ខ្លាំងដល់ទារក ប៉ុន្តែអ្នកជំនាញប្រស៊ីលបញ្ជាក់ថាត្រូវការ៣ឆ្នាំទៀត​ទើបបង្កើតវ៉ាក់សាំងនេះបាន។​

អ្នកជំនាញខាងសុខភាព​លោក Jorge Kalil ប្រធានវិទ្យាស្ថាន​ Butantan នៅក្នុងទីក្រុង Sao Paulo ថ្លែងអ្នកសារព័ត៌មាននៅក្នុងទីក្រុងសឺណែវថាប្រហែល៣ឆ្នាំទៀតទើបអាចបង្កើតវ៉ាក់​សាំង​ការពារមេរោគហ្សីកាបាន។ នេះ បើ​តាមសារព័ត៌មាន​ Channel News Asia។​

អ្នកជំនាញប្រេស៊ីលថាប្រហែល៣ឆ្នាំទៀត​ទើបមានវ៉ាក់សាំងការពារមេរោគហ្សីកា​(រូបភាពពី AFP)

លោក Jorge Kalil​​ គឺជាអ្នកចូលរួម​ប្រជុំក្នុងចំណោមអ្នកជំនាញសុខភាពសកលលោកនៅទីក្រុងសឺណែវតាំងពីថ្ងៃចន្ទដែលជជែកអំពីការអ្វីដែលគេស្រាវជ្រាវរកឃើញនិងការវិវត្តនៃការប្រយុទ្ធប្រឆាំង​មេរោគហ្សីកាខណៈមេរោគនេះកំពុងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាមេរិក។​

មេរោគហ្ស៊ីកាគេដឹងជា​ធម្មតា​ថាបង្កជំងឺផ្តាសាយនិង​ក្តៅរងា ប៉ុន្តែគេរកឃើញភស្តុតាងជាបន្តបន្ទាប់ថាមេរោគនេះបានធ្វើឲ្យខូចប្រព័ន្ធប្រសាទដូចជា ទារកកើតមកមានក្បាលតូចនិងប៉ះពាល់ដល់ខួរក្បាលកុមារដែលទើបកើតនៅពេលម្តាយមានផ្ទុកមេរោគនេះ។​

ថ្មីៗនេះ​ប្រធាន​អង្គការ​សុខភាព​ពិភព​លោកលោកស្រី​ Margaret Chan បានលើកឡើងពីទំនាក់ទំនង​រវាង​មេរោគហ្សីកានិងស្ថានក្បាលតូចរបស់ទារកទើបកើតដោយបញ្ជាក់ថាប៉ះពាល់ដល់ខួរក្បាលរបស់​ទារកទើបកើតដែលមិនទាន់មានថ្នាំបង្ការនៅឡើយ។​ លោកស្រីបន្ថែមថាជាការល្អគឺស្ត្រី​មានផ្ទៃពោះមិនត្រូវធ្វើដំណើរទៅកាន់តំបន់​ដែលកំពុងរាលដាលមេរោគនេះទេរហូតដល់អ្នកជំនាញរកឃើញមូលហេតុច្បាស់និងថ្នាំព្យាបាល​ជំងឺនេះ៕

ប្រភពៈ VOD