ក្រុមនិស្សិត ស្នើសុំលោក កឹម សុខា និងស្រីមុំ បង្ហាញលិខិតឆ្លងដែន ដើម្បីបញ្ជាក់ភាពស្អាតស្អំ

(ភ្នំពេញ)៖ ក្រុមនិស្សិត ដែលអះអាងថា មានសមាជិកមកពីវិទ្យាស្ថាន និងសកលវិទ្យាល័យនានាជាច្រើននាក់ បានទាមទារឲ្យកញ្ញា ខុម ចាន់ដារាទី និង លោក កឹម សុខា សមាជិកសភា និងជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បង្ហាញលិខិតឆ្លងដែនធ្វើការផ្ទៀងផ្ទាត់ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន ពាក់ព័ន្ធការទម្លាយខ្សែអាត់រឿងអាស្រូវស្នេហា កំពុងសុះសាយខ្លាំងនាពេលបច្ចុប្បន្ន។

សំណើរបស់ក្រុមនិស្សិតបានធ្វើឡើងនៅក្នុងសន្និសីទបង្ហាញលទ្ធផល នៃការផ្ទៀងផ្ទាត់ទៅលើខ្សែអាត់សំឡេងរបស់កញ្ញាស្រីមុំ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ។

ក្រុមនិស្សិត ស្នើសុំលោក កឹម សុខា និងស្រីមុំ បង្ហាញលិខិតឆ្លងដែន ដើម្បីបញ្ជាក់ភាពស្អាតស្អំ

តំណាងក្រុមនិស្សិត លោក ស្រី ចំរើន បានលើកឡើងថា តាមរយៈខ្សែអាត់សំឡេង ដែល Facebook «រឿងពិត CNRP»ទម្លាយនៅ​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានបង្ហាញថា លោក កឹម សុខា និង កញ្ញាស្រីមុំ បានណាត់គ្នាជិះយន្តហោះទៅប្រទេសថៃនៅថ្ងៃទី០១ ខែកុម្ភៈ។ ការអះអាងនៅក្នុងខ្សែអាត់សំឡេង វាដូចគ្នាទៅនឹងការអះអាងថា របស់លោក ទួន សុជាតិ ថៅកែងហាងកាត់សក់ «ខ្មែរអង្គរ» កន្លែងស្រីមុំធ្វើការ បានប្រាប់វិទ្យុអាស៊ីសេរីថា នៅថ្ងៃទី១, ២ និងទី៣ ខែកុម្ភៈ នោះ កញ្ញា ស្រី មុំ ក៏បានសុំច្បាប់សម្រាកការងារផងដែរ។ បើតាមលោក ទួន សុជាតិ ការឈប់សម្រាកនេះ ត្រូវបានស្រីស្រីមុំ ប្រាប់ថា ជាប់រវល់ទៅការបងប្អូននៅស្រុកកំណើត។

ដើម្បីបញ្ជាក់ថាការពិតយ៉ាងណានោះ លោក ស្រី ចំរើន បានលើកឡើងថា «ការពិនិត្យទៅលើលិខិតឆ្លង​ដែនរបស់លោក កឹម សុខា និង​កញ្ញា ស្រីមុំ គឺសក្ខីកម្មមួយ ដែលមិនអាចខ្វះបាន»

លោក ស្រី ចំរើន បានថ្លែងដូច្នេះ «ខ្ញុំចង់ឲ្យកញ្ញា ខុម ចាន់ដារាទី ហៅស្រីមុំ យកប៉ាស់ស្ព័រ (លិខិតឆ្លងដែន) មកបង្ហាញជាសាធារណៈ តើក្នុងលិខិតឆ្លងដែននោះ មានវាយទិដ្ឋាការចេញ-ចូល ទៅប្រទេសថៃដែរឬទេ ក្នុងចន្លោះខែពីរហ្នឹង? ដើម្បីស្វែងរកការពិតបន្ថែមទៀត សូមឲ្យឯកឧត្តម កឹម សុខា បង្ហាញប៉ាស្ព័រហ្នឹងមក។ បើប៉ាស្ព័របង្ហាញថា មានការវាយទិដ្ឋាការចេញ-ចូល ប្រទេសថៃ នៅចន្លោះខែពីរហ្នឹងមែន មានន័យថា​ កញ្ញា​បានចេញចូលជាមួយឯកឧត្តម កឹម សុខា»

សូមបញ្ជាក់ថា ខ្សែអាត់សំឡេង នៃរឿងអាស្រូវក្នុងទំនាក់ទំនងស្នេហាក្រៅផ្ទះរបស់លោក កឹម សុខា និងនារីជាច្រើនរូបទៀត ត្រូវបាន Facebook ឈ្មោះ «រឿងពិត CNRP» ទម្លាយជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦មក រហូតដល់ពេលនេះ មានខ្សែ​អាត់សំឡេងចំនួន២៦ហើយ។ ខ្សែអាត់សំឡេងទី២៦នេះ ត្រូវបានគេដាក់ចំណងជើងថា «លោក កឹម សុខា ប្រើពាក្យផ្អែមល្ហែមតាមទូរស័ព្ទបោកចិត្តស្រីស្នេហ៍ឈ្មោះ អាលីន»

បើទោះបីជាយ៉ាងណា​ខ្សែអាត់សំឡេងទាំងអស់នេះ មិនទាន់មានការបញ្ជាក់ការពិត ឬយ៉ាងណា ពីលោក កឹម សុខា នោះឡើយ ខណៈ​ដែលនារីម្នាក់​ក្នុងចំណោមនារីជាច្រើននាក់ ដែលលេចឮក្នុងខ្សែ​អាត់សំឡេង គឺកញ្ញា ស្រីមុំ បានចេញមុខបដិសេធថា មិនជាប់ពាក់ព័ន្ធស្នេហា​​​ជាមួយលោក កឹម សុខា នោះឡើយ។ បើទោះបដិសេធគ្មាន​ទំនាក់ទំនងស្នេហា តែស្រីមុំ ទទួលស្គាល់ថា កញ្ញាបានស្គាល់ លោក កឹម សុខា ធ្លាប់កាត់ក្រចក លាបថ្នាំសក់ ហើយលោក កឹម សុខា បានយកលេខទូរស័ព្ទរបស់កញ្ញាពីថៅកែ​ហាងកាត់សក់​ និងធ្លាប់ទូរស័ព្ទទៅរកកញ្ញា ផងដែរ។

ប្រសិនការពិតដូចជាខ្សែអាត់សំឡេង ដែលបានទម្លាយមែននោះ លោក កឹម សុខា នឹងត្រូវក្លាយជាតំណាងរាស្រ្តមួយរូប បានធ្វើឲ្យ​ប៉ះពាល់ធ្ងន់ធ្ងរទៅដល់ភាពថ្លៃថ្នូរ និងក្រមសីលធម៌របស់ប្រទេសជាតិ​ ជាពិសេសលោក បានប្រព្រឹត្តខុសទៅនឹងច្បាប់ឯកព័ន្ធភាព ​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា បុរស-នារី ត្រូវមានប្រពន្ធមួយ ប្តីមួយ។

មាត្រា៧ នៃច្បាប់ឯកព័ន្ធភាព បានចែងថា បុរស-ស្រ្តី នឹងត្រូវចោទថា «ផិត» នៅពេលបុរស ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្រ្តីដទៃ ឬស្រ្តី​ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយ​​បុរសដទៃ។

មាត្រា៩ បានកំណត់ថា ជនដែលប្រព្រឹត្តល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ដល់១លានរៀល៕

ប្រភពៈ freshnewsasia