ដំណើរ​ចុះ​សួរសុខទុក្ខ​កងទ័ព​សមរភូមិ​មុខ​ទិស​ទី​៣​របស់​ខេត្ត​សម្ព័ន្ធមេត្រីភាព

ដំណើរ​ចុះ​សួរសុខទុក្ខ​កងទ័ព​សមរភូមិ​មុខ​ទិស​ទី​៣​របស់​ខេត្ត​សម្ព័ន្ធមេត្រីភាព



សៀមរាប ៖ នៅ​ចុង​សប្តាហ៍​ថ្ងៃទី១២ ខែមីនា ឆ្នាំ​២០១៦​នេះ លោក​បណ្ឌិត​ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក​នូ​ផល្លា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត និង​នាំ​យក​នូវ​គ្រឿង​ឧបភោគ​បរិភោគ ដែល​ជា​អំណោយ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប  ជូន​ដល់​នាយទាហាន ពលទាហាន​កងពលតូច​អន្តរាគមន៍​លេខ​៥​នៃ​កងពលធំ​អន្តរាគមន៍​លេខ​២ ឈរជើង​នៅ​ភូមិ​ពោធិ៍​ចាស់​ឃុំ​បេង​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​សមរភូមិ​មុខ​ទិស​ទី​៣ នៃ​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ ដែល​អមដំណើរ​ដោយ​ឯកឧត្តម លោក​ឧកញ៉ា​លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន​អង្គភាព​មន្ត្រីរាជការ ក្នុងនាម​ជា​ខេត្ត​សម្ព័ន្ធមេត្រីភាព​ជាមួយ​ក​ង​ពល​តូច​អន្តរាគមន៍​លេខ​៥។

ក្នុង​កិច្ច​ស្វាគមន៍​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សំរឹទ្ធ សារ៉េត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៥ បាន​ធ្វើ​សេចក្តី​រាយការណ៍​អំពី​សភាពការណ៍​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​មាន​សភាព​ស្ងប់ស្ងាត់​ល្អ​ប៉ុន្តែ​កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ​នៅតែ​បន្ត​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ដើម្បី​ត្រៀមលក្ខណៈ​ទប់ទល់​ទៅ​នឹង​ល្បិចកល​គ្រប់​រូបភាព​របស់​បច្ចាមិត្ត​ដែល​មាន​បំណង​ចង់​ឈ្លានពាន​បូរណភាព​ទឹកដី​របស់​កម្ពុជា​។

ម្យ៉ាងទៀត​លើ​ភារកិច្ច​ថែរក្សា​សន្តិសុខ កងពលតូច​អន្តរាគមន៍​លេខ​៥​បាន​យកចិត្តទុកដាក់​ប្រើប្រាស់​កម្លាំង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​សកម្មភាព​ការពារ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​កម្មវិធី​នានា​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផង​ដែរ។

ក្នុង​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សំរឹទ្ធ សារ៉េត ក៏បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ គណៈប្រតិភូ​ខេត្តសៀមរាប ដែល​ជា​ខេត្ត​សម្ព័ន្ធមេត្រីភាព ដោយ​កន្លងមក​បានធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​បានល្អ ព្រមទាំង​បានធ្វើការ​ផ្គត់ផ្គង់ ឧបត្ថម្ភ​គាំទ្រ ក្នុង​ការ​កសាង​ទីតាំង​អង្គភាព​ផងដែរ។

មានប្រសាសន៍​សំណេះសំណាល​ជាមួយ​នាយទាហាន និង ពលទាហាន​នា​ឱកាស​នោះ​លោក​បណ្ឌិត​ឃឹម ប៊ុន​សុង ក៏បាន​បញ្ជាក់ថា កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​យកចិត្ត​គិត​គួរ​ចំពោះ​សុខភាព និង ជីវភាព​រស់នៅ​របស់​បងប្អូន​កងយោធពល​ខេមរភូមិន្ទ ឈរជើង​នៅ​សមរភូមិ​មុខ និង ក្រុម​គ្រួសារ​ទ័ព​នៅ​តំបន់​ទិស​ទី​៣ នៃ​យោធភូមិភាគ​ទី​៤ ក៏​ដូច​កងកម្លាំងប្រដាប់អាវុធ​ការពារ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​។ លោក​បណ្ឌិត​ក៏បាន​ធ្វើការ​ក្រើនរំលឹក ដល់​នាយទាហាន ពលទាហាន​ទាំងអស់ ដោយបាន​បញ្ជាក់​ថា ទោះបី​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ មាន​សភាព​ស្ងប់ស្ងាត់ យ៉ាងណាក៏ដោយ បងប្អូន​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​ហ្វឹកហាត់​ឲ្យ​បានជា​ប្រចាំ នូវ​យុទ្ធវិធី​យុទ្ធសាស្ត្រ​របស់​កងទ័ព​ហើយ​បងប្អូន​ទាំងអស់​ត្រូវ​ត្រៀមលក្ខណៈ​នៅ​គ្រប់​វិនាទី ក្នុង​ការ​ជួយ​អន្តរាគមន៍​នូវ​ពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង។

លោក​ក៏បាន​លើក​ឡើង​ថា​ ក្រោម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ដែល​បាន​បំផុស​ឲ្យ​មាន​ចលនា​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​សមរភូមិ​ក្រោយ​និង​មួយ​សមរភូមិ​មុខ​ក្នុង​កាលៈទេសៈ​មួយ   ដូចដែល​ពាក្យស្លោក​បូរាណ​ខ្មែរ​បាន​ពោល​ថា ​ធ្វើស្រែ​នឹង​ទឹក​ធ្វើសឹក​នឹង​បាយ ដើម្បី​ពង្រឹង​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន។

លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​ក៏បាន​លើក​ពី​វីរភាព​អង់អាច​ក្លាហាន លះបង់​អ្វីៗ​គ្រប់បែបយ៉ាង រួម​ទាំង​ជីវិត​និង​សេចក្តី​សុខ​ផ្ទាល់ខ្លួន ដើម្បី​ជាតិ និង​បូរណភាព​ដែនដី​នៃ​មាតុភូមិ នៅ​តែ​មាន​តម្លៃ​ជា​ដរាប សម្រាប់​បុព្វហេតុ​បំរើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល លើ​ទស្សនវិស័យ ធ្វើ​ឲ្យ​សមរភូមិ​ប្រយុទ្ធ​នៅ​ព្រំដែន បាន​ក្លាយជា​តំបន់​ព្រំដែន​សន្តិភាព កិច្ច​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍន៍។

លោក​បណ្ឌិត ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​កងកម្លាំង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​បញ្ហា​សុខភាព អនាម័យ និង ធ្វើការ​កសាង ជំរក​ក្នុង​អង្គភាព ព្រមទាំង​ធ្វើការ ដាំ​ដុះ​ដំណាំ​បន្លែ​បង្ការ និង ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​កងទ័ព​ក្នុង​អង្គភាព និង គ្រួសារ​កងទ័ព ជាពិសេស​លើ​ការគ្រប់គ្រង និង ថែរក្សា​នូវ​គ្រឿង​បំពាក់​សម្ភារៈ​កងទ័ព​ឲ្យ​បាន​ល្អ ក្នុង​ការ​ទ្រទ្រង់​នៅពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង ព្រមទាំង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព សំដៅ​ឆ្ពោះទៅ​ការអភិវឌ្ឍន៍​រីកចម្រើន​ជូន​ដល់​ប្រជាជន ឲ្យ​ដល់ត្រើយ​សុភ​មង្គល​តទៅ​ថ្ងៃ​អនាគត​។

លោក​បណ្ឌិត​ឃឹម​ប៊ុន​សុង​ ក៏បាន​លើក​ឡើង​ថា ​ក្នុង​ឱកាស​ប្រជាជន​កម្ពុជា ទទួល​អំណរ​សាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាងមុខ​ក្នុងនាម​ខេត្ត​សម្ព័ន្ធមេត្រីភាព នឹង​កងពលតូច​អន្តរាគមន៍​លេខ​៥ គណៈ​អភិបាលខេត្ត​សៀមរាប ក៏បាន​នាំ​យក​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ ចំនួន ១៨​មុខ និង ប្រេងម៉ាស៊ូត ១​ពាន់​លីត្រ​,​ស័ង្កសី ៥០០​សន្លឹក ,​តង់​០១​ផ្ទាំង ,​ពុយ​ដាក់​ប្រេង​៥​និង ថវិកា ១០​លាន​រៀល និង​ចែក​ជូន​កងទ័ព​ម្នាក់ៗ​៤​ម៉ឺន​រៀល​ព្រមទាំង​ឧបត្ថម្ភ​ដល់​កងពលធំ​អន្តរាគមន៍​លេខ​២​នូវ​ស្រា​បៀរ​៥០​កេស​ថវិកា​៥​លាន​រៀល​ផងដែរ៕

ដំណើរ​ចុះ​សួរសុខទុក្ខ​កងទ័ព​សមរភូមិ​មុខ​ទិស​ទី​៣​របស់​ខេត្ត​សម្ព័ន្ធមេត្រីភាព ដំណើរ​ចុះ​សួរសុខទុក្ខ​កងទ័ព​សមរភូមិ​មុខ​ទិស​ទី​៣​របស់​ខេត្ត​សម្ព័ន្ធមេត្រីភាព ដំណើរ​ចុះ​សួរសុខទុក្ខ​កងទ័ព​សមរភូមិ​មុខ​ទិស​ទី​៣​របស់​ខេត្ត​សម្ព័ន្ធមេត្រីភាព