យុវជន​ម្នាក់​ត្រូវ​គ្រាប់កង់​ចំ​ដោះ​ខាង​ឆ្វេង សង្ស័យ​គ្រាប់កាំភ្លើង​ខ្យល់

យុវជន​ម្នាក់​ត្រូវ​គ្រាប់កង់​ចំ​ដោះ​ខាង​ឆ្វេង សង្ស័យ​គ្រាប់កាំភ្លើង​ខ្យល់



ប៉ៃលិន ​៖ យុវជន​ម្នាក់​ដែលជា​កម្មករ​ស៊ី​ឈ្នួល​ដក​ដំឡូង​មី​ឲ្យ​គេ បាន​ដើរចូល​ទៅ​ក្នុង​ចំការ​ស្វាយ​ចាន់ទី រួច​ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​មួយ​គ្រាប់ ចំ​ខាងលើ​ដោះ​ខាង​ឆ្វេង បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ កាលពី​វេលា​ម៉ោង​០៤​និង​២០​នាទី​រសៀល ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ចំការ​ស្វាយ​ចាន់ទី ភូមិ​ថ្នល់កែង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

យុវជន​រងគ្រោះ​ឈ្មោះ វ៉ា​យ ណែ​ត អាយុ​១៨​ឆ្នាំ ជា​កម្មករ របួស​ចំ​ខាងលើ​ដោះ​ខាង​ឆ្វេ​ង រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​អ្នក​ដែល​បាញ់​គ្រាប់​ត្រូវ​ជនរងគ្រោះ មិន​ត្រូវបាន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ។

ប្រភព​ព័ត៌មាន​ពី​យុវជន​រងគ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ យុវជន​រងគ្រោះ បាន​មក​ជួយ​ដក​ដំឡូង​មី​ម្ដាយ​ក្នុង​ចម្ការ​ដែល​ខ្លួន​ធ្វើការ នៅ​ក្បែរ​ចម្ការ​ស្វាយ​ចាន់ទី មាន​ចំងាយ​២០​ម៉ែត្រ លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ យុវជន​រងគ្រោះ​បាន​ដើរទៅ​បត់ជើង​នៅ​ចម្ការ​ស្វាយ​ចាន់​ទីមួយ​នោះ  ក្រោយមក​ក៏​ត្រឡប់​មក​ចម្ការ​ខ្លួន​វិញ។ ប្រភព​ព័ត៌មាន​បន្ត​ថា ដើរ​បាន​ពីរ​ទៅ​បី​ជំហាន ស្រាប់តែ​លឺ​សូ សំឡេង​ស្រែក​ថា ដើរចូល​ធ្វើ​អ្វី លាយ​និង​គ្រាប់កង់​មូល​ក្នុង​សាច់​១​គ្រាប់ ចំ​ខាងលើ​ដោះ​ឆ្វេង​ដៃ បណ្ដាល​ឲ្យ​ហូរឈាម​ចុក រួច​រត់​ស្រែក​ឱ្យ​បងប្អូន និង​ម្តាយ​ជួយ​ដឹក​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​ព្យាបាល។

ប្រភព​ពី​គ្រូពេទ្យ​ជំនាញ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ពេល​ជនរងគ្រោះ​ដឹក​មកដល់​ក្នុង​ពេទ្យ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជួយ​យក​ជនរងគ្រោះ​ចូល​ទៅ​កន្លែង​វះកាត់​ត្រួតពិនិត្យ​ហើយ ដោយ​យក​យុវជន​រងគ្រោះ​ទៅ​ថត​មើល​គ្រាប់​ដែល​បៀម​នៅក្នុង​សាច់​។ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​បន្ត​ថា ក្រោយពី​ថត​មើល​រួច​គ្រូពេទ្យ​បាន​ប្រាប់ ក្រុម​គ្រួសារ​ជនរងគ្រោះ​ថា មាន​គ្រាប់កង់​មូល​ចូលក្នុង​សាច់​ជម្រៅ​ជាង​៥​ហ៊ុន ក្រោយពី​ថត​ឃើញ​គ្រាប់កង់​មូល គ្រួ​ពេទ្យ​ជំនាញ​បានតែ​លាង​និង​រុំ​មុខរបួស​ឲ្យ គ្រូពេទ្យ​មិន​ហាន​វះកាត់​ទេ ពីព្រោះ​នៅ​កន្លែង​វះកាត់​ពេទ្យ​ខេត្ត​ខ្វះ​សម្ភារៈ មានតែ​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ពេទ្យ​ខេត្តបាត់ដំបង៕