លោក​ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​សម្ពោធ​ម​ជ្ឈ​ម​ណ្ឌ​ល​យុវជន​ខេត្តកំពង់ធំ

លោក​ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​សម្ពោធ​ម​ជ្ឈ​ម​ណ្ឌ​ល​យុវជន​ខេត្តកំពង់ធំ



កំពង់ធំ ៖ ម​ជ្ឈ​ម​ណ្ឌ​ល​យុវជន​ខេត្តកំពង់ធំ ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ដោយមាន​ការចូលរួម ពី​សំណាក់​ឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​មិនា ឆ្នាំ ២០១៦។

លោក​ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​មាន​ប្រសា​ស​ន៍​ថា កម្លាំង​យុវជន គឺជា​ធនធាន​ដ៏​មាន​សារៈសំខាន់​ណាស់ មានតម្លៃ​បំផុត មិនអាច​កាត់ថ្លៃ​បាន ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ វប្បធម៌​សង្គម និង​ថែរក្សា​នូវ​សន្តិភាព​របស់​ប្រទេស។

លោក​រដ្ឋលេខាធិការ​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​មជ្ឈមណ្ឌល​យុវជន ខេត្ត ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ស្តាប់​របាយ​ការ​ណ៍​សង្ខេប​របស់​លោក អ៊ុត សំអន អភិបាលខេត្ត កំពង់ធំ ហើយ​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក Lars-Ake’ Svenson តំណាង​ស្ថានទូត​នៃ​សាធារណរដ្ឋ​ស៊ុយអែត  មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង​យុវជន​ចំនួន​ជាង​៣០០​នាក់។

គោលបំណង​នៃ​ការរៀបចំ​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​គឺ​ដើម្បី​ផ្តល់​ព័ត៌មាន តម្រូវការ​ទីផ្សារ​ការងារ​រវាង​អ្នកផ្គត់ផ្គង់​ការងារ​ជា​និយោជិក និង​អ្នក​ស្វែង​រក​ការងារ​ធ្វើ ជា​យុវជន ដើម្បី​បង្ខិត​ចូលគ្នា​រវាង​គម្លាត​ភាព​នៃ​វិស័យ​អប់រំ ជាមួយ​តម្រូវការ​ទីផ្សារ​ការងារ នា​ពេល​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា នឹង​ចូលរួម​ចំណែក​ប​ញ្ហា​ប្រឈម​នៅក្នុង​សហគមន៍ ហើយ​ជួយ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​យុវជន មូលហេតុ​ទាំងអស់​នេះ បណ្តាល​មក​ពី​កង្វះ​ព័ត៌មាន ខ្វះ​ចំណេះដឹង ខ្វះ​បទពិសោធន៍ ហើយ​និង​ខ្វះ​ទំនាក់ទំនង​ល្អ​រវាង​យុវជន​ដែល​គ្មាន​បទពិសោធន៍​ការងារ​ពីមុន​មក​ជាមួយ​អង្គភាព ឬ​មន្ទីរ​ពាក់ព័ន្ធ​នានា ហើយ​ការបង្កើត​ម​ជ្ឈ​ម​ណ្ឌ​ល​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សា​ការងារ ធ្វើ​ឲ្យ​ពួកគេ​មានឱកាស​ជួបជុំគ្នា​ស្វែងរក​បទពិសោធន៍​ការងារ និង​រក​ការងារ​ធ្វើ។

ដើម្បី​កសាង​នូវ​ធនធានមនុស្ស រាជរដ្ឋាភិបាល​បាន​បង្កើត​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​ប្រមូល​កម្លាំង​ទាំងអស់​ឲ្យ​ចូល​រួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​យុវជន ទទួល​បាន​ការអប់រំ​ការងារ សេវាកម្ម ហើយ​ក៏បាន​បើកឱកាស​ឲ្យ​យុវជន​អាច​ចូល​រួម​ចំណែក​ក្នុង​បរិបទ​ទូលំទូលាយ​ក្នុង​ការ​អភិវឌ្ឍ​ន៍​ប្រទេសជាតិ​របស់​យើង៕

លោក​ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​សម្ពោធ​ម​ជ្ឈ​ម​ណ្ឌ​ល​យុវជន​ខេត្តកំពង់ធំ លោក​ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​សម្ពោធ​ម​ជ្ឈ​ម​ណ្ឌ​ល​យុវជន​ខេត្តកំពង់ធំ