ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ​ទាមទារ​ឲ្យ​លោក​សម រង្ស៊ី សុំទោស​ជា​សាធារណៈ​រឿង​បង្ហោះ​ព័ត៌មាន​មិន​ពិត

ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ​ទាមទារ​ឲ្យ​លោក​សម រង្ស៊ី សុំទោស​ជា​សាធារណៈ​រឿង​បង្ហោះ​ព័ត៌មាន​មិន​ពិត



ភ្នំពេញ ​៖​ សមាជិក​នៃ​ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ​នៅ​ទូទាំងប្រទេស ដែល​ពេញចិត្ត​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ទាមទារ​ឲ្យ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សូមទោស​ជា​សាធារណៈ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្រៅ​ប្រទេស ដែល​បាន​សរសេរ​មួលបង្កាច់​ខុសពី​ការពិត។

ការទាមទារ​ឲ្យ​សុំទោស​នេះ គឺ​បន្ទាប់ពី​លោក​សម រង្ស៊ី បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ ថា រកឃើញ​ពី like ក្លែងក្លាយ​លើ​ទំព័រ​បណ្តាញ​សង្គម Facebook របស់​សម្តេច ហ៊ុន សែន។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សម្ព័ន្ធ​យុវជន​សេនា​នាគ ចុះ​ថ្ងៃទី​១១ ខែមីនា បាន​ឲ្យ​ដឹងថា ក្រោយពី​បានឃើញ​ការ​បង្ហោះ​លើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់លោក​សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ ដោយ​សរសេរថា “​រកឃើញ​ពី likes ក្លែងក្លាយ​លើ​ទំព័រ​បណ្តាញ​សង្គម Facebook របស់​ហ៊ុន សែន​” ហើយ​ក្នុងនោះ​លោក​សម រង្ស៊ី ក៏បាន​ប្រើពាក្យ​ប្រកបដោយ​ភាពខ្វះ​ការយល់ដឹង គ្មាន​សីលធម៌ ប្រមាថ​មាក់ងាយ​កិត្តិយស​ចំពោះ​ប្រជាពលរដ្ឋ រួមមាន​ព្រះសង្ឃ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ សិស្ស និស្សិត បញ្ញវន្ត ដែល​បាន​ចូលទៅ likes ក្នុង​ទំព័រ​បណ្តាញ​សង្គម (Pape Facebook) របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយបាន​សរសេរថា បានមកពី​ការទិញ ជួល​មនុស្ស​ក្រីក្រ អត់​ការងារ​ការងារ​ធ្វើ សិប្បនិម្មិត ក្លែងបន្លំ​។

សេចក្តីថ្លែងការណ៍​របស់​ក្រុម​សម្ព័ន្ធ​យុវជន​បានលើកឡើង​ទៀតថា សំណេរ​ប្រកបដោយ​ភាព​អកុសល និង​អវិជ្ជា ខ្វះ​សេចក្តីថ្លៃថ្នូរ គ្មាន​ការទទួលខុសត្រូវ​ប្រមាថ​មាក់ងាយ​ប្រជាពលរដ្ឋ សង្គមជាតិ​ទាំងមូល​បែបនេះ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​ជាទីគោរព ស្រឡាញ់ អាណិត ពេញចិត្ត ជឿទុកចិត្ត ដើម្បី​បន្ត​រក្សា​នូវ​ឯករាជ្យ សុខ​សន្តិសុខ ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម ឲ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​តរៀង​ទៅ។

ក្រុមយុវជន​សម្ព័ន្ធ​សេនា​នាគ នៅ​ទូទាំងប្រទេស​ ដែល​បាន​គោរព ស្រឡាញ់ អាណិត​ចូលចិត្ត like និង​បាន​គាំទ្រ​យ៉ាង​ស្មោះត្រង់​ស្ម័គ្រ​ពិតប្រាកដ​ប្រកបដោយ​ភក្តីភាព​នូវ​ទំព័រ​បណ្តាញ​សង្គម Pape Facebook របស់​សម្តេច​អគ្គមហាសេនាបតី​ត​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា Pape Facebook ដ៏​មាន​ប្រជាប្រិយភាព​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​​​ក្នុងពេល​បច្ចុប្បន្ន​នៅ​កម្ពុជា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​​​ក្នុង និង​ក្រៅប្រទេស​នោះ ហើយ​ជា​ភស្តុតាង​មិនអាច​ប្រកែក​បាន​នោះ គេហទំព័រ​បណ្តាញ​សង្គម Pape Facebook របស់​សម្តេច​​​តេ​ជោ ហ៊ុន សែន មាន​អ្នក​ចូលចិត្ត (likes) គាំទ្រ​រហូតដល់​ទៅជា​ង ៣​លាន​នាក់​លើស (​ឈ្នះ​) លោក​សម រង្ស៊ី ដែល​ពូកែ​តែ​ខាង​សន្យា​ខ្យល់ ផ្ទុយ​ពី​ការពិត និង​ចូលចិត្ត​ប្រើប្រាស់​នយោបាយ​ប្រជាភិថុតិ​បោកប្រាស់​យ៉ាង​ច្រើន​លើសលប់ ហើយ​សមាជិក​យុវជន​សម្ព័ន្ធ​សេនា​នាគ មិន​អាច​ទទួល​យក​បាន និង​សូម​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​ពាក្យ​សម្ដី និង​សំណេរ​ប្រកបដោយ​ភាព​អវិជ្ជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ មាក់ងាយ​ប្រជាពលរដ្ឋ និង​សង្គម​ខ្មែរ​ទាំងមូល ដែល​មាន​សិទ្ធិ​ពេញលេញ​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ។

ជាមួយ​គ្នា​នេះ ក្រុម​យុវជន​សម្ព័ន្ធ​សេនា​នាគ ក៏បាន​ទាមទារ​ឲ្យ​លោក​សម​​ រង្ស៊ី ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​បាន​ចូល​likes គេហទំព័រ​បណ្តាញ​សង្គម (Pape Facebook) របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ដាច់ខាត។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ លោក សម រង្ស៊ី បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា បាន​រកឃើញ​ពី​ការ​ចុច Likes ក្លែងក្លាយ លើ​ទំព័រ Facebook របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​អះអាងថា មាន​មានការ​ធ្លាយ​ព័ត៌មាន​មួយ តាមរយៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ស្តីអំពី Likes (​មតិ​ចូលចិត្ត​) ក្លែងក្លាយ លើ​ទំព័រ Facebook របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ការ​ចុច Likes មួយចំនួនធំ គឺ​បានមកពី​ការទិញ ឬ​ជួល​មនុស្ស​ក្រីក្រ ដែល​អត់​ការងារ​ធ្វើ ឲ្យ​បង្កើត Accounts (​គណនី​) Facebook ក្លែងក្លាយ ដើម្បី​ផ្តល់ Likes សិប្បនិម្មិត ក្លែងបន្លំ ហើយ​អ្នក​ដែល​គេ​ជួល​ឲ្យ​ធ្វើបែបនេះ មាន​ចំនួន​ច្រើនជាងគេ នៅ​ប្រទេស​ឥណ្ឌា និង​ប្រទេស​ហ្វីលីពីន៕