បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្តកំពង់ឆ្នាំង នៅតែ​បន្ត​រាលដាល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​

បទល្មើស​ជួញដូរ​ចែកចាយ​គ្រឿងញៀន​នៅតាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​វិធានការ​បង្ក្រាប​របស់​ស​ម​ត្ថ​កិច្ច​ពុំមាន​ប្រសិទ្ធភាព​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់ថា លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង និង​លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ពុំមាន​សមត្ថភាព​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ​នោះទេ​។ មិនមែន​តែ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ទេ ដែល​បទល្មើស​គ្រឿងញៀន​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច គឺ​នៅ​ស្រុក​បរិបូរណ៍ និង​ស្រុក​មួយចំនួនទៀត ក៏​បទល្មើស​គ្រឿងញៀន​កើតឡើង​ដែរ​។

កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៦ ជនសង្ស័យ​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់ ព្រមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​គ្រឿងញៀន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង បង្ក្រាប​នៅក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ខ្សា​ម គាំទ្រ​ទៅលើ​ចំណាត់ការ​របស់​សមត្ថ​កិច្ច ព្រោះ​ជនសង្ស័យ​ទាំងនោះ​ធ្វើ​សកម្ម​ភាពជា​យូរ​មកហើយ​។ សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ធំ និង​ថ្នាំញៀន​ប្រភេទ​WY៧​គ្រាប់ ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត​ដូចជា ម៉ូតូ និង​ទូរស័ព្ទដៃ​ជាដើម​។

ប្រជាពលរដ្ឋ​តាម​សង្កាត់​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង ជាពិសេស​នៅ​សង្កាត់​ខ្សា​ម និង​សង្កាត់​ផ្សារឆ្នាំង បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ក្រៅពី​បទល្មើស​គ្រឿងញៀន គឺ​អំពើចោរកម្ម​លួច​ឆក់​ប្លន់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ពុំមាន​ការថយចុះ​នោះទេ​។ លើស​នៅ​ទៅទៀត​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា កន្ទុយលេខ បៀ​អាប៉ោង និង​បញ្ជល់មាន់​ជាដើម នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ​ដោយ​ពុំមាន​សមត្ថកិច្ច​ណា​យកចិត្តទុកដាក់​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ មហាជន​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​រិះគន់​ចំៗ​ថា​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ពុំមាន​សមត្ថភាព​ពង្រឹង​សន្តិសុខ​សង្គម​ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ការរស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ឡើយ​។ ផ្ទុយទៅវិញ​លោក ប្រាក់ វុ​ឌ្ឍី មាន​ជំងឺ​ខាង​ប្រើប្រាស់​កម្លាំង​ក្រោម​ឱវាទ​ការពារ​ផលប្រយោជន៍​អ្នកស្រី ជា ខេង ដែលជា​មេចោរ​ប្លន់​ដី​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​៕

ប្រាក់-វុឌ្ឍីលោក ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង
WAT-09037 WAT-09036